សង្គ្រាមការទូតកម្ពុជា-ថៃ កម្ពុជាកំពុងមានប្រៀប ឬយ៉ាងណា? (Video inside)
24-02-2026 14:53
(ភ្នំពេញ)៖ បណ្ដាញសារព័ត៌មានអន្តរជាតិធំៗជាច្រើន បានធ្វើការផ្សព្វផ្សាយពីស្ថានភាពពិតជាក់ស្ដែងនៅតាមបន្ទាត់ព្រំដែនរវាងកម្ពុជា និងថៃ ក្រោយសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានផ្ដល់បទសម្ភាសផ្ដាច់មុខជាមួយ Reuters និង Fox News ដោយសម្ដេចបានលាតត្រដាងអំពីបញ្ហាដែលកម្ពុជាចោទថា ជាការឈ្លានពានលើដែនអធិបតេយ្យភាពរបស់ខ្លួន។
វត្តមាននេះ ត្រូវបានមើលឃើញថា ជាជំហានសំខាន់ក្នុងវិស័យការទូតកម្ពុជា ខណៈអ្នកវិភាគមួយចំនួនបានលើកសំណួរថា តើកម្ពុជាកំពុងមានប្រៀបក្នុង «សង្គ្រាមការទូត» ជាមួយថៃឬយ៉ាងណា?
លោកបណ្ឌិត ឈត ប៊ុនថង អ្នកជំនាញភូមិសាស្ត្រនយោបាយ បានវាយតម្លៃថា ការទូតកម្ពុជាហាក់មានប្រៀបលើថៃ ដោយសារតែ សារដែលប្រមុខរដ្ឋាភិបាលកម្ពុជាបានបញ្ជាក់ ស្របតាមអ្វីដែលលោកចាត់ទុកថា ជាការពិតជាក់ស្តែង។ លោកបន្ថែមថា ការលើកឡើងរបស់ភាគីថៃកន្លងមក គឺគ្រាន់តែជាទឡ្ហីការណ៍មិនមានមូលដ្ឋានច្បាស់លាស់ ហើយបានប្រៀបធៀបស្ថានការណ៍នេះដូចជា «របស់ពិត» និង «របស់ក្លែងក្លាយ»។
ជាមួយគ្នានេះ លោកបណ្ឌិត យង់ ពៅ អ្នកជំនាញវិទ្យាសាស្ត្រនយោបាយ មើលឃើញថា មិនទាន់អាចសន្និដ្ឋានថា កម្ពុជាឈ្នះសង្គ្រាមការទូតលើថៃបាននៅឡើយទេ។ ទោះជាយ៉ាងណា លោកថា កម្ពុជាបានបង្ហាញឱ្យសហគមន៍អន្តរជាតិឃើញពីទស្សនៈ និងមូលហេតុដែលខ្លួនអះអាង ពាក់ព័ន្ធនឹងបញ្ហាដែនអធិបតេយ្យ។ លោកបន្ថែមថា ការបញ្ចេញជំហររបស់កម្ពុជា ផ្អែកលើគោលការណ៍ច្បាប់អន្តរជាតិ សច្ចភាព សុចរិតភាព និងសន្តិភាព។
ដោយឡែក លោកបណ្ឌិត ដៀប សុផល អ្នកជំនាញប្រវត្តិសាស្ត្រ និងទំនាក់ទំនងអន្តរជាតិ បានលើកឡើងថា ពាក្យថា «ឈ្នះ» ឬ «ចាញ់» នៅពេលនេះ មិនទាន់អាចវាយតម្លៃបានច្បាស់លាស់ទេ ព្រោះភាពតានតឹងរវាងកម្ពុជា និងថៃ អាចកើតមានក្នុងទម្រង់ផ្សេងៗ ដូចជា សង្គ្រាមប្រដាប់អាវុធ សង្គ្រាមការទូត និងសង្គ្រាមចិត្តសាស្ត្រ។
យ៉ាងណាមិញ វត្តមានរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ទៅកាន់សហរដ្ឋអាមេរិក លើកនេះ ត្រូវបានចាត់ទុកថា បង្ហាញពីជំហររបស់កម្ពុជា ក្នុងការស្វែងរកដំណោះស្រាយដោយសន្តិវិធី តាមរយៈយន្តការដែលមានស្រាប់ និងការគោរពច្បាប់អន្តរជាតិ។ នេះបើតាមការបញ្ជាក់របស់លោកបណ្ឌិត ដៀប សុផល។
លោក ពុយ គា ប្រធានក្លិបអ្នកកាសែតកម្ពុជា បានបញ្ជាក់ដែរថា ដំណោះស្រាយព្រំដែនរវាងកម្ពុជា និងថៃ មិនអាចប្រើកម្លាំងក្នុងការដោះស្រាយនោះទេ ផ្ទុយទៅវិញកម្ពុជា និងថៃ ត្រូវប្រើយន្តការច្បាប់អន្តរជាតិ និងការទូត ដើម្បីស្ដារសន្តិភាពព្រំដែនប្រទេសទាំងពីរឡើងវិញ។ ប្រធានក្លិបអ្នកកាសែតរូបនេះ បានបន្តថា អាមេរិកជាទីតាំងល្អបំផុតសម្រាប់កម្ពុជា ក្នុងការតតាំងផ្នែកការទូត ផ្លូវច្បាប់ ហើយនិងព័ត៌មាន។
គួរបញ្ជាក់ថា កាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៦ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានផ្ដល់បទសម្ភាសផ្ដាច់មុខជាមួយ Reuters និង Fox News ដែលជាវត្តមានដំបូងរបស់លោកជាមួយសារព័ត៌មានអន្តរជាតិធំៗទាំងនេះ។ ក្នុងបទសម្ភាសនោះ លោកបានលើកឡើងអំពីបញ្ហាប្រឈមដែលកម្ពុជាអះអាងថា បានជួបប្រទះពីភាគីយោធាថៃ។
ទោះបីជាមានភាពតានតឹងកើតឡើងក៏ដោយកម្ពុជា នៅតែប្រកាន់ជំហរដោះស្រាយបញ្ហាព្រំដែនជាមួយថៃដោយសន្តិវិធី ប្រើប្រាស់យន្តការដែលមានស្រាប់ និងទាមទារឱ្យថៃមានការគោរពបទដ្ឋានគតិយុត្តអន្តរជាតិជាដាច់ខាត៕
