FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៣ អញ្ជើញសំណេះសំណាលជាមួយអាជ្ញាធរ ស្រុកកោះធំ ក្រុងសំពៅពូន និងស្រុកស្អាង ខេត្តកណ្តាល

24-02-2026 19:55

(កណ្តាល)៖ សមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៣ (ខេត្តកណ្តាល) ដឹកនាំដោយលោក ម៉ម ប៊ុននាង ប្រធានក្រុម អញ្ជើញចុះជួបសំណេះសំណាលដាច់ដោយឡែកពីគ្នាជាមួយអាជ្ញាធរ ក្រុមប្រឹក្សាឃុំ សង្កាត់ស្មៀន និងនាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ នៅស្រុកកោះធំ រួមជាមួយក្រុងសំពៅពូន និងនៅស្រុកស្អាង ខេត្តកណ្តាល សរុបចំនួន ២៧៣នាក់ នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦។

ក្នុងពិធីសំណេះសំណាល លោក ម៉ម ប៊ុននាង ប្រធានក្រុម បាននាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ថ្នាក់ដឹកនាំព្រឹទ្ធសភា ជូនចំពោះអាជ្ញាធរគ្រប់ជាន់ថ្នាក់ និងប្រជាពលរដ្ឋគ្រប់មូលដ្ឋានដោយក្តីនឹករលឹកបំផុត និងបានជម្រាបជូនអំពីគោលបំណងនៃពិធីសំណេះសំណាលនាពេលនេះ គឺដើម្បីលើកកម្ពស់គុណភាព និងប្រសិទ្ធភាពនៃការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ តាមរយៈតាមរយៈការធ្វើបទបង្ហាញអំពីតួនាទីរបស់ក្រុមប្រឹក្សាឃុំ សង្កាត់ ទាក់ទងនឹងវិវាទគ្រួសារ និងផ្សព្វផ្សាយអំពីសមិទ្ធផលការងាររបស់ព្រឹទ្ធសភាក្នុងឆ្នាំ២០២៥ ព្រមទាំងពិភាក្សាឈ្វេងយល់អំពីបញ្ហាប្រឈម សំណូមពរ និងវឌ្ឍនភាពនៅក្នុងមូលដ្ឋាន។

ទន្ទឹមនឹងនេះ លោកប្រធាន បានជម្រាបជូនអំពីយុទ្ធនាការរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការទប់ស្កាត់ និងបង្រ្កាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងតាមប្រព័ន្ធអនឡាញ និងជំរុញឱ្យអាជ្ញាធរពាក់ព័ន្ធយកចិត្តទុកដាក់ខ្ពស់ ត្រូវសហការគ្នាធ្វើយ៉ាងណាក្តាប់ឱ្យបានចំពោះមនុស្សចំណូលថ្មី ជាពិសេសជនបរទេស ដែលមកស្នាក់នៅក្នុងមូលដ្ឋានរបស់ខ្លួន ស្របពេលដែលអាជ្ញាធរទូទាំងប្រទេសបានបើកប្រតិបត្តិការបង្ក្រាបក្រុមឧក្រិដ្ឋជនពាក់ព័ន្ធបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដើម្បីឈានទៅបង្រ្កាបមុខសញ្ញាក្រុមឧក្រិដ្ឋជនឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាដល់ឬសគល់ និងបានទាន់ពេលវេលា។

ក្នុងឱកាសនោះ លោក ប្រាក់ ចំរើន អនុប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៣ បានជម្រាបជូនអង្គពិធីអំពីតួនាទី ភារកិច្ចរបស់ព្រឹទ្ធសភានីតិកាលទី៥នេះ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ដែលផ្តោតសំខាន់លើការងារអាទិភាពពីរ៖ ទី១-ការប្រាស្រ័យទាក់ទងឱ្យកាន់តែជិតស្និទ្ធជាមួយអង្គបោះឆ្នោត និងទី២-ការអនុវត្តកិច្ចការការទូតសភា។ ដូចជាពេលនេះ ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៣ បានចុះជួបអង្គបោះឆ្នោត ដែលជាក្រុមប្រឹក្សាឃុំដោយផ្ទាល់ ដើម្បីចូលរួមដោះស្រាយទុក្ខលំបាក បញ្ហាប្រឈម និងសំណូមពរនៅក្នុងមូលដ្ឋាន ដែលទាក់ទងនឹងគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព។

ទន្ទឹមនឹងនេះ លោកអនុប្រធានក្រុម បានក្រើនរម្លឹកជម្រាបជូននូវលក្ខណៈសម្បត្តិទាំង ៧ចំណុច នៃគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ដោយជំរុញឱ្យអាជ្ញាធរអនុវត្តឱ្យបានខ្ជាប់ខ្ជូន ដើម្បីពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ទប់ស្កាត់ល្បែងស៊ីសង ក្មេងទំនើង និងលើកកម្ពស់ការផ្តល់សេវាសាធារណៈ អនាម័យ បរិស្ថាន និងសុខមាលភាពជូនប្រជាពលរដ្ឋ។

លោក បានលើកទឹកចិត្តឱ្យអាជ្ញាធរផ្សព្វផ្សាយ និងបំផុសឱ្យមានកិច្ចសហការចូលរួមជាមួយសមត្ថកិច្ច ពីវិស័យសាធារណៈ វិស័យឯកជន អ្នកពាក់ព័ន្ធនានា និងប្រជាពលរដ្ឋ ដើម្បីរក្សាសុខសុវត្ថិភាព បរិស្ថាន និងសណ្តាប់ធ្នាប់សាធារណៈជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន។

ទន្ទឹមនឹងនេះ លោក ក៏បានជំរុញឱ្យអាជ្ញាធរពាក់ព័ន្ធយកចិត្តទុកដាក់ខ្ពស់ចំពោះបទល្មើសឆបោកនានា ដោយអនុវត្តវិធានការច្បាស់លាស់ និងតឹងរឹងក្នុងការបង្ការ ទប់ស្កាត់ និងបង្ក្រាបរាល់សកម្មភាពខុសច្បាស់ទាំងឡាយ ដើម្បីប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែនគ្រប់ទម្រង់ទាំងអស់ ជាពិសេសគឺដើម្បីទាក់ទាញវីនិយោគិនពីបរទេស លើកកម្ពស់សេដ្ឋកិច្ចជាតិ និងកេរ្តិ៍ឈ្មោះដ៏ប្រពៃ នៃព្រះរាជាណាចក្រកម្ពុជា។

បន្ទាប់ពីបានពិភាក្សាគ្នារួចមក លោក ម៉ម ប៊ុននាង ប្រធានក្រុម បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះអាជ្ញាធរពាក់ព័ន្ធទាំងអស់ ដែលបានខិតខំបំពេញតួនាទី ភារកិច្ចរបស់ខ្លួនប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ និងសម្រេចបានសមិទ្ធផលជាច្រើនគួរឱ្យកត់សម្គាល់។

ជាមួយគ្នានេះ លោកប្រធានក្រុម បានអំពាវនាវដល់អង្គពិធីទាំងមូល និងប្រជាពលរដ្ឋគ្រប់រូបបន្តសាមគ្គីភាពគ្នា ដើម្បីក្លាយជាកម្លាំងស្មារតីសាមគ្គីជាតិជាធ្នុងមួយ គាំទ្រដល់វីរៈកងទ័ព វីរៈនគរបាលជាតិគ្រប់រូប ដែលកំពុងឈរជើងយ៉ាងអង់អាចក្លាហាន ក្នុងការការពារដែនអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់កម្ពុជា។ ជាពិសេស សូមអំពាវនាវឱ្យកម្លាំងមហាសាមគ្គីភាពនេះ បន្តគាំទ្ររាជរដ្ឋាភិបាល ដែលកំពុងប្រយុទ្ធតាមរយៈការទូតប្រឆាំងនឹងការឈ្លានពានរបស់យោធាថៃមកលើបូរណភាពទឹកដីកម្ពុជា។

ក្នុងឱកាសនេះដែរ ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៣ បាននាំយកអំណោយឧបត្ថម្ភជូនក្រុមប្រឹក្សាឃុំ សង្កាត់ ស្មៀន និងនាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ ដោយក្នុងម្នាក់ៗទទួលបានអំណោយ១កញ្ចប់របស់អង្គការមូលនិធីចែករំលែកសង្គ្រោះជីវិតសកលនៃសាធារណរដ្ឋកូរេ និងថវិកាមួយចំនួន ដោយចំណាយថវិកាសរុបទាំងអស់ចំនួន ២០,៦៦៤,០០០រៀល៕