កម្ពុជា ស្វាគមន៍នាវាទេសចរណ៍សញ្ជាតិ BAHAMAS ចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ
24-02-2026 16:27
(ភ្នំពេញ)៖ ក្រសួងទេសចរណ៍ បានស្វាគមន៍នាវាទេសចរណ៍មួយគ្រឿងឈ្មោះ SEABOURN ENCORE សញ្ជាតិ BAHAMAS ដឹកភ្ញៀវទេសចរចំនួន ៥២៩នាក់ដែលមាន ២៣សញ្ជាតិចូលចតនៅ កំពង់ផែស្វយ័តក្រុងព្រះសីហនុ នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦។
នាវាទេសចរណ៍ខាងលើបានចូលចតដោយសុវត្ថិភាព ក្រោមការចង្អុលបង្ហាញរបស់លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍។ មន្ទីរទេសចរណ៍ខេត្តព្រះសីហនុ បានរៀបចំពិធីទទួលស្វាគមន៍យ៉ាងកក់ក្តៅ ដល់ភ្ញៀវទេសចរ និងនាវិកចំនួន ៤១៥នាក់ ដែលមាន ៤៣សញ្ជាតិ បានចុះពីនាវាទេសចរណ៍ SEABOURN ENCORE សញ្ជាតិ BAHAMAS មានបណ្ដោយប្រវែង២១០.៥០ម៉ែត្រ និងទទឹងប្រវែង២៨ម៉ែត្រ ជម្រៅ៦ម៉ែត្រ។
ក្នុងឱកាសនោះ មន្ទីរទេសចរណ៍បានណែនាំអំពីតំបន់សក្តានុពលទេសចរណ៍សំខាន់ៗរបស់ខេត្តព្រះសីហនុ ដើម្បីផ្ដល់បទពិសោធន៍ល្អប្រសើរជូនភ្ញៀវទេសចរ។ ការចូលចតរបស់នាវាទេសចរណ៍អន្តរជាតិ បន្តបង្ហាញពីភាពទាក់ទាញ និងសក្តានុពលរបស់វិស័យទេសចរណ៍កម្ពុជា ក្នុងការទាក់ទាញភ្ញៀវទេសចរពីជុំវិញពិភពលោក៕








