មន្ត្រីជាន់ខ្ពស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បេីក «កម្មវិធីបណ្តុះបណ្តាលគ្រូបង្គោល ស្តីពីកិច្ចការពារទិន្នន័យបុគ្គល»
24-02-2026 21:29
(សៀមរាប)៖ នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៦ លោក គង់ ផល្លៈ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) បានអញ្ជេីញជាអធិបតីបេីក “កម្មវិធីបណ្តុះបណ្តាលគ្រូបង្គោលស្តីពីកិច្ចការពារទិន្នន័យបុគ្គល” ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៦ នៅសណ្ឋាគារខេមរាអង្គរ និងស្ប៉ា ខេត្តសៀមរាប។
កម្មវិធីបណ្តុះបណ្តាលគ្រូបង្គោលនេះសហការរៀបចំដោយ ក.ប.ទ. និងសាកលវិទ្យាល័យជាតិគ្រប់គ្រង ក្រោមការគាំទ្រពីគម្រោង EU-German GATE ដែលមានអ្នកចូលរួមមកពី នាយកដ្ឋាននីតិកម្មនៃ ក.ប.ទ. និយ័តករទូរគមនាគមន៍កម្ពុជា សាស្រ្តាចារ្យ បុគ្គលិក និងនិស្សិតនៃសាកលវិទ្យាល័យជាតិគ្រប់គ្រង ព្រមទាំងអ្នកតំណាង គម្រោង EU-German GATE សរុបចំនួន៣០ នាក់។
ជាមួយគ្នានេះ លោករដ្ឋលេខាធិការ គង់ ផល្លៈ បានថ្លែងសុន្ទរកថាគន្លឹះពាក់ព័ន្ធនឹងសារៈសំខាន់នៃច្បាប់ស្តីពីកិច្ចការពារទិន្នន័យបុគ្គល និងការកសាង “ទំនុកចិត្ត (TRUST)” ដែលជាមូលដ្ឋានគ្រឹះនៃអនាគតឌីជីថលនិងសង្គមឌីជីថលរបស់កម្ពុជា។ ឯកឧត្តមរដ្ឋលេខាធិការក៏បានពន្យល់អំពីអត្ថន័យ នៃពាក្យ“ទំនុកចិត្ត (TRUST)” ដែលជាពាក្យត្រូវចងចាំក្រោយបញ្ចប់វគ្គសិក្សា៖ ១) បម្លែងច្បាប់ស្តីពីកិច្ចការពារទិន្នន័យទៅជាការអនុវត្តជាក់ស្តែង (T–Translate Personal Data Protection Law into Practice) ២) ពង្រឹងតួនាទីស្ថាប័នក្នុងការបញ្ជ្រាបការយល់ដឹងអំពីច្បាប់ស្តីពីកិច្ចការពារទិន្នន័យ (R–Reinforce Institutional Roles related to the Awareness of the Personal Data Protection law) ៣) យល់ដឹងអំពីអភិបាលកិច្ចហានិភ័យទិន្នន័យបុគ្គល ( U–Understand Personal Data Risk-Based Governance) ៤) ការបង្កើនចំណេះដឹងនិងបណ្តុះអ្នកបន្តវេនដើម្បីបន្តចែករំលែកចំណេះដឹងទៅកាន់ស្ថាប័នផ្សេងទៀត (S–Sustain Knowledge through Training Multipliers ) និង ៥) បម្លែងវប្បធម៌ឌីជីថលឱ្យក្លាយជាចលនាជាតិប្រកបដោយទំនួលខុសត្រូវ សុចរិតភាព និងទំនុកចិត្ត ក្នុងកិច្ចការពារទិន្នន័យបុគ្គល (T–Transform digital culture into a national movement grounded in accountability, integrity, and trust for the protection of personal data)៕





