អភិបាលខេត្តស្វាយរៀង ណែនាំសមត្ថកិច្ចជំនាញទាំងអស់ ត្រូវពង្រឹងការបង្ក្រាបក្មេងទំនើង និងបទល្មើសគ្រឿងញៀនឲ្យបានម៉ឺងម៉ាត់បំផុត
24-02-2026 14:47
(ស្វាយរៀង)៖ លោក ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង បានណែនាំដល់សមត្ថកិច្ចពាក់ព័ន្ធ ត្រូវបន្តពង្រឹងការបង្ក្រាបក្មេងទំនេីង និងទប់ស្កាត់ការជួញដូរចែកចាយ ប្រើប្រាស់គ្រឿងញៀននៅតាមមូលដ្ឋានឲ្យបានម៉ឺងម៉ាត់។ ការថ្លែងប្រាប់បែបនេះរបស់លោកអភិបាលខេត្ត បានធ្វើឡើងនៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកុម្ភៈ និងលើកទិសដៅការងារខែមីនា ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦។
ក្នុងឱកាសនោះ លោកអភិបាលខេត្ត បានកោតសរសើរ និងថ្លែងអំណរគុណកងកម្លាំងសមត្ថកិច្ច អាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ដែលបានយកចិត្តសហការការពារសន្តិសុខសណ្តាប់បានល្អ ជូនដល់ប្រជាពលរដ្ឋ ជាពិសេសក្នុងឱកាសរៀបចំពិធីប្រកួតកីឡាទូក ង ទូកនាគ ទូកកានូ ទូកកៃយ៉ាក់ និងរ៉ូអ៉ីងកម្ពុជា ពានរង្វាន់លោកអភិសន្តិបណ្ឌិត ស សុខា នៅទីតាំងទន្លេវ៉ៃគោ ដែលបានបញ្ចប់ទៅដោយរលូន និងបង្កភាពសប្បាយរីករាយជូនដល់ប្រជាពលរដ្ឋ។
ជាមួយគ្នានេះ លោកអភិបាលខេត្ត បានដាក់ចេញនូវទិសដៅសំខាន់ៗមួយចំនួនដូចខាងក្រោម៖
*១៖ អាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ត្រូវពិនិត្យ តាមដានរាល់កម្មភាពនៅតាមអាគារ ឬទីតាំងណាដែលការសង្ស័យថាមានករណី (Online Scam)ត្រូវរាយការណ៍ជូនដល់សមត្ថកិច្ចជំនាញពាក់ព័ន្ធ ដេីម្បីចុះពិនិត្យបោសសម្អាតឲ្យដល់ឬសគល់ចេញពីមូលដ្ឋាន ដោយមិនមានការលេីកលែងឡេីយ
*២៖ រដ្ឋបាលក្រុង ស្រុក និងអាជ្ញាធរជំនាញពាក់ព័ន្ធត្រូវបន្តការខិតខំដោះស្រាយបញ្ហានានាពាក់ព័ន្ធ និងបណ្តឹង សំណើសំណូមរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានឲ្យអស់ពីលទ្ធភាព
*៣៖ ត្រូវខិតខំទប់ស្កាត់ឲ្យបានម៉ឺងម៉ាត់ រាល់សកម្មភាពរបស់ប្រជាពលរដ្ឋមួយចំនួន ដែលសង់ទន្ទ្រានលេីដីរបស់រដ្ឋដូចជា ចំណីផ្លូវ ព្រែក ប្រឡាយ ស្ទឹង បឹងបួរជាដេីម ត្រូវទប់ស្កាត់ដោះស្រាយឲ្យបានទាន់ពេលវេលា
*៤៖ អភិបាលរងខេត្តទទួលបន្ទុក និងមន្ទីរការងារ ត្រូវបន្តពិនិត្យតាមដានរាល់សកម្មភាពមិនល្អណាមួយ ក្នុងការបំពេញការងាររបស់កម្មករ ដូចជាបញ្ហាប្រាក់ឈ្នួលជាដេីម ត្រូវពិនិត្យដោះស្រាយ។
បន្ថែមពីនេះ លោកអភិបាលខេត្ត បានអនុញ្ញាតឲ្យមានការលើកជាមតិយោបល់ និងបញ្ហាផ្សេងៗផងដែរ ក្នុងនោះមន្ទីរ អង្គភាព មួយចំនួនបានពីវឌ្ឍនភាពការងារដែលមន្ទីរ អង្គភាពរបស់ខ្លួន និងបញ្ហាប្រឈមដែលត្រូវដោះស្រាយ។ ចុងបញ្ចប់នៃកិច្ចប្រជុំ លោកបានផ្តល់កិត្តិយសចែកជូននូវថវិកា ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាពជូនដល់លោកអភិបាលក្រុង ស្រុក ដេីម្បីផ្តល់ទៅឲ្យឃុំ សង្កាត់ ដែលជាប់ចំណាត់ថ្នាក់ផងដែរ៕
















