ទេសរដ្ឋមន្រ្តី លី ធុជ៖ «ការបោសសម្អាតមីន មានន័យថាការស្តារជីវភាពរស់នៅ, ការស្តារជីវភាពរស់នៅ មានន័យថាការការពារសេចក្តីថ្លៃថ្នូរ»
24-02-2026 19:10
(ពោធិ៍សាត់)៖ លោកបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី និងជាអនុប្រធានទី១ អាជ្ញាធរមីន តំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធានអាជ្ញាធរមីន នាថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតី ក្នុងខួបលើកទី២៧ នៃទិវាជាតិយល់ដឹងអំពីមីន ២៤ កុម្ភៈ ក្រោមប្រធានបទ «ចូលរួមទាំងអស់គ្នា ដើម្បីជនភៀសសឹក និងសហគមន៍មានសុវត្ថិភាព»។
ពិធីនេះត្រូវបានធ្វើឡើងនៅបរិវេណពហុកីឡដ្ឋានខេត្តពោធិ៍សាត់ ដោយបានការចូលរួមពី លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ តំណាងស្ថានទូតនានាប្រចាំនៅកម្ពុជា តំណាងក្រសួង-ស្ថាប័ន ប្រតិបត្តិករសកម្មភាពមីន មន្ទីរពាក់ព័ន្ធ តំណាងដៃគូអភិវឌ្ឍន៍ អង្គការជាតិនិងអន្តរជាតិ ប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សយ៉ាងច្រើនកុះករ។
លោកទេសរដ្ឋមន្រ្តី លី ធុជ បានពាំនាំនូវការសាកសួរសុខទុក្ខ និងសេចក្តីនឹករលឹក ពីសំណាក់សម្តេចបវរធិបតី នាយករដ្ឋមន្រ្តី និងលោកជំទាវបណ្ឌិត ជូនចំពោះប្រជាពលរដ្ឋខេត្តពោធិ៍សាត់ទាំងអស់ ព្រមទាំងថ្លែងអំណរគុណជូនចំពោះរដ្ឋបាលខេត្តពោធិ៍សាត់ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដែលបានផ្តល់នូវកិច្ចសហការយ៉ាងល្អប្រសើរ។
ក្នុងពិធីប្រារព្ធនោះ លោកទេសរដ្ឋមន្រ្តី បានលើកឡើងថា ការប្រារព្ធទិវាយល់ដឹងពីមីន មិនមែនត្រឹមតែជាថ្ងៃដែលរំលឹកឡើងវិញនោះទេ តែជាថ្ងៃដែលបង្ហាញជាថ្មីនូវទំនួលខុសត្រូវ និងការប្តេជ្ញាចិត្តរបស់ជាតិ ហើយទិវាជាតិយល់ដឹងអំពីមីន ក៏ជាការផ្ញើសារដល់ប្រជាពលរដ្ឋគ្រប់រូបថា គ្រោះថ្នាក់នៅតែបន្តមាន ហើយការយល់ដឹងអំពីគ្រោះថ្នាក់ទាំងនោះ នឹងជួយសង្គ្រោះអាយុជីវិត។ ស្ថិតក្នុងបរិបទនេះ រាជរដ្ឋាភិបាលនៅតែបន្តចាត់ទុកសកម្មភាពមីន ជាសសរស្តម្ភនៃសន្តិភាព សន្តិសុខមនុស្ស និងការអភិវឌ្ឍប្រទេសជាតិ។
លោក លី ធុជ ក៏បានគូសបញ្ជាក់ទៀតថា ការបោសសម្អាតមីន មានន័យថាការស្តារជីវភាពរស់នៅ។ ការស្តារជីវភាពរស់នៅ មានន័យថាការការពារសេចក្តីថ្លៃថ្នូរ។ សកម្មភាពមីន មិនមែនត្រឹមតែជាការបោសសម្អាតមីននោះទេ តែត្រូវបន្តស្តារនីតិសម្បទា ធានាបរិយាបន្ន និងគាំទ្រដល់ការរស់នៅ និងការចូលរួមពេញលេញក្នុងសង្គមរបស់ជនរងគ្រោះ។
ក្នុងឱកាសនោះ លោកបណ្ឌិត លី ធុជ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះប្រទេសជាមិត្ត ដៃគូអភិវឌ្ឍន៍ បណ្តាអង្គការជាតិ និងអន្តរជាតិ និងប្រតិបត្តិករសកម្មភាពមីន អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋទាំងអស់ ដែលបាន និងកំពុងគាំទ្រយ៉ាងសកម្មដល់បេសកកម្មមនុស្សធម៌នេះ និងលើកកម្ពស់សុវត្ថិភាព ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។ លោកបានចាត់ទុកការគាំទ្រនេះ បានប្រែក្លាយដីដែលធ្លាប់រងផលប៉ះពាល់ ទៅជាដីដែលពោពេញដោយឱកាស សម្រាប់ប្រជាជនកម្ពុជា។
ជាថ្មីម្តងទៀត ក្នុងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា លោកទេសរដ្ឋមន្រ្តី លី ធុជ បានអំពាវនាវដល់ប្រទេសម្ចាស់ជំនួយ ដៃគូអភិវឌ្ឍន៍ អង្គការជាតិ-អន្តរជាតិ និងវិស័យឯកជន បន្តជួយឧបត្ថម្ភគាំទ្រទាំងស្មារតី សម្ភារៈ និងថវិកា ដើម្បីឆ្ពោះទៅរកគោលដៅកម្ពុជាគ្មានមីន និងមានសុវត្ថិភាពពេញលេញ។
លោកក៏បានជំរុញលើកទឹកចិត្តឱ្យបន្តរួមគ្នា ដើម្បីសម្រេចបាននូវសង្គមមួយដែលជនភៀសសឹក និងសហគមន៍ទាំងអស់ រស់នៅដោយសុវត្ថិភាព គ្មានការភ័យខ្លាចពីគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមផងដែរ៕



































































