FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

កម្លាំងជំនាញរបស់មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ចុះបង្រ្កាបកន្លែងស្តុកទុក និងចែកចាយដោយខុសច្បាប់នូវបារីអេឡិចត្រូនិច ដកហូតបាន ៣០ម៉ឺនដើម

24-02-2026 13:56

(ភ្នំពេញ)៖ កម្លាំងជំនាញរបស់មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ដោយមានការសម្របសម្រួលពីព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដឹកនាំដោយលោក សេង ម៉េងស្រ៊ុន បានចុះបង្រ្កាបករណីស្តុកទុក និងចែកចាយ ដោយខុសច្បាប់នូវបារីអេឡិចត្រូនិច ស្ថិតនៅគោលដៅ ផ្ទះC5 ផ្លូវបេតុង ភូមិស្រុកចេក សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ឃាត់ខ្លួនបានមនុស្ស ៥នាក់ វត្ថុតាង ចាប់បារីអេឡិចត្រូនិច ប្រមាណ ៣០០,០០០ដើម។

ប្រតិបត្ដិការនេះអនុវត្តតាមបទបញ្ជារបស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងឧត្តមសេនីយ៍ឯក ប៊ុន ប៉ាម៉ារីលុច អគ្គស្នងការរងទទួលដឹកនាំមន្ទីរប្រឆាំង បទល្មើសគ្រឿងញៀន និងឧត្តមសេនីយ៍ឯក ព្រុំ សន្ធរ អគ្គស្នងការរងទទួលសហការដឹកនាំមន្ទីរប្រឆាំងគ្រឿនញៀន និងដឹកនាំបញ្ជាផ្ទាល់ពីឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ដោយសហការជាមួយកម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។

ប្រភពពីកម្លាំងជំនាញបានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News នារសៀលថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦ បានបញ្ជាក់ឱ្យដឹងទៀតថា កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦ វេលាម៉ោង ៤និង០០នាទីទៀបភ្លឺ កម្លាំងនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន​ បានចុះបង្រ្កាបកន្លែងស្តុកទុក និងចែកចាយ ដោយខុសច្បាប់នូវបារីអេឡិចត្រូនិចមួយកន្លែង ដែលជាលទ្ធផល ឃាត់ខ្លួនជនល្មើស ៥នាក់រួមមានឈ្មោះ វង្ស ឆាយណា ភេទប្រុស, ឈ្មោះ គង់ ឬទ្ធី ភេទប្រុស, ឈ្មោះ វ៉ែន ប្រុស ភេទប្រុស, ឈ្មោះ ទួន តារា ភេទប្រុស និងឈ្មោះ ម៉ៅ សុវណ្ណហៃ ភេទប្រុស ។

នៅក្នុងប្រតិបត្តិការនេះ វត្ថុតាងចាប់បានមានបារីអេឡិចត្រូនិច ប្រមាណ ២០០,០០០​ ទៅ៣០០,០០០ដើមផងដែរ៕