FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោក ឃួង ស្រេង ប្រកាសបើកឱ្យធ្វើចរាចរឡើងវិញទាំងអស់ ផ្លូវនៅជុំវិញផ្សារដើមគចាស់ ចាប់ពីទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦ តទៅ

24-02-2026 20:30

(ភ្នំពេញ)៖ កំណាត់ផ្លូវជាច្រើនខ្សែ នៅតំបន់ជុំវិញផ្សារដើមគ ពិសេសមហាវិថីព្រះមុនីរ៉េត មហាវិថីម៉ៅសេទុង និងផ្លូវលេខ២៣០ ស្ថិតក្នុងមូលដ្ឋានខណ្ឌទួលគោក និងខណ្ឌបឹងកេងកង មកដល់ពេលនេះ បានរៀបចំសណ្តាប់ធ្នាប់ និងកែលំអរហេដ្ឋារចនាសម្ព័ន្ធ បានអនុវត្តបានល្អប្រសើរ ប្រមាណ ៩០ភាគរយហើយ ក្រោយពីអាជ្ញាធររាជធានីភ្នំពេញ បានចាត់វិធានការ មិនឱ្យអាជីវករលក់ដូរលើចិញ្ចេីមផ្លូវ និងទ្រូងផ្លូវ រយៈពេលជាង១ខែកន្លងមកនេះ តែអ្វីយើងចង់បាន គឺត្រូវបន្តធ្វើឱ្យសម្រេចបាន១០០ភាគរយនាពេលខាងមុខ។

នេះបើតាមការបញ្ជាក់របស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្នុងប្រជុំស្តីពីវឌ្ឍនភាពក្នុងការរៀបចំសណ្តាប់ធ្នាប់ និងការផ្ទេរអាជីវករ ដែលលក់ដូរនៅលើផ្លូវ និងចិញ្ចើមផ្លូវក្នុងតំបន់ជុំវិញផ្សារដើមគ ទៅលក់ដូរនៅផ្សារដើមគថ្មី ឬផ្សារតាម៉ាប់ព្រែកជ្រៃ នារសៀលថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦ នៅសាលារាជធានីភ្នំពេញ។

លោក ឃួង ស្រេង បានថ្លែងថា៖ «ការសម្រេចបានជោគជ័យដ៏ធំធេងនេះ គឺបានមកពីការយកចិត្តទុកដាក់អស់កម្លាំងកាយចិត្ត មិនថាយប់ ថ្ងៃរបស់អាជ្ញាធរ និងកងកម្លាំងរបស់យើង ហើយអ្វីដែលពីសេសថែមទៀតនោះ គឺបានពីការចូលរួមគាំទ្រយ៉ាងពេញទំហឹងពីសំណាក់ប្រជាពលរដ្ឋ។ ការគាំទ្រនេះក៏ព្រោះតែយើងទាំងអស់គ្នា អនុវត្តការងារខាងលើ ដោយភាពទន់ភ្លន់ ស្លូតបូត តែម៉ឺងម៉ាត់ និងធ្វើឡើងដើម្បីផលប្រយោជន៍រួមសម្រាប់ប្រជាពលរដ្ឋ១៧លាននាក់»

លោក ឃួង ស្រេង បានបន្តថា ជាទិសដៅរបស់យើង គឺធ្វើយ៉ាងណាឱ្យប្រទេសកម្ពុជាសម្រេចបាននូវចក្ខុវិស័យ ក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ និងក្លាយជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។

បន្ថែមពីនេះក្នុងកិច្ចប្រជុំនោះដែេ លោក ឃួង ស្រេង ក៏បានណែនាំឱ្យអាជ្ញាធរខណ្ឌទាំងអស់ ត្រូវរៀបចំសណ្តាប់ធ្នាប់នៅក្នុងមូលដ្ឋានរបស់ខ្លួនឱ្យបានល្អ និងម៉ឺងម៉ាត់ ដោយមិនអនុញ្ញាតឱ្យមានការលក់ដូរ រំលោភលើទ្រូងផ្លូវ និងចិញ្ចើមផ្លូវឡើយ។ ចំពោះការងារដោះស្រាយការកកស្ទះចរាចរណ៍តាមដងផ្លូវវិញក៏ត្រូវរួមគ្នាធ្វើឡើងជាប្រចាំផងដែរ ដោយនៅពេលនេះ នៅរាជធានីភ្នំពេញរបស់យើង មានយានជំនិះច្រើនជាងចំនួនមនុស្សទៅហើយ។

លោក ឃួង ស្រេង បានបញ្ជាក់ផងដែរថា បងប្អូនអាជីវករ នៅតំបន់ជុំវិញផ្សារដើមគចាស់ ដែលពួកគាត់នាំគ្នាទៅលក់ដូរនៅផ្សារដើមគថ្មី នាខណ្ឌព្រែកព្នៅ និងផ្សារតាម៉ាប់ព្រែកជ្រៃ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ តាមការដោះស្រាយរបស់រដ្ឋបាលរាជធានីភ្នំពេញ ពួកគាត់មានការសប្បាយរីករាយណាស់ រហូតបានអំពាវនាវឱ្យអាជីវករផ្សេងទៀត ទៅលក់តាមពួកគាត់ថែមទៀត ដែលនេះជាភាពជោគជ័យដ៏ធំធេងរបស់យើង ក្នុងការរៀបចំសណ្តាប់ធ្នាប់សាធារណៈ។

ក្នុងឱកាសនោះ អភិបាលរាជធានីភ្នំពេញ បានប្រកាសបើកឱ្យធ្វើចរាចរឡើងវិញទាំងអស់ ផ្លូវនៅជុំវិញផ្សារដើមគរចាស់ចាប់ពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦នេះតទៅ។

ជាមួយគ្នានោះដែរ លោក ឃួង ស្រេង ក៏បានជំរុញឱ្យមន្ទីរសុខាភិបាលរាជធានីភ្នំពេញ និងអាជ្ញាធរខណ្ឌទាំង១៤ បន្តធ្វើការបាញ់ថ្នាំមូស នៅតាមមូលដ្ឋានប្រជាពលរដ្ឋផងដែរ៕