FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ឯកអគ្គរដ្ឋទូតហ្វីលីពីនប្រចាំកម្ពុជា៖ ហ្វីលីពីនក្នុងនាមជាប្រធានអាស៊ាន នឹងបន្ដគាំទ្របទឈប់បាញ់រវាងកម្ពុជា-ថៃ ដើម្បីដោះស្រាយបញ្ហាដោយសន្ដិវិធី (Video inside)

24-02-2026 13:17

(បន្ទាយមានជ័យ)៖ លោកស្រី Flerida Ann Camille P. Mayo ឯកអគ្គរដ្ឋទូតហ្វីលីពីនប្រចាំប្រទេសកម្ពុជា បានឲ្យដឹងថា ប្រទេសហ្វីលីពីន ក្នុងនាមជាប្រធានអាស៊ានប្ដូរវេន បានពិគ្រោះយោបល់ជាមួយប្រទេសកម្ពុជា និងថៃ ដើម្បីបង្កើនសមត្ថភាពរបស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន AOT ដើម្បីជួយគាំទ្រដល់បទឈប់បាញ់ឲ្យមានស្ថេរភាព និងជួយរកដំណោះស្រាយដោយសន្ដិភាពប្រទេសទាំងពីរ។

ឯកអគ្គរដ្ឋទូតហ្វីលីន បានបញ្ជាក់បែបនេះ ក្នុងឱកាសចុះពិនិត្យផ្ទាល់នៅស្ថានភាពជនភៀសសឹក និងសកម្មភាពរំលោភបំពានរបស់ថៃក្រោយបទឈប់បាញ់ នៅក្នុងភូមិសាស្ដ្រខេត្តបន្ទាយមានជ័យ ជាមួយតំណាងស្ថានទូតបណ្ដា ប្រទេសជាច្រើនទៀត ក្រោមការសម្របសម្រួលរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្ដរជាតិកម្ពុជា និងរដ្ឋបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦នេះ។

លោកស្រីឯកអគ្គរដ្ឋទូត បានថ្លែងយ៉ាងដូច្នេះថា «ឥឡូវនេះ អ្វីដែលប្រធានអាស៊ានកំពុងធ្វើទាក់ទងនឹងបញ្ហានេះ គឺប្រទេសហ្វីលីពីនបានចាប់ផ្តើមពិគ្រោះយោបល់ជាមួយប្រទេសទាំងពីររួចហើយ ដោយមានគោលបំណង បង្កើនសមត្ថភាពរបស់ AOT ក្នុងការជួយរក្សាបទឈប់បាញ់ និងក្នុងដំណើរការនេះ ផ្តល់ពេលវេលាសមស្របសម្រាប់យន្តការទ្វេភាគី ដើម្បីទទួលបានសន្តិភាពយូរអង្វែង សម្រាប់ប្រទេសទាំងពីរ ដែលជាប្រទេសជិតខាង អាស៊ានរបស់យើង»

លោកស្រី Flerida Ann Camille P. Mayo ក៏បានរំលឹកឡើងវិញថា អគ្គមេបញ្ជាការ នៃកងទ័ពហ្វីលីពីន ដែលទើបតែមកទស្សនកិច្ចនៅទីនេះថ្មីៗ ហើយនោះគឺជាផ្នែកមួយនៃដំណើរការពិគ្រោះយោបល់របស់ហ្វីលីពីន និងការប្រមូលធាតុចូលពីភាគីទាំងពីរ ដើម្បីធ្វើឲ្យលក្ខខណ្ឌនៃឯកសារយោងរបស់ AOT កាន់តែមានប្រសិទ្ធភាព ហើយជាការពិតណាស់ ក្នុងនាមជាគ្រួសារអាស៊ានតែមួយយើងសង្ឃឹមថា នឹងដោះស្រាយបញ្ហា ព្រំដែនដោយសន្តិវិធី៕