ឧបនាយករដ្ឋមន្ដ្រី ស សុខា នឹងអញ្ជើញជាអធិបតី ក្នុងទិវាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ក្រោមប្រធានបទ «រួមគ្នា ដើម្បីកម្ពុជា គ្មានអំពើជួញដូរមនុស្ស និងអំពើឆបោកតាមអនឡាញ»
24-02-2026 10:26
(ភ្នំពេញ)៖ គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ) នឹងប្រារព្ធទិវាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ក្រោមប្រធានបទ «រួមគ្នា ដើម្បីកម្ពុជា គ្មានអំពើជួញដូរមនុស្ស និង អំពើឆបោកតាមអនឡាញ» នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ នារសៀលថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦ស្អែកនេះ។
យោងតាមសេចក្ដីជូនដំណឹងរបស់ គ.ជ.ប.ជ បានឲ្យដឹងថា ទិវាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស នឹងប្រារព្ធឡើងក្រោមអធិបតីភាពលោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស និងលោកស្រី និងជាតំណាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។
ពិធីនេះ ក៏មានការយាងនិមន្ត និងអញ្ជើញចូលរួមពីព្រះមន្ត្រីសង្ឃ តំណាងសាសនានានា នៅកម្ពុជា សមាជិក សមាជិកា ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល ថ្នាក់ដឹកនាំ មន្ត្រីរាជការ អភិបាល អភិបាលរង រាជធានី ខេត្ត ខណ្ឌ សង្កាត់ កងកម្លាំង ប្រដាប់អាវុធគ្រប់ប្រភទ ឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូត ស្ថានតំណាងប្រចាំនៅកម្ពុជា តំណាងអង្គការសហប្រជាជាតិ អង្គ ការដៃគូជាតិ អន្តរជាតិ អង្គការសង្គមស៊ីវិល តំណាងសិស្ស និស្សិត បញ្ញាវ័ន្ត និងវិស័យឯកជន សរុបប្រមាណ៣,០០០អង្គ/នាក់។
សូមជម្រាបជូនថា គោលបំណងនៃការប្រារព្ធ ទិវាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សនេះ គឺដើម្បីជាយុទ្ធនាការផ្សព្វផ្សាយដ៏ធំមួយ អំពាវនាវដល់គ្រប់ស្ថាប័នពាក់ព័ន្ធជាតិ និងអន្តរជាតិ សូមចូលរួមទាំងអស់គ្នា ដើម្បីបង្ការ ទប់ស្កាត់ និងការពារប្រជាពលរដ្ឋកម្ពុជា និងជនបរេទសគ្រប់រូប ដែលបាននិងកំពុងស្ថិតនៅក្នុងព្រះរាជាណាចក្រកម្ពុជា ឲ្យរស់នៅប្រកបដោយ សុវត្ថិភាព ភាពរីករាយ កក់ក្តៅ និងគ្មានការបារម្ភ ពីអំពើជួញដូរមនុស្ស និងអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឌីជីថល (Digital Era) និងជាការបង្ហាញនូវការប្តេជ្ញាចិត្តយ៉ាងមុតមាំឥតរាថយរបស់ រាជរដ្ឋាភិបាលនីតិកាលទី៧ ក្នុងការប្រយុទ្ធ ប្រឆាំងដាច់ខាតអំពើជួញដូរមនុស្សគ្រប់ទម្រង់ និងបទល្មើសឧក្រិដ្ឋពាក់ព័ន្ធដទៃទៀត ដើម្បីព្រះរាជាណាចក្រកម្ពុជា មាន សុវត្ថិភាព ភាពរីករាយ និងអភិវឌ្ឍន៍ ក្រោមដំបូលនៃសន្តិភាព៕



