FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អភិបាលខេត្តពោធិ៍សាត់ ចុះពង្រឹងគុណភាពអប់រំ និងសោភ័ណភាពសាលារៀន នៅមូលដ្ឋានអនុវិទ្យាល័យសម្តេចឪ សម្តេចម៉ែ ស្រុកភ្នំក្រវាញ

24-02-2026 19:06

(ពោធិ៍សាត់)៖ លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ នាល្ងាចថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៦ បានអញ្ជើញចុះត្រួតពិនិត្យ តាមដាន និងវាយតម្លៃការងារដែលបានដាក់ចេញកន្លងមក នៅក្នុងអនុវិទ្យាល័យសម្តេចឪ សម្តេចម៉ែ ស្រុកភ្នំក្រវាញ ដើម្បីកែប្រែសោភ័ណភាព និងបរិស្ថានសិក្សា, ពង្រឹងបំនិនអប់រំ និងលើកទឹកចិត្តដល់បុគ្គលិកអប់រំ សំដៅលើកកម្ពស់គុណភាព នៃការបង្រៀន និងរៀន ឱ្យកាន់តែល្អប្រសើរ។

លោក ឈិន សុខវ័ន នាយកអនុវិទ្យាល័យសម្តេចឪ សម្តេចម៉ែ ស្រុកភ្នំក្រវាញ បានលើកឡើងថា ក្រោយពីទទួលបានកែណែនាំពី លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ នាពេលកន្លងមកនោះ អនុវិទ្យាល័យសម្តេចឪ សម្តេចម៉ែ ស្រុកភ្នំក្រវាញ បានទទួលយកអនុសាសន៍ដ៏ថ្លៃថ្លានេះមកអនុវត្តជាប់ជាប្រចាំ។ អ្វីដែលសំខាន់នោះ សាលាទទួលបានការចូលរួមឧបត្ថម្ភជាថវិកា និងសម្ភារៈ ពីសំណាក់លោកអភិបាលខេត្ត ព្រមទាំងថ្នាក់ដឹកនាំ អាជីវករ សប្បុរសជន មាតាបិតាអណាព្យាបាលសិស្ស និងសិស្សានុសិស្សជាបន្តបន្ទាប់ ទើបមកដល់ពេលនេះឃើញថាការកែលម្អ តុបតែង លាបថ្នាំ និងចាកសាបទាំងក្នុង និងក្រៅអគារកំពុងដំណើរការយ៉ាងរលូន ជាពិសេសគឺអគារអតីកាត់ដេរ ដែលជាអំណោយរបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលមានសភាពទ្រុឌទ្រោមខ្លាំងនោះ ត្រូវបានធ្វើការជួសជុលនិងកែលម្អឡើងវិញ១០០%។

ក្រៅពីនោះទៀតសាលាបានរៀបចំឱ្យសួននៅតាមមុខថ្នាក់ សម្រាប់ដាំផ្កាលម្អ ដាក់ប្រព័ន្ធទឹក ភ្លើងសម្រាប់ប្រើប្រាស់ ធ្វើការជួសជុលអគារដែលប្រេះស្រាំ និងលាបថ្នាំឡើងវិញជាបន្តបន្ទាប់ ដោយសង្ឃឹមថាក្នុងរយៈដ៏ខ្លីនេះ អនុវិទ្យាល័យសម្តេចឪ សម្តេចម៉ែ ស្រុកភ្នំក្រវាញ នឹងប្រែមុខប្រែមាត់ឡើងវិញជាក់ជាមិនខាន។

ក្នុងនាមនាយកអនុវិទ្យាល័យសម្តេចឪ សម្តេចម៉ែ ស្រុកភ្នំក្រវាញ លោកសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោក ខូយ រីដា ព្រមទាំងលោក លោកស្រី ជាថ្នាក់ដឹកនាំ អាជីវករ សប្បុរសជន មាតាបិតាសិស្ស និងក្មួយៗសិស្សានុសិស្ស ដែលបានចូលរួមឧបត្ថម្ភថវិកា និងសម្ភារៈ សូមសមប្រកបកុំបីឃ្លៀងឃ្លាតឡើយ។

ក្នុងដំណើរចុះពិនិត្យ លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ បានពិនិត្យយ៉ាងល្អិតល្អន់លើការងារសំខាន់ៗ ដូចជាការជួសជុលអគារ ការលាបថ្នាំ ការចាក់សាប ឱ្យមានសោភ័ណភាព និងត្រឹមត្រូវតាមប្លង់បច្ចេកទេស ដោយមានប្រសាសន៍សង្កត់ធ្ងន់ លើការងារសាងសង់ និងការរៀបចំទីតាំងនេះ ត្រូវធ្វើឡើងដោយស្មារតីទទួលខុសត្រូវខ្ពស់ និងឱ្យទាន់ពេលវេលាដែលបានកំណត់។ ជាមួយគ្នានោះ លោកសូមឱ្យគណៈគ្រប់គ្រង នៃអនុវិទ្យាល័យសម្តេចឪ សម្តេចម៉ែ ស្រុកភ្នំក្រវាញ ត្រូវប្តេជ្ញាចិត្តឱ្យបានមុតមាំ និងបានកំណត់គោលដៅយ៉ាងច្បាស់លាស់ ក្នុងការប្រកួតប្រជែងដណ្តើមយក «ពានរង្វាន់សាលាមេត្រីបរិស្ថាន» សម្រាប់ពេលខាងមុខជាបន្តបន្ទាប់ទៀត ដែលនាំមកនូវកិត្តិយសសម្រាប់សាលាប៉ុណ្ណោះទេ តែជាការបណ្តុះស្មារតី ឱ្យកូនក្មួយសិស្សានុសិស្សឱ្យចេះស្រលាញ់ និងថែរក្សាបរិស្ថានទាំងអស់គ្នា ចូលរួមជាមួយគ្នា និងទាំងអស់គ្នា ដើម្បីភាពបៃតង និងស្រស់បំព្រងនៃសាលារបស់យើង។

នាឱកាសនោះ លោកអភិបាលខេត្ត ក៏បានផ្តល់នូវថវិកា ចំនួន១ពាន់ដុល្លារ សម្រាប់ទិញស៊ីម៉ង់ចាក់សាប ក្នុងទីធ្លាសាលាផងដែរ៕