FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អគ្គស្នងការនគរបាលជាតិ ចាត់ឲ្យចុះពិនិត្យទីតាំងសម្រាប់សាងសង់ប៉ុស្ដិ៍នគរបាលរដ្ឋបាលគោកធ្លក ស្រុកអង្គរបុរី ខេត្តតាកែវ

23-02-2026 21:34

(តាកែវ)៖ ​ប្រតិភូអគ្គស្នងការដ្ឋាននគរបាលជាតិ ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ មាស លឹមតុង ប្រធាននាយកដ្ឋានកិច្ចការប៉ុស្ដិ៍ និងលោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្តតាកែវ នៅព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៦នេះ បានដឹកនាំក្រុមការងារចុះទៅពិនិត្យទីតាំងដីមួយកន្លែង សម្រាប់សាងសង់ប៉ុស្តិ៍នគរបាលរដ្ឋបាលគោកធ្លក ស្រុកអង្គរបុរី ខេត្តតាកែវ ក្នុងពេលឆាប់ៗខាងមុខនេះ ឲ្យមានកន្លែងធ្វើការសមរម្យ។

កាលពីដើមឡើយនគរបាលរដ្ឋបាលប៉ុស្តិ៍គោកធ្លកនេះ ក៏មានទីស្នាក់ការប៉ុស្តិ៍រដ្ឋបាលសម្រាប់ធ្វើការងារត្រឹមត្រូវ ប៉ុន្តែប៉ុស្តិ៍នោះសាងសង់ពីឈើ ហើយដោយសារតែនៅតំបន់នោះ ត្រូវទឹកជន់ឡើងលិចនារដូវវស្សា លិចទាំងប៉ុស្តិ៍ឈើជារៀងរាល់ឆ្នាំ រហូតមកមិនដែលខាននោះ បានធ្វើឲ្យប៉ុស្តិ៍ចាស់ទ្រុឌទ្រោមពុកផុយបន្តិចម្ដងៗ។ រហូតដល់អំឡុងឆ្នាំ២០០០ ខណៈទឹកជន់លិចខ្លាំង ទឹកក៏បោកបក់បំបាក់រំលំប៉ុស្តិ៍នោះ បណ្ដាលឲ្យបាក់បែកខូចខាតខ្ទេចខ្ទី មិនអាចស្រោចស្រង់ដើម្បីប្រើប្រាស់វិញបាននោះឡើយ។

ចាប់តាំងពីពេលនោះមក នគរបាលប៉ុស្តិ៍ទាំងអស់គ្មានប៉ុស្តិ៍ដើម្បីធ្វើការងារនោះទេ ហើយដោយសារតែជួបការលំបាក ទើបលោក សេង ម៉េង នាយរងប៉ុស្តិ៍ បានផ្ដល់ផ្ទះផ្ទាល់ខ្លួន ដើម្បីធ្វើជាកន្លែងធ្វើការងារ បម្រើប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានជាបណ្ដោះអាសន្ន។ បើគិតរហូតមកដល់សព្វថ្ងៃនេះលោក សេង ម៉េង បានផ្ដល់ផ្ទះសម្រាប់ធ្វើការរយៈពេលជាង២០ឆ្នាំកន្លងមកហើយ។ ដោយឡែកទីតាំងដីសម្រាប់សាងសង់ប៉ុស្តិ៍មានស្រាប់ គឺទំហំទទឹង១៥ម៉ែត្រ និងបណ្ដោយ៣០ម៉ែត្រ ដែលស្ថិតនៅជាប់និងសាលាឃុំគោកធ្លកនោះតែម្ដង។

បន្ទាប់ពីទទួលបានដំណឹងពីកងកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលគោកធ្លកនោះហើយ ទើបពេលនេះអគ្គស្នងការនគរបាលជាតិ បានចាត់ឲ្យក្រុមការងារចុះទៅកាន់ទីនោះ ដើម្បីត្រួតពិនិត្យជាក់ស្ដែងលើទីតាំងដីសម្រាប់សាងសង់ប៉ុស្តិ៍រដ្ឋបាលជូនដល់កងកម្លាំងនគរបាលប៉ុស្តិ៍មួយនេះ។ នៅក្នុងពេលនោះ ក្រុមការងាររបស់អគ្គស្នងការនគរបាលជាតិ មិនបានប្រាប់ថា ចាប់ផ្ដើមការសាងសង់នៅថ្ងៃណានៅឡើយទេ គ្រាន់តែប្រាប់ថា នៅក្នុងពេលឆាប់ៗខាងមុខនេះ។

ប្រជាពលរដ្ឋបាននិយាយថា នៅក្នុងឃុំគោកធ្លក ស្រុកអង្គរបុរី ខេត្តតាកែវនេះ មានចំនួន៤ភូមិ ប៉ុន្តែមានភ្លើងអគ្គិសនីប្រើប្រាស់តែ២ភូមិប៉ុណ្ណោះ ហើយពេលយប់ឡើងភ្លើងខ្សោយ។ ចំណែក២ភូមិទៀត នៅមិនទាន់មានភ្លើងអគ្គិសនីប្រើប្រាស់នៅឡើយទេ ពួកគាត់សង្ឃឹមថា នៅថ្ងៃណាមួយនឹងមានភ្លើងប្រើដូចស្រុកភូមិដទៃៗ ទៀតមិនខានឡើយ។ ទន្ទឹមនឹងក្ដីសង្ឃឹមនេះ ពួកគាត់ក៏សូមសំណូមពរដល់អាជ្ញាធរពាក់ព័ន្ធជួយឲ្យអ្នកភូមិខាងលើមានភ្លើងប្រើប្រាស់៕