FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

តុលាការផ្តន្ទាទោសជនជាតិអង់គ្លេស២នាក់ ដាក់ពន្ធនាគារពី ១០ឆ្នាំដល់ ១៤ឆ្នាំ ក្រោយរកឃើញបទល្មើសរត់ពន្ធកញ្ឆាឆ្លងដែនពីថៃមកកម្ពុជា

24-02-2026 14:34

(ភ្នំពេញ)៖ លោក ទិត្យសុធី បូរ៉ាឆាត ប្រធានក្រុមប្រឹក្សាចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ និងមានលោក ទុង រតនា ជាតំណាងអយ្យការ នៅព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦ បានដំណើការសវនាការ ដើម្បីប្រកាសសាលក្រមលើសំណុំរឿងជនជាតិអង់គ្លេស២នាក់ ករណីរត់ពន្ធកញ្ឆាក្រៀមឆ្លងដែនពីថៃមកកម្ពុជា ដោយសម្រេចផ្តន្ទាទោសពី ១០ឆ្នាំទៅ ១៤ឆ្នាំ។

ពិរុទ្ធជនទាំង២នាក់ រួមមាន៖

*ទី១៖ ឈ្មោះ Hogg Jordan James ដាក់ពន្ធនាគារចំនួន១០ឆ្នាំ និងពិន័យ១០លានរៀល
*ទី២៖ ឈ្មោះ Crellciran Ashey Stepen ដាក់ពន្ធនាគារ១៤ឆ្នាំ និងពិន័យ១៤លានរៀល។

សូមបញ្ជាក់ថា កាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥ កម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀនឆ្លងដែន (ក១០) នៃមន្ទីរគ្រឿងញៀន បានសហការជាមួយសមត្ថកិច្ចគយ និងរដ្ឋាករនៃអាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញ បានចុះប្រតិបត្តិការធ្វើការត្រួតពិនិត្យលើវ៉ាលីចំនួន ២ពណ៌ខ្មៅ និងបានឃាត់ខ្លួនជនជាប់ចោទចំនួន០២នាក់ មានឈ្មោះ CRELLIN CIARAN ASHLEY STEPHEN ភេទប្រុស ជនជាតិអង់គ្លេស និងឈ្មោះ HOGG JORDAN JAMES ភេទប្រុស ជនជាតិអង់គ្លេស នៅចំណុចស្ថានីយអ្នកដំណើរចេញនៃអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ដែលមានគោលដៅចេញពីកម្ពុជា-ម៉ាឡេស៊ី ហើយបន្តដំណើរចេញពីម៉ាឡេស៊ី-អង់គ្លេស និងបានពិនិត្យជាក់ស្ដែងរកឃើញមានរុក្ខជាតិក្រៀមលាក់បង្កប់ក្នុងវ៉ាលី ដែលជារុក្ខជាតិញៀនខុសច្បាប់ (ប្រភេទកញ្ឆាក្រៀម) ដោយរុក្ខជាតិញៀន (កញ្ឆាក្រៀម) ចំនួន៣៦ដុំ ទម្ងន់ ១៨គីឡូក្រាម ជារបស់ជនជាប់ចោទឈ្មោះ CRELLIN CIARAN ASHLEY STEPHEN និងរុក្ខជាតិញៀន (កញ្ឆាក្រៀម) ចំនួន៣៦ដុំ ទម្ងន់១៨គីឡូក្រាម ជារបស់ជនជាប់ចោទឈ្មោះ HOGG JORDAN JAMES។

រុក្ខជាតិញៀនប្រភេទកញ្ឆាក្រៀមចំនួន ៧២ដុំ ទម្ងន់៣៦គីឡូក្រាម ដែល រុក្ខជាតិញៀនប្រភេទ (កញ្ឆាហាក្រៀម) ខាងលើជនសង្ស័យឈ្មោះ PAC-MAN ភេទប្រុស កាន់លេខទូរស័ព្ទ +៤៤ ៧៣៨ ៤៧៣ ៥៧២១ គឺជាមេក្លោង និងជាអ្នកបញ្ជាឱ្យឈ្មោះ CRELLIN CIARAN ASHLEY STEPHEN និងឈ្មោះ HOGG JORDAN JAMES ដឹកពីប្រទេសកម្ពុជា ទៅកាន់ប្រទេសអង់គ្លេស៕