FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

វិភាគអន្តរជាតិ៖ ខួប៤ឆ្នាំនៃសង្រ្គាមអ៊ុយក្រែន៖ ជីវិតមនុស្ស ទឹកដី និងលុយ

24-02-2026 20:51

(កៀវ)៖ វាគឺជាសង្រ្គាមធំជាងគេបំផុតនៅលើទឹកដីអឺរ៉ុប និងជាសង្រ្គាមដ៏សាហាវរបស់រុស្ស៉ីចាប់តាំងពីសង្រ្គាមលោកលើកទី២មក។ នោះគឺសង្រ្គាមអ៊ុយក្រែនដែលបានឈានចូលគម្រប់ ៤ឆ្នាំ នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦ បន្ទាប់ពីប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន បញ្ជាឱ្យកងទ័ពរុស្ស៉ីវាយលុកចូលអ៊ុយក្រែនចាប់តាំងពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២។ ដូច្នេះតើសង្រ្គាមអ៊ុយក្រែន អូសបន្លាយពេល ៤ឆ្នាំមកនេះបង្កវិនាសកម្មអ្វីខ្លះ?

* អាយុជីវិតមនុស្ស
ចំនួនជនរងគ្រោះមានទាំងអ្នកស្លាប់ និងរងរបួសក្នុងនោះរួមមានទាំងអ្នកពិការ មានការប្រែប្រួលយ៉ាងខ្លាំង ដោយសារតែរុស្ស៉ី និងអ៊ុយក្រែនអះអាងយកតែខ្លាំងរៀងៗខ្លួនដោយម្ខាងៗថាសត្រូវរបស់ ខ្លួនរងការខូចខាតធ្ងន់ធ្ងរ ហើយបន្ទាបការខាតបង់របស់ខ្លួនឯង។ សង្រ្គាមរបស់រុស្ស៉ីនៅអ៊ុយក្រែនត្រូវបានគេវាយតម្លៃជារួមថាបានបណ្ដាលឱ្យកងទ័ពទាំងសងខាងស្លាប់ប្រហែលជា ២លាននាក់។ អគ្គសេនាធិការកងទ័ពអ៊ុយក្រែនបានវាយតម្លៃថាកងទ័ពរុស្ស៉ីជាង ៤១៨ ០០០នាក់ត្រូវបានសម្លាប់ និងរងរបួសកាលពីឆ្នាំ២០២៥ ដែលធ្វើឱ្យចំនួនកងទ័ពរុស្ស៉ីស្លាប់ និងរងរបួសសរុបកើនដល់ ១.២៥លាននាក់។

មជ្ឈមណ្ឌលសម្រាប់យុទ្ធសាស្ត្រ និងការសិក្សាអន្តរជាតិ (CSIS) កាលពីខែមករា ឆ្នាំ២០២៦ ក៏បានយល់ស្របនឹងការអះអាងរបស់អ៊ុយក្រែនដែរ ជាមួយការវាយតម្លៃថាកងទ័ពរុស្ស៉ី ១.២លាននាក់ បានស្លាប់ និងរងរបួស ក្នុងនោះមាន ៣២៥ ០០០នាក់បានស្លាប់រាប់ចាប់តាំងពីសង្រ្គាមផ្ទុះឡើងកាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ រហូតដល់ខែធ្នូ ឆ្នាំ២០២៥។ អ៊ុយក្រែនបានអះអាងថាកងទ័ពរុស្ស៉ី ៣១ ៦៨០នាក់បន្ថែមទៀតបានស្លាប់ និងរងរបួសកាលពីខែមករា ឆ្នាំ២០២៦។ «តួលេខនេះគឺពិតជាច្រើនណាស់ ហើយគ្មានមហាអំណាចណាមួយមានកងទ័ពស្លាប់ និងរងរបួសច្រើនបែបនេះទេ ចាប់តាំងពីសង្រ្គាមលោកលើកទី២មក»។ នេះជាការគូសបញ្ជាក់របស់លោក CSIS ក្នុងរបាយការណ៍មួយរបស់ខ្លួន។

ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី កាលពីដើមខែកុម្ភៈនេះ បាននិយាយថាកងទ័ពអ៊ុយក្រែន ៥៥ ០០០នាក់ត្រូវបានសម្លាប់នៅក្នុងសង្រ្គាមទាំងមូល។ តាម CSIS អ៊ុយក្រែនមាន កងទ័ពស្លាប់ និងរងរបួស ៦០០ ០០០នាក់ ក្នុងនោះមាន ១៤០ ០០០នាក់បានស្លាប់។ ដោយឡែក បេសកកម្មឃ្លាំមើលសិទ្ធិមនុស្សនៅអ៊ុយក្រែនរបស់អង្គការសហប្រជាជាតិ ហៅកាត់ថា HRMMU ជឿថាមានជនស៊ីវិលអ៊ុយក្រែន ១៥ ១៦៨នាក់ត្រូវបានសម្លាប់ និង៤១ ៥៣៤នាក់ផ្សេងទៀតរងរបួសអំឡុងសង្រ្គាម៤ឆ្នាំមកនេះ។ បើបូកបញ្ចូលចំនួនកងទ័ព និងជនស៊ីវិលស្លាប់ និងរងរបួសបញ្ចូលគ្នា អ៊ុយក្រែនបានបាត់មនុស្សប្រហែល ១ភាគ៤ នៃប្រជាជនមុនពេលមានសង្រ្គាមសរុប ៤២លាននាក់។ ប្រជាជនអ៊ុយក្រែនប្រហែល ៥លាននាក់កំពុងរស់នៅក្នុងតំបន់ដែលកំពុងស្ថិតក្រោមការគ្រប់គ្រងរបស់ រុស្ស៉ី ខណៈប្រជាជនអ៊ុយក្រែន ៥.៩លាននាក់បានភៀសខ្លួនចេញពីប្រទេស ក្នុងនោះមាន ៥.៤លាននាក់ភៀសខ្លួនទៅអឺរ៉ុប។ នេះបើតាមឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន។ បន្ថែមពីលើនេះ កុមារអ៊ុយក្រែនជាង ១៩០០០នាក់ត្រូវបានរាយការណ៍ថាត្រូវបានរុស្ស៉ីចាប់ពង្រត់ ហើយក្នុងនោះមាន ១២៣៨នាក់ត្រូវបានប្រគល់ទៅឱ្យអ៊ុយក្រែនវិញ។

* ទឹកដី
កាលពីខែមីនា ឆ្នាំ២០២២ កងទ័ពរុស្ស៉ីកាន់កាប់ ២៦ភាគរយនៃទឹកដីអ៊ុយក្រែន​។ នេះបើតាមសិក្សាស្រាវជ្រាវរបស់វិទ្យាស្ថានសម្រាប់ការសិក្សាពីសង្រ្គាមមានមូលដ្ឋាននៅសហរដ្ឋអាមេរិក។ ទឹកដីអ៊ុយក្រែន ដែលរុស្ស៉ីកំពុងកាន់កាប់ក៏រាប់បញ្ចូលទាំងតំបន់គ្រីមៀ ដែលទីក្រុងមូស្គូបានក្រសោបគ្រប់គ្រងកាលពីខែមករា ឆ្នាំ២០១៤ផងដែរ រួមទាំងទឹកដីមួយផ្នែកធំនៃតំបន់ Luhansk និង Donetsk នៃភាគខាងកើត អ៊ុយក្រែនជាទីដែលក្រុមឧទ្ទាមផ្ដាច់ខ្លួនគាំទ្រដោយរុស្ស៉ីបានវាយប្រយុទ្ធជាមួយកងទ័ពអ៊ុយក្រែនចាប់តាំងពីខែកុម្ភៈ ឆ្នាំ២០១៤។

ប៉ុន្តែ ក្រោយៗមកទៀត កងទ័ពអ៊ុយក្រែនបានវាយរុញច្រានកងទ័ពរុស្ស៉ីឱ្យចេញពីទីក្រុងមួយចំនួនស្ថិតនៅភាគខាងជើង រួមមានទីក្រុងកៀវ Kharkiv, Sumy និង Chernihiv ធ្វើឱ្យរុស្ស៉ីឥលូវគ្រប់គ្រង ២០ភាគរយនៃទឹកដីអ៊ុយក្រែន។ កាលពីខែសីហា និងខែកញ្ញា ឆ្នាំ២០២២ អតីតមេបញ្ជាការកងទ័ពអ៊ុយក្រែន លោក Oleksandr Syrskii បានដឹកនាំប្រតិបត្តិការមួយវាយរុញច្រានកងទ័ពរុស្ស៉ីចេញពី ត្រើយខាងកើតនៃទន្លេ Oskil River ក្នុងតំបន់ Kharkiv ហើយគួបផ្សំនឹងរុស្ស៉ីដកកងទ័ពចេញពីត្រើយខាងកើតនៃទន្លេ Dnipro ក្នុងតំបន់ Kherson ធ្វើឱ្យរុស្ស៉ីគ្រប់គ្រង ១៧.៨ភាគរយនៃទឹកដី អ៊ុយក្រែន។ ក្នុងរយៈពេល៣ឆ្នាំចុងក្រោយនេះ សមរភូមិសង្រ្គាមភាគច្រើននៅអ៊ុយក្រែនត្រូវបានក្រុមអ្នកវិភាគមើលឃើញថាមានភាពជាប់គាំង តែរុស្ស៉ីនៅតែអាចរក្សាបានការរីកចម្រើនទៅមុខយ៉ាងសន្សឹមៗ ដោយវាយយកបានភូមិរបស់អ៊ុយក្រែនជាបន្តបន្ទាប់ ជាពិសេសកាលពីឆ្នាំ២០២៥។ អំឡុងពេលនោះកងទ័ពរុស្ស៉ីបានវាយរុលទៅមុខសន្សឹមៗទោះជាត្រូវបាត់បង់កងទ័ពយ៉ាងសន្ធឹក ដើម្បីកាន់កាប់ ១៩.៣ភាគរយនៃទឹកដីអ៊ុយក្រែនគិតត្រឹមខែធ្នូ ឆ្នាំ២០២៥ ឬស្មើនឹងប្រហែល ១១៦ ០០០គីឡូម៉ែត្រក្រឡា។

*​ លុយ
វិទ្យាស្ថានស្រាវជ្រាវសន្តិភាពអន្តរជាតិស្ដុកខុល SIPRI បានឱ្យដឹងថាយោធារុស្ស៉ីបានចំណាយលុយប្រហាក់ប្រហែល ៦៦ពាន់លានដុល្លារក្នុងឆ្នាំ២០២១ ដល់១០២ពាន់លានដុល្លារ ក្នុងឆ្នាំ២០២២ ដែលជា ឆ្នាំដំបូងនៃសង្រ្គាម ហើយក្រោយមកទៀតបានបង្កើនដល់ ១០៩ពាន់លានដុល្លារក្នុងឆ្នាំ២០២៣។ តាម SIPRI ក្នុងឆ្នាំ២០២៤ ការចំណាយខាងយោធារបស់រុស្ស៉ីបានកើនដល់ ១៤៩ពាន់លានដុល្លារ។ ដោយឡែក ការប៉ាន់ស្មានពីការចំណាយរបស់រុស្ស៉ីក្នុងឆ្នាំ២០២៥មានការប្រែប្រួល។ លោក Janis Kluge ជាអ្នកស្រាវជ្រាវម្នាក់មកពីវិទ្យាស្ថានអាល្លឺម៉ង់សម្រាប់អន្តរជាតិ និងកិច្ចការសន្តិសុខ (German Institute for International and Security Affairs) បាននិយាយថាការចំណាយរបស់រុស្ស៉ីហក់ឡើងខ្ពស់ជាថ្មី ដល់១៤២ពាន់លានដុល្លារ ក្នុងរយៈពេល ៩ខែដំបូងក្នុងឆ្នាំ២០២៥ ហើយរាប់មួយឆ្នាំពេញ ការចំណាយអាចលើសពីការចំណាយ ១៤៩ពាន់លានដុល្លារកាលពីឆ្នាំ២០២៤។

ក៏ប៉ុន្តែ បើតាមលោក Craig Kennedy ជាអ្នកសេដ្ឋកិច្ចម្នាក់មកពីមជ្ឈមណ្ឌល Davis សម្រាប់ការសិក្សាពីរុស្ស៉ី និងតំបន់អឺរ៉ាស៊ី នៃសាកលវិទ្យាល័យ Harvard University ការចំណាយលើយោធា ជាក់ស្ដែងរបស់រុស្ស៉ីត្រូវបានរំពឹងថានឹងថយចុះ ១៥ភាគរយ កាលពីឆ្នាំ២០២៥ ដោយសារតែបញ្ហាឱនភាពកញ្ចប់ថវិកា និងការធ្លាក់ចុះប្រាក់កម្ចីរបស់ធនាគារទៅកាន់ឧស្សាហកម្មផលិតអាវុធ។

មិនតែប៉ុណ្ណោះ បើតាមឯកសារមួយដែលទីភ្នាក់ងារសារព័ត៌មាន Reuters បានឃើញ ទីក្រុងមូស្គូក៏ត្រូវបានរំពឹងដែរថានឹងកាត់បន្ថយការចំណាយយោធាយ៉ាងហោច ៧ភាគរយ ក្នុងឆ្នាំ២០២៦។ ការចំណាយយោធារបស់អ៊ុយក្រែនវិញបានកើនឡើងពី ៦.៩ពាន់លានដុល្លារ ក្នុងឆ្នាំ២០២១ ដល់ ៤១ពាន់លានដុល្លារក្នុងឆ្នាំដំបូងនៃការឈ្លានពានរបស់រុស្ស៉ី ហើយកើនដល់ ៦៥ពាន់លានដុល្លារ ក្នុងឆ្នាំ២០២៣ និង២០២៤។ នេះបើតាម SIPRI។ កញ្ចប់ថវិកាយោធាអ៊ុយក្រែនកាលពីឆ្នាំ២០២៥ ត្រូវបានដំឡើងដល់៧១ពាន់លានដុល្លារគិតត្រឹមខែតុលា។ ការបង្កើនការចំណាយនេះមានការជួយគាំទ្រពី សម្ព័ន្ធមិត្តរបស់អ៊ុយក្រែន ជាពិសេសសហភាពអឺរ៉ុប និងសហរដ្ឋអាមេរិកដែលរួមគ្នាបានផ្ដល់ជំនួយជាង ៣០០ពាន់លានដុល្លារទៅឱ្យអ៊ុយក្រែន សម្រាប់យោធា និងកញ្ចប់ថវិកាគាំទ្រនានា ចាប់តាំងពីឆ្នាំ២០២២។

ក្រោយលោក ដូណាល់ ត្រាំ ស្បថឡើងកាន់តំណែងជាប្រធានាធិបតីអាមេរិកកាលពីខែមករា ឆ្នាំ២០២៥ សហរដ្ឋអាមេរិកបានដក ៩៩ភាគរយនៃការគាំទ្ររបស់ខ្លួនសម្រាប់អ៊ុយក្រែន ដោយផ្ទេរបន្ទុកទៅឱ្យ អឺរ៉ុប។ យ៉ាងណាក៏ដោយ កម្មវិធី Ukraine Support Tracker នៃវិទ្យាស្ថាន Kiel Institute បានឱ្យដឹងថាការគាំទ្រអ៊ុយក្រែនៅតែអាចរក្សាបានស្ថិរភាព ទោះជាសហរដ្ឋអាមេរិកកាត់បន្ថយការគាំទ្រ ក៏ដោយ ក៏ព្រោះតែអឺរ៉ុបបានបង្កើនការចូលរួមចំណែកដល់ទៅ២ភាគ៣ ដើម្បីបន្តផ្ដល់ជំនួយដល់អ៊ុយក្រែន។ កាលពីឆ្នាំ២០២៥ អឺរ៉ុបបានផ្ដល់ជំនួយយោធា និងហិរញ្ញវត្ថុ ៧០ពាន់លានដុល្លារទៅឱ្យទីក្រុងកៀវ ខណៈការចូលរួមចំណែករបស់សហរដ្ឋអាមេរិកបានធ្លាក់មកនៅត្រឹម ០.៤ពាន់លានដុល្លារ៕