រដ្ឋមន្រ្តីសង្កមកិច្ច បង្ហាញសមិទ្ធផលសំខាន់ៗចំនួន៩ចំណុច នៅក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងទិសដៅអនុវត្តបន្ត ឆ្នាំ២០២៦ (Video inside)
24-02-2026 13:01
(ភ្នំពេញ)៖ លោក ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានថ្លែងរំលេចសមិទ្ធផលសំខាន់ៗចំនួន៩ចំណុច ក្នុងឱកាសបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងទិសដៅអនុវត្តបន្ត ឆ្នាំ២០២៦ របស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នាថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦។
សមិទ្ធផលសំខាន់ៗទាំង៩ចំណុច មានដូចខាងក្រោម៖
១៖ សេវាសុខុមាលភាពមនុស្សចាស់ អតីតយុទ្ធជន និងនិវត្តជន ត្រូវបានយកចិត្តទុកដាក់និងពង្រឹង។សមាគមមនុស្សចាស់នៅតាមឃុំ-សង្កាត់ ត្រូវបានពង្រឹងបន្ថែមជាបន្តបន្ទាប់ ក្នុងគោលបំណងលើកកម្ពស់សេចក្តីថ្លៃថ្នូរ ពង្រឹងសាមគ្គីភាព ជួយរំលែកទុក្ខលំបាក ជួយគ្នាទៅវិញទៅមក និង
ការចែករំលែកនូវបទពិសោធន៍ដល់អ្នកជំនាន់ក្រោយ។ ចំពោះសមាគមអតីតយុទ្ធជនកម្ពុជា បានសម្រេចប្តូរឈ្មោះពី សមាគមអតីតយុទ្ធជនកម្ពុជា ទៅជា សមាគមអតីតយុទ្ធជននិងនិវត្តជនកម្ពុជា(អ.ន.ក.) ដោយសម្រេចបញ្ចូល អតីតមន្ត្រីរាជការស៊ីវិលចូលក្នុងសមាគម និងដំឡើងថវិកាឧបត្ថម្ភពី ៤,០០០លានរៀល ទៅ ៨,០០០លានរៀលក្នុងមួយឆ្នាំ ចាប់ពីឆ្នាំ២០២៦ តទៅ និងជួយសាងសង់ផ្ទះជូនអតីតយុទ្ធជនចំនួន ១០០ខ្នងក្នុងមួយឆ្នាំ សម្រាប់រយៈពេល៥ឆ្នាំ ចាប់ពីឆ្នាំ២០២៦ដល់ឆ្នាំ២០៣០។
២៖ សេវាកិច្ចការពារកុមារ នៅតែបន្តរីកចម្រើនឥតឈប់ឈរ កុមាររងគ្រោះត្រូវបានយកចិត្តទុកដាក់និងទទួលបានការគាំពារ ស្របតាមបទដ្ឋាន និងគោលដៅកំណត់។ ការធ្វើអាជីវកម្មគ្រប់រូបភាពលើកុមារ អំពើហិង្សាលើកុមារ ការប្រើប្រាស់ពលកម្មកុមារ អំពើពេស្យាចារលើកុមារ ការជួញដូរកុមារ អំពើអនាចារ និងអសីលធម៌ផ្សេងៗលើកុមារត្រូវបានចាត់វិធានការបង្ការ អន្តរាគមន៍ និងទប់ស្កាត់បានទាន់ពេលវេលា។ គោលនយោបាយថែទាំជំនួសចំពោះកុមារ និងបទដ្ឋានអប្បបរមាសម្រាប់ការថែទាំកុមារក្នុងមណ្ឌល និងសហគមន៍ ត្រូវបានអនុវត្តយ៉ាងខ្ជាប់ខ្ជួន។
៣៖ ការងារកិច្ចការគ្រួសារ ក្រសួងបាននិងកំពុងអនុវត្តកម្មវិធីពង្រឹងភាពធន់សេដ្ឋកិច្ចគ្រួសាររងគ្រោះនិងងាយរងគ្រោះ សំដៅផ្ដល់ការគាំទ្រផ្នែកសេដ្ឋកិច្ចដល់គ្រួសារគោលដៅ ដែលបច្ចប្បន្នកំពុងអនុវត្តសាកល្បងនៅខេត្តបាត់ដំបង តាមរយៈកម្មវិធីនេះគ្រួសារគោលដៅបានទទួលការបណ្តុះបណ្តាលវិជ្ជាជីវៈ បង្កើតមុខរបរ និងស្ដារជីវភាពឱ្យប្រសើរឡើង។
៤៖ កម្មវិធីបន្សាប ព្យាបាល ស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន ត្រូវបានអនុវត្ត។ ជនរងគ្រោះដោយសារការប្រើប្រាស់គ្រឿងញៀន ជាងមួយម៉ឺននាក់ក្នុងមួយឆ្នាំៗ ទទួលបានការបន្សាប ព្យាបាល ស្តារនីតិសម្បទា និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ មុននឹងធ្វើសមាហរណកម្មទៅកាន់គ្រួសារ និងសហគមន៍។
៥៖ សេវាគាំពារជនរងគ្រោះ ត្រូវបានលើកកម្ពស់ និងយកចិត្តទុកដាក់។ បទដ្ឋានអប្បបរមាសម្រាប់ការថែទាំជនរងគ្រោះដោយអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទដែលស្នាក់នៅក្នុងមជ្ឈមណ្ឌលត្រូវបានអនុវត្ត។ ជនរងគ្រោះដោយអំពើជួញដូរមនុស្សរាប់វ័យនាក់ត្រូវបានសង្គ្រោះ
អប់រំ ប្រឹក្សាយោបល់ ស្តារនីតិសម្បទា និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅតាមមណ្ឌលរបស់អង្គការមុននឹងធ្វើសមាហរណកម្មទៅសហគមន៍ និងធ្វើមាតុភូមិនិវត្តទៅកាន់ប្រទេសដើម ព្រមទាំងមានយន្តការតាមដានបន្ត ដើម្បីប្រាកដថាជនរងគ្រោះមានស្ថានភាពល្អប្រសើរ។
៦៖ សេវាសុខុមាលភាពជនមានពិការភាព ត្រូវបានយកចិត្តទុកដាក់។ ជនមានពិការភាពជាងប្រាំបួនម៉ឺននាក់ បានទទួលសេវាស្តារលទ្ធភាពពលកម្មគ្រប់ប្រភេទនៅតាមរាជធានី ខេត្ត ព្រមទាំងផ្តល់សោហ៊ុយធ្វើដំណើរ និងឧបត្ថម្ភជាប្រាក់អាហារផងដែរ។ យើងបានបណ្តុះបណ្តាលវិជ្ជាជីវៈបង្កើតមុខរបរជូនជនមានពិការភាព បង្កឱកាសឱ្យជនមានពិការភាពចូលរួមកិច្ចការសង្គមយ៉ាងពេញលេញ ស្មើភាព និងគ្មានការរើសអើង។ ជនមានពិការភាពជាងមួយម៉ឺននាក់ កំពុងបំពេញការងារនៅតាមក្រសួងស្ថាប័នរដ្ឋ រោងចក្រ សហគ្រាស និងវិស័យឯកជននានា។
៧៖ ការងារជួយគ្រួសារភៀសសឹក យើងបានយកចិត្តទុកដាក់ និងចាត់ទុកជាការងារអាទិភាពចំពោះមុខដែលត្រូវដោះស្រាយបន្ទាន់ ដើម្បីជួយសម្រាលទុក្ខលំបាក តាមរយៈការឧបត្ថម្ភគាំទ្រជាសម្ភារប្រើប្រាស់ការរៀបចំស្តង់សង្គមកិច្ចសម្រាប់ផ្ដល់ព័ត៌មាននិងពិគ្រោះយោបល់ដល់ប្រជា
ជនភៀសសឹកសំដៅគាំពារសុខភាពផ្លូវចិត្ត កាត់បន្ថយភាពតានតឹង ការបង្កើតកម្មវិធីលេងកំសាន្តសម្រាប់កុមារ ការផ្តល់ឈើច្រត់ រទេះរុញជូនមនុស្សចាស់ និងជនមានពិការភាព។ សកម្មភាពខាងលើ ក្រសួងបាននាំយកកញ្ចប់ជំនួយជូនដល់វីរកងទ័ពជួរមុខ ដែលជាការចូលរួមប្រកបដោយទឹកចិត្តដ៏ថ្លៃថ្លារបស់ថ្នាក់ដឹកនាំ មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ និងសប្បុរសជនពី
គ្រប់ទិសទី។
៨៖ ដើម្បីបន្តជួយគាំទ្រជីវភាពគ្រួសារគោលដៅ និងផ្ដល់ឱកាសឱ្យពួកគាត់អាចស្ថិតលើគន្លងនការចាកចេញពីភាពក្រីក្រ រាជរដ្ឋាភិបាលបានដាក់ចេញនូវកម្មវិធីជំនួយសង្គមមួយចំនួន រួមមាន៖ កម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ ដែលមាន គ្រួសារគោល ជនចាស់ជរា ជនមានពិការភាព អ្នកផ្ទុកមេរោគអេដស៍/ជំងឺអេដស៍ សិស្សានុសិស្ស ស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនជនជាប់ឃុំជាស្ត្រីមានផ្ទៃពោះនិងកូនអាយុក្រោម២ឆ្នាំតាមម្ដាយនៅក្នុងពន្ធនាគារ កម្មវិធីកិច្ចគាំពារសង្គមឆ្លើយតបនឹងគ្រោះអាសន្ន និងកម្មវិធីជាតិជំនួយសង្គមផ្នែកបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសសម្រាប់យុវជនមកពីគ្រួសារក្រីក្រនិងគ្រួសារងាយរងហានិភ័យ ជាពិសេសស្ត្រី និងជនមានពិការភាព ដែលចំណាយថវិកាសរុបប្រមាណ១៥៣,៣១លានដុល្លារអាម៉េរិក។
៩៖ របបសន្តិសុខសង្គមសម្រាប់មន្ត្រីរាជការស៊ីវិល និងអតីតយុទ្ធជន បានដំណើរការយ៉ាងសកម្មនិងយកចិត្តទុកដាក់។ របបសន្តិសុខសង្គមត្រូវបានកែសម្រួល និងដំឡើងជាបន្តបន្ទាប់ ដោយប្រាក់សោធនអប្បបរមាដំឡើងដល់ ៨៤៥,០០០រៀល ក្នុងមួយខែ។
រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច សង្ឃឹមយ៉ាងមុតមាំថា តាមរយៈអង្គសន្និបាតរយៈពេល មួយថ្ងៃកន្លះនេះ យើងនឹងកំណត់បាននូវបញ្ហា ប្រឈមដែលបាននិងជួបប្រទះក្នុងអំឡុងពេលអនុវត្តរយៈពេល ១ឆ្នាំ និងទទួលបាននូវទស្សនៈល្អៗ សម្រាប់ ដោះស្រាយបញ្ហាប្រឈមចំពោះមុខ និងថ្ងៃអនាគត។
ជាមួយគ្នានោះ លោក ជា សុមេធី ក៏បានស្នើសុំ មន្រ្តីរាជការ និងភាគីពាក់ព័ន្ធទាំងអស់ បន្តកិច្ចសហការក្នុងការដោះស្រាយបញ្ហាក្នុងវិស័យ សង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទារបស់យើង ឱ្យកាន់តែល្អប្រសើរឡើងថែមទៀត ស្របតាមផែនការយុទ្ធសាស្ត្ររបស់ក្រសួង៕








