ជនភៀសសឹកមកពីភូមិជោគជ័យ៖ ទោះរស់នៅក្រោមតងកៅស៊ូ តែខ្លួនជឿជាក់លើរដ្ឋាភិបាល ក្នុងការទាមទារទឹកដីពីការចូលកាន់កាប់ដោយខុសច្បាប់របស់យោធាថៃ ត្រឡប់មកវិញ (Video inside)
24-02-2026 12:54
(បន្ទាយមានជ័យ)៖ រៀបរាប់ទាំងទឹកភ្នែករលីងរលោង ចេញពីមណ្ឌលសុវត្ថិភាពវត្តចាន់ស៉ីសាមគ្គីរតនារាម ស្ថិតក្នុងឃុំកូប ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ លោកស្រី នួន ដំ ជាប្រជាពលរដ្ឋភៀសសឹក មកពីភូមិជោគជ័យ ឃុំអូរបីជាន់ មានជំនឿថា ទោះបីពួកគាត់រស់នៅក្រោមតងកៅស៊ូដែលបង្កឡើងដោយសង្គ្រាមឈ្លានពានក៏ដោយ ប៉ុន្តែប្រជាពលរដ្ឋទាំងអស់នៅតែជឿជាក់លើរាជរដ្ឋាភិបាល ក្នុងការទាមទារទឹកដីពីការចូលកាន់កាប់ដោយខុសច្បាប់របស់យោធាថៃ ត្រឡប់មកវិញ។
លោកស្រីបានថ្លែងថា៖ «ទោះរស់នៅក្នុងតង តែរដ្ឋាភិបាលគាត់ជួយយើង គ្រប់យ៉ាង មានទឹក មានភ្លើង ជូនកាលបងប្អូនមកពីក្រៅក៏ជួយ [...] បាយម្ហូបជាដើម»។
ប្រាប់ក្រុមអ្នកសារព័ត៌មាន នាថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៦, ស្ត្រីជាជនភៀសសឹកខាងលើ បានឱ្យដឹងថា រាជរដ្ឋាភិបាលបានចិត្តទុកដាក់យ៉ាងខ្លាំងចំពោះសុខទុក្ខពលរដ្ឋភៀសសឹក ជាក់ស្តែងតាមរយៈការធ្វើបណ្ណក្រីក្រជូនពលរដ្ឋភៀសសឹកទាំងអស់ ដើម្បីសម្រាលការលំបាករបស់ពួកគាត់។
«ខ្ញុំសង្ឃឹមថាយើងនឹងឆាប់បានទៅរស់នៅក្នុងភូមិយើងវិញ ពីព្រោះរដ្ឋាភិបាល មិនទុកយើងចោលនោះទេ។ ខ្ញុំអាណិតគាត់ដែរ (រដ្ឋាភិបាល) ពីព្រោះប្រជាជនច្រើន ខ្លួនគាត់ម្នាក់ឯង យើងចាំមើលគាត់ និងជឿជាក់គាត់»។ នេះជាការបញ្ជាក់បន្ថែមរបស់ លោកស្រី នួន ដំ។
លោកស្រី ក៏បានបំផុសស្មារតីដល់ប្រជាពលរដ្ឋទាំងអស់តស៊ូ ដើរទៅមុខទៀតជាមួយរាជរដ្ឋាភិបាល ចំពោះការលះបង់ដ៏ធំធេងនេះ និងចូលរួមជួយទាំងអស់គ្នា ប្រឆាំងនឹងការឈ្លានពានទឹកដីរបស់យើង៕









