FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

Fresh Exclusive: ហេតុអ្វីបានជាឋានព្រះចន្ទ ក្លាយជាវេទិកាប្រកួតប្រជែងអំណាចរវាងចិន និងសហរដ្ឋអាមេរិក? (Video inside)

24-02-2026 16:44

(ភ្នំពេញ)៖ ថ្មីៗនេះ ការប្រជែងអវកាសរវាងសហរដ្ឋអាមេរិក និងសាធារណរដ្ឋប្រជាមានិតចិន កំពុងបង្ហាញសញ្ញាខ្លាំងឡើងមកវិញក្នុងទម្រង់ថ្មី។ ស្ថានព្រះចន្ទ ដែលធ្លាប់ជាគោលដៅវិទ្យាសាស្ត្រនាសម័យសង្គ្រាមត្រជាក់ បច្ចុប្បន្នបានក្លាយជាចំណុចផ្តោតយុទ្ធសាស្ត្រដ៏សំខាន់សម្រាប់មហាអំណាចទាំងពីរ។ តើអ្វីជាចំណុចលាក់ខ្លួន នៅពីក្រោយការវិលត្រឡប់ទៅព្រះចន្ទសាជាថ្មីនេះ? ហើយតើវាមានន័យអ្វីចំពោះតុល្យភាពអំណាចសតវត្សទី២១?
Fresh Exclusive សូមបង្ហាញការស្រាវជ្រាវនេះក្នុងអត្ថបទស៊ីជម្រៅដូចតទៅនេះ៖

ការប្រជែងធ្វើដំណើរទៅកាន់ស្ថានព្រះចន្ទរវាងសហរដ្ឋអាមេរិក និងសាធារណរដ្ឋប្រជាមានិតចិន មិនមែនជាការប្រកួតប្រជែងវិទ្យាសាស្ត្រ ដើម្បីស្វែងរកកិត្តិយសដូចសម័យសង្គ្រាមត្រជាក់ទៀតនោះទេ។ វាគឺជាការប្រកួតប្រជែងដើម្បីកំណត់ថា «នរណានឹងកំណត់ច្បាប់ ស្តង់ដារ និងស្ថាបត្យកម្មអំណាច» នៅក្នុងសេដ្ឋកិច្ចអវកាសសតវត្សទី២១។ ភពព្រះចន្ទបានក្លាយជាវេទិកាភូមិសាស្ត្រនយោបាយថ្មី ដែលអាចកំណត់តុល្យភាពអំណាចលើផែនដីក្នុងអនាគត។

សហរដ្ឋអាមេរិក តាមរយៈអង្គការ NASA កំពុងអនុវត្តកម្មវិធី Artemis program ដើម្បីនាំមនុស្សត្រឡប់ទៅស្ថានព្រះចន្ទ និងបង្កើតវត្តមានយូរអង្វែងនៅតំបន់ប៉ូលខាងត្បូង (South Pole) ដែលត្រូវបានគេមើលថាមានសារៈសំខាន់យុទ្ធសាស្ត្រដ៏ខ្ពង់ខ្ពស់។ ខណៈពេលដូចគ្នានេះដែរ សាធារណរដ្ឋប្រជាមានិតចិន តាមរយៈ China National Space Administration កំពុងជំរុញគម្រោងស្ថានីយ៍ស្រាវជ្រាវព្រះចន្ទអន្តរជាតិ ដែលមានគោលបំណងបង្កើតវត្តមានយូរអង្វែងដូចគ្នា។ ការប្រជែងនេះបង្ហាញថា អវកាសមិនត្រឹមជាតំបន់ស្រាវជ្រាវវិទ្យាសាស្ត្រទៀតទេ ប៉ុន្តែកំពុងផ្លាស់ប្តូរទៅជាតំបន់អភិវឌ្ឍអំណាច ធនធាន និងស្តង់ដារអន្តរជាតិថ្មី។

* តំបន់ប៉ូលខាងត្បូង៖ តំបន់យុទ្ធសាស្ត្រថ្មី

មានសំណួរមួយតែងតែត្រូវបានលើកឡើងថា តើព្រះចន្ទ «លែងជាគោលដៅវិទ្យាសាស្ត្រ» ទៀតហើយ មែនដែរឬទេ?
ចម្លើយគឺ មិនមែនទេ។ ព្រះចន្ទនៅតែជាគោលដៅស្រាវជ្រាវវិទ្យាសាស្ត្រដ៏សំខាន់ ហើយការសិក្សាពីវានៅមិនទាន់បញ្ចប់ឡើយ។ អ្វីដែលមានន័យពិតប្រាកដ គឺព្រះចន្ទមិនត្រឹមតែជាគោលដៅវិទ្យាសាស្ត្រប៉ុណ្ណោះទេ ប៉ុន្តែកំពុងបម្លែងខ្លួនទៅជាគោលដៅយុទ្ធសាស្ត្រ និងអំណាចផងដែរ។

ជាក់ស្តែង ក្នុងសម័យកម្មវិធី Apollo program មនុស្សបានចុះចតនៅតំបន់ជាក់លាក់មួយចំនួនលើផ្ទៃព្រះចន្ទប៉ុណ្ណោះ។ តំបន់ប៉ូលខាងត្បូង (South Pole) ដែលបច្ចុប្បន្នត្រូវបានគេចាប់អារម្មណ៍ខ្លាំង មិនធ្លាប់មានការចុះចតមនុស្ស និងមិនទាន់បានសិក្សាយ៉ាងជ្រាលជ្រៅនោះទេ។

ការរកឃើញសញ្ញាទឹកកកនៅក្នុងអណ្ដូងងងឹតនៃតំបន់ប៉ូលខាងត្បូង គឺជាការរកឃើញថ្មីក្នុងរយៈពេលប៉ុន្មានទសវត្សរ៍ចុងក្រោយនេះ។ ទឹកកកនោះ មិនត្រឹមតែមានតម្លៃវិទ្យាសាស្ត្រទេ ប៉ុន្តែអាចមានតម្លៃយុទ្ធសាស្ត្រខ្ពស់ ព្រោះវាអាចបម្លែងទៅជាអុកស៊ីសែន និងឥន្ធនៈសម្រាប់បេសកកម្មអវកាសអនាគត។ដោយសារតែហេតុផលនេះ តំបន់ប៉ូលខាងត្បូងបានក្លាយជាចំណុចផ្តោតថ្មី ដែលភ្ជាប់គ្នារវាងវិទ្យាសាស្ត្រ ធនធាន និងយុទ្ធសាស្ត្រអំណាច។

* តើការស្រាវជ្រាវលើភពព្រះចន្ទ ចាប់ផ្តើមពីពេលណា?

ការស្រាវជ្រាវលើស្ថានព្រះចន្ទមិនមែនជារឿងថ្មីនោះទេ។ វាបានចាប់ផ្តើមយ៉ាងច្បាស់ក្នុងសម័យសង្គ្រាមត្រជាក់ ពេលដែលការប្រណាំងអវកាសក្លាយជាផ្នែកមួយនៃការប្រកួតប្រជែងអំណាចរវាងមហាអំណាច។ ដំណាក់កាលសំខាន់ៗដែលត្រូវបានកត់ត្រារួមមាន៖
- ឆ្នាំ១៩៥៩៖ អតីតសហភាពសូវៀតបញ្ជូនយានគ្មានមនុស្សបើក Luna 2 ទៅដល់ព្រះចន្ទ ដោយក្លាយជាវត្ថុបង្កើតដោយមនុស្សដំបូងបង្អស់ដែលប៉ះភពនៃផ្ទៃព្រះចន្ទមុនគេបង្អស់។
- ឆ្នាំ១៩៦១៖ អវកាសយានិកអតីតសហភាពសូវៀត លោក Yuri Gagarine បានជិះយាន Vostok1 ហោះចូលលំហអវកាស និងជាមនុស្សដំបូងបង្អស់ក្នុងប្រវត្តិសាស្ត្រ ដែលបោះហោះចូលលំហអវកាស និងបានហោះក្រឡឹងវិលជុំផែនដីមួយជុំដោយជោគជ័យក្នុងសម័យនោះ។
- ឆ្នាំ១៩៦៩៖ បេសកកម្ម Apollo 11 របស់សហរដ្ឋអាមេរិក បាននាំអវកាសយានិក Neil Armstrong និង Buzz Aldrin ចុះចតលើផ្ទៃព្រះចន្ទជោគជ័យ ខណៈលោក Michael Collins នៅតែស្ថិតនៅលើយាន Command Module ក្នុងគន្លងជុំវិញព្រះចន្ទ។ គឺនៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៦៩ លោក Armstrong បានក្លាយជាមនុស្សដំបូងបង្អស់ដែលដើរលើផ្ទៃព្រះចន្ទ បន្ទាប់មកលោក Aldrin ក៏បានចុះដើរផងដែរ។ បេសកកម្មនេះត្រូវបានចាត់ទុកថា ជាភាពជោគជ័យដ៏អស្ចារ្យបំផុតមួយក្នុងប្រវត្តិសាស្ត្រអវកាស។
- ឆ្នាំ១៩៦៩-១៩៧២៖ កម្មវិធី Apollo program បានបញ្ជូនអវកាសយានិកចំនួនប្រាំមួយដង និងនាំយកគំរូដី និងថ្មព្រះចន្ទត្រឡប់មកផែនដី ដើម្បីសិក្សាវិទ្យាសាស្ត្រ។
- ទសវត្សរ៍ ២០០០៖ បេសកកម្មអវកាសថ្មីៗពីប្រទេសជាច្រើនរួមមានប្រទេសចិន និងឥណ្ឌាផងដែរ បានរកឃើញសញ្ញាទឹកកកនៅតំបន់ប៉ូល។
- បច្ចុប្បន្ន៖ ការស្រាវជ្រាវកំពុងផ្តោតខ្លាំងលើតំបន់ប៉ូលខាងត្បូង (South Pole) ដែលត្រូវបានគេមើលថាជាតំបន់មានតម្លៃវិទ្យាសាស្ត្រ និងយុទ្ធសាស្ត្រខ្ពស់។

ដោយសារតែការរកឃើញថ្មីៗទាំងនេះ ការស្រាវជ្រាវលើព្រះចន្ទ មិនមែនជារឿងដែលបានបញ្ចប់ទេ។ ផ្ទុយទៅវិញ វាកំពុងចូលដំណាក់កាលថ្មី ដែលភ្ជាប់គ្នារវាងវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងយុទ្ធសាស្ត្រអំណាច។ ការវិលត្រឡប់ទៅព្រះចន្ទសាជាថ្មីនេះ មិនមែនជាការធ្វើឡើងវិញនៃអតីតកាលទេ ប៉ុន្តែជាការចាប់ផ្តើមជំហានថ្មីមួយក្នុងប្រវត្តិសាស្ត្រអវកាស។

* តើភពផែនដី បានទទួលប្រយោជន៍អ្វីខ្លះពីការស្រាវជ្រាវព្រះចន្ទ?

ការប្រជែងទៅកាន់ស្ថានព្រះចន្ទ មិនត្រឹមជាការប្រកួតប្រជែងអំណាចនយោបាយទេ ប៉ុន្តែបានជំរុញការបង្កើតបច្ចេកវិទ្យាថ្មីៗ ដែលជួយលើការប្រើប្រាស់ដោយផ្ទាល់ដល់ជីវិតប្រចាំថ្ងៃរបស់មនុស្សលើភពផែនដី។ កម្មវិធីអវកាស ជាពិសេសក្នុងសម័យ Apollo program បានក្លាយជាមន្ទីរពិសោធន៍ដ៏ធំមួយសម្រាប់បច្ចេកវិទ្យាទំនើប ដូចជាលទ្ធផលបច្ចេកវិទ្យា (Technology Spinoffs) រួមមាន៖
- បច្ចេកវិទ្យា microelectronics ការអភិវឌ្ឍកុំព្យូទ័រតូច ស្រាល និងមានសមត្ថភាពខ្ពស់ សម្រាប់គ្រប់គ្រងយានអវកាស បានជំរុញការរីកចម្រើនឧស្សាហកម្ម semiconductor ដែលពេលនេះជាមូលដ្ឋាននៃស្មាតហ្វូន កុំព្យូទ័រ និងឧបករណ៍ឌីជីថលទាំងមូល។
- Memory Foam ត្រូវបានអភិវឌ្ឍដំបូងសម្រាប់ការការពារអវកាសយានិកពីសម្ពាធ និងការប៉ះទង្គិច បច្ចុប្បន្នត្រូវបានប្រើប្រាស់ក្នុងគ្រែពេទ្យ គ្រែគេង និងឧបករណ៍សុខភាព។
- បច្ចេកវិទ្យាផ្កាយរណប៖ ការអភិវឌ្ឍប្រព័ន្ធទំនាក់ទំនង និងការបញ្ជូនទិន្នន័យពីអវកាស បានបង្កើតមូលដ្ឋានសម្រាប់ GPS ការទស្សន៍ទាយអាកាសធាតុ និងប្រព័ន្ធទំនាក់ទំនងសកល។
- បន្ទះសូឡា និងប្រព័ន្ធថាមពលមានប្រសិទ្ធភាពខ្ពស់៖ ត្រូវបានអភិវឌ្ឍដើម្បីផ្គត់ផ្គង់ថាមពលដល់យានអវកាស បច្ចុប្បន្នក្លាយជាផ្នែកសំខាន់នៃថាមពលកកើតឡើងវិញលើផែនដី។
បើនិយាយឲ្យងាយស្រួលស្តាប់ ការប្រជែងទៅស្ថានព្រះចន្ទ បានជំរុញបច្ចេកវិទ្យាដែលយើងប្រើប្រាស់រៀងរាល់ថ្ងៃ ដោយបម្លែងការវិនិយោគអវកាសទៅជាកំណើនសេដ្ឋកិច្ច និងការកែលម្អគុណភាពជីវិតលើផែនដី។

* តើព្រះចន្ទជួយឱ្យយើងយល់អំពីប្រវត្តិសាស្ត្រផែនដី និងសុវត្ថិភាពអនាគតដូចម្តេច?

ព្រះចន្ទមិនត្រឹមជាគោលដៅបច្ចេកវិទ្យា ឬយុទ្ធសាស្ត្រទេ។ វាជាឃ្លាំងព័ត៌មានធម្មជាតិ ដែលរក្សាទុកសំណល់ប្រវត្តិសាស្ត្រប្រព័ន្ធព្រះអាទិត្យរាប់ពាន់លានឆ្នាំ។ ការស្រាវជ្រាវនៅភពព្រះចន្ទ ជួយធ្វើឱ្យយល់៖

១. បង្ហាញប្រវត្តិកំណើតប្រព័ន្ធព្រះអាទិត្យ
គំរូដី និងថ្មដែលត្រូវបាននាំមកផែនដីក្នុងសម័យកម្មវិធី Apollo program បានជួយឱ្យអ្នកវិទ្យាសាស្ត្របង្កើតទ្រឹស្តីអំពីការកើតឡើងនៃព្រះចន្ទ និងផែនដី។ ទ្រឹស្តីសម្មតិកម្មប៉ះពាល់ធំ «Giant Impact Hypothesis» បង្ហាញថា ព្រះចន្ទអាចកើតឡើង ពីការប៉ះទង្គិចធំមួយរវាងផែនដី និងវត្ថុមួយទំហំប្រហាក់ប្រហែលភព Mars ភពព្រះអង្គារ៍។

ព្រះចន្ទ ដូចជាកំណត់ហេតុបុរាណ ដែលមិនមានខ្យល់ មិនមានទឹក និងមិនមានចលនាភ្នំភ្លើងសកម្ម ដូច្នេះស្នាមប៉ះទង្គិច នៅតែត្រូវបានរក្សាទុក។ ផ្ទៃព្រះចន្ទពោរពេញដោយស្នាមរណ្តៅប៉ះទង្គិច (impact craters) ។ ការសិក្សានេះជួយយើងយល់ថា ផែនដីក៏ធ្លាប់រងការប៉ះទង្គិចធំៗដូចគ្នា ប៉ុន្តែស្នាមទាំងនោះត្រូវបានលុបដោយអាកាសធាតុ និងសកម្មភាពភូមិសាស្ត្រ។

ការយល់ដឹងនេះមានសារៈសំខាន់សម្រាប់ការវាយតម្លៃហានិភ័យពីអាស្ទឺរ៉ុយ (asteroids) ដែលអាចបង្កគ្រោះថ្នាក់ដល់ផែនដីនៅអនាគត។ ព្រះចន្ទ ដូចជាកំណត់ហេតុធម្មជាតិមួយ ដែលរក្សាទុកស្នាមប៉ះទង្គិចជាច្រើន ព្រោះវាមិនមានបរិយាកាស និងមិនមានចលនាភូមិសាស្ត្រ ដែលអាចលុបបំបាត់ស្នាមដូចនៅផែនដីបានឡើយ។

២. តើការសិក្សាវិទ្យាសាស្ត្រនៅសល់អ្វីទៀតក្នុងស្ថានព្រះចន្ទ?

ក្រៅពីការស្រាវជ្រាវពាក់ព័ន្ធនឹងប្រព័ន្ធព្រះអាទិត្យ, ភពព្រះចន្ទបានជួយផ្តល់បរិយាកាសសាកល្បងសម្រាប់បច្ចេកវិទ្យាផ្សេងៗដូចជា៖
- ការផលិតអុកស៊ីសែនពីដីនៃស្ថានព្រះចន្ទ
- ការប្រើទឹកកកដើម្បីផលិតជាឥន្ធនៈ និងថាមពល
- ការសាងសង់មូលដ្ឋាន ក្រោមលក្ខខណ្ឌអវកាស និងទំនាញទាប។
បច្ចេកវិទ្យាទាំងនេះ មិនមែនសម្រាប់ព្រះចន្ទប៉ុណ្ណោះទេ ប៉ុន្តែជាជំហានសំខាន់សម្រាប់ការធ្វើដំណើរទៅភព Mars និងការរស់នៅក្រៅផែនដីក្នុងរយៈពេលវែងផងដែរ។

ទោះបីមានការសិក្សាជាច្រើនកន្លងមកក៏ភពព្រះចន្ទនៅតែពោរពេញដោយសំណួរធំៗ ដែលគេកំពុងស្រាវជ្រាវដូចជា៖ បរិមាណទឹកកកពិតប្រាកដនៅតំបន់ប៉ូលខាងត្បូង, សក្តានុពលធនធានដូចជា Helium-3 សម្រាប់ថាមពលនុយក្លេអ៊ែ័រអនាគត, ការបញ្ជាក់ច្បាស់លាស់អំពីការកើតឡើងនៃដើមកំណើតព្រះចន្ទ និងឥទ្ធិពលធូលីអវកាស និងបរិយាកាសអវកាសលើសុខភាពមនុស្ស។ ដូច្នេះព្រះចន្ទនៅតែជាឃ្លាំងសំណួរវិទ្យាសាស្ត្រដែលគេមិនទាន់អាច ស្រាវជ្រាវអស់ឡើយ។

សន្និដ្ឋាន៖ ដូច្នេះពេលដែលយើងនិយាយថា «ព្រះចន្ទលែងជាគោលដៅវិទ្យាសាស្ត្រ» វាមិនមានន័យថាវិទ្យាសាស្ត្របានបញ្ចប់នោះទេ។ ផ្ទុយទៅវិញវាមានន័យថា វិទ្យាសាស្ត្រ កំពុងបញ្ចូលជាមួយយុទ្ធសាស្ត្រ និងសេដ្ឋកិច្ច ដើម្បីបង្កើតស្ថាបត្យកម្មអំណាចថ្មីក្នុងសតវត្សទី២១។ ការប្រជែងរវាងសហរដ្ឋអាមេរិក និងចិន មិនមែនជាការប្រកួតដើម្បីដាក់ជើងជាលើកដំបូងលើព្រះចន្ទទៀតទេ ប៉ុន្តែជាការប្រកួតដើម្បីកំណត់ថា នរណានឹងសរសេរច្បាប់ ស្តង់ដារ និងរបៀបគ្រប់គ្រងសេដ្ឋកិច្ចអវកាសអនាគត។ ប្រសិនបើសង្គ្រាមត្រជាក់សម័យមុន វាគឺជាការប្រកួតប្រជែងដែលកើតឡើងលើផែនដី ប៉ុន្តែសង្គ្រាមត្រជាក់នាសម័យថ្មីនេះ វាអាចពង្រីកទៅដល់លំហអវកាសនៃស្ថានព្រះចន្ទថែមទៀត។

សម្រាប់ប្រទេសតូចមួយដូចកម្ពុជា មេរៀនសំខាន់មិនមែនស្ថិតនៅក្នុងការប្រកួតអំណាចនោះទេ ប៉ុន្តែស្ថិតនៅក្នុងការយល់ដឹងថា បច្ចេកវិទ្យា និងវិទ្យាសាស្ត្រ គឺជាមូលដ្ឋាននៃអំណាចសេដ្ឋកិច្ចអនាគត។ ប្រទេសដែលវិនិយោគលើការអប់រំ STEM ការស្រាវជ្រាវ និងបច្ចេកវិទ្យា ទោះបីមិនមានយានអវកាសផ្ទាល់ខ្លួនក៏ដោយ ក៏អាចក្លាយជាផ្នែកមួយនៃសេដ្ឋកិច្ចអវកាសសកល។

ក្នុងបរិបទនេះ កម្ពុជា អាចយកមេរៀនពីការប្រកួតប្រជែងនៃប្រទេសមហាអំណាចធ្វើដំណើរទៅកាន់ភពព្រះចន្ទ ដោយផ្តោតលើ៖
- ការពង្រឹងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាក្នុងប្រព័ន្ធអប់រំ
- ការចូលរួមក្នុងបណ្តាញសហប្រតិបត្តិការអវកាសអន្តរជាតិ
- ការប្រើប្រាស់បច្ចេកវិទ្យាផ្កាយរណប សម្រាប់កសិកម្ម បរិស្ថាន និងសន្តិសុខ
ព្រះចន្ទអាចឆ្ងាយពីភ្នំពេញជាង ៣៨ម៉ឺនគីឡូម៉ែត្រ ប៉ុន្តែមេរៀនអំពីវិទ្យាសាស្ត្រ និងអំណាច ដែលវាបង្ហាញ មិនឆ្ងាយពីអនាគតកម្ពុជានោះទេ។ នៅទីបំផុត ព្រះចន្ទមិនមែនជាសមរភូមិអំណាចសម្រាប់មហាអំណាចប៉ុណ្ណោះទេ វាជាកញ្ចក់បង្ហាញថា អនាគតជាតិណាមួយ នឹងកំណត់ដោយកម្រិតចំណេះដឹង និងសមត្ថភាពវិទ្យាសាស្ត្ររបស់ខ្លួន៕