អគ្គកុងស៊ុលជប៉ុនមើលឃើញពីការលំបាករបស់ពលរដ្ឋកម្ពុជា ដែលភៀសសឹកដោយសារការរំលោភបំពានរបស់ថៃ និងអះអាងថា ជប៉ុនបន្ដផ្ដល់ជំនួយដល់កម្ពុជា (Video inside)
24-02-2026 13:13
(បន្ទាយមានជ័យ)៖ លោក Matsuda Junsaku អគ្គកុងស៊ុលជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា បានមើលឃើញអំពីស្ថានភាព នៃការរងទុក្ខលំបាករបស់ប្រជាពលរដ្ឋកម្ពុជា ដែលកំពុងភៀសសឹកគេចពីការរំលោភបំពានរបស់ថៃ និងអះអាងថា ប្រទេសជប៉ុននឹងបន្តផ្តល់ជំនួយ ODA និងជំនួយមនុស្សធម៌ដល់ប្រជាជនកម្ពុជា ដើម្បីបន្តសង្គ្រោះ និងបន្ធូរទុក្ខលំបាកនៅតំបន់ព្រំដែនដែលមានជម្លោះ។
ការអះអាងបែបនេះ បានធ្វើក្នុងឱកាសដែលលោក Matsuda Junsaku អគ្គកុងស៊ុលជប៉ុនប្រចាំកម្ពុជា ផ្តល់បទសម្ភាសន៍ដល់អ្នកសារព័ត៌មាន នៅរសៀលថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៦ នៅខេត្តបន្ទាយមានជ័យ បន្ទាប់ពីបានចុះពិនិត្យស្ថានភាពជនភៀសសឹក និងសកម្មភាពរំលោភបំពានរបស់ថៃ នៅក្នុងដែនអធិបតេយ្យភាពកម្ពុជា។
លោក Matsuda Junsaku អគ្គកុងស៊ុលជប៉ុន ប្រចាំកម្ពុជា បានបញ្ជាក់យ៉ាងដូច្នេះថា «យើងនឹងបន្តផ្តល់ជំនួយដល់ប្រជាជននៅកម្ពុជាតាមរយៈ ODA និងជំនួយមនុស្សធម៌ផងដែរ ដោយសហការជាមួយសហគមន៍អន្តរជាតិ។ ហើយសម្រាប់ការបន្ធូរបន្ថយភាពតានតឹង យើងបន្តនិយាយជាមួយកម្ពុជា និងថៃ ដើម្បីសម្រេចបានបន្ថែមទៀតនូវការបន្ធូរបន្ថយភាពតានតឹង»។
លោក Matsuda បានថ្លែងបន្តថា ដំណើរទស្សនកិច្ចនេះពិតជាមានប្រយោជន៍សម្រាប់ប្រជាពលរដ្ឋ និងសម្រាប់ប្រទេសជប៉ុនផងដែរ។ ប្រជាជននៅតំបន់នេះនៅតែប្រឈមមុខនឹងទុក្ខលំបាក ខណៈដែលរាជរដ្ឋាភិបាលកម្ពុជា កំពុងខិតខំរៀបចំប្រព័ន្ធស្បៀងអាហារ និងអនាម័យសម្រាប់ពលរដ្ឋ។
ក្នុងន័យនេះ លោកនឹងរាយការណ៍ស្ថានភាពទៅស្ថានទូត និងពិភាក្សាជាមួយទីក្រុងតូក្យូ អំពីវិធានការគាំទ្របន្ថែម ដើម្បីរួមចំណែកក្នុងការដោះស្រាយស្ថានភាពតំបន់ព្រំដែន។ លោក Matsuda បញ្ជាក់ថា ប្រទេសជប៉ុន នឹងបន្តពិភាក្សាជាមួយសមាជិកអាស៊ាន រួមទាំងប្រទេសហ្វីលីពីន ដើម្បីពង្រឹងតួនាទី AOT ក្នុងការគាំទ្រកម្ពុជា៕
