FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រដ្ឋមន្ត្រី ហួត ហាក់៖ ព្រឹត្តិការណ៍ពិព័រណ៌ទេសចរណ៍ វប្បធម៌ និងពាណិជ្ជកម្ម បង្ហាញសក្តានុពល និងទាក់ទាញទេសចរមកកាន់ព្រះសីហនុ

23-02-2026 21:01

(ព្រះសីហនុ)៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៦ រួមជាមួយលោក ម៉ាង ស៊ីណេត អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញជាអធិបតីក្នុងពិធីបើកព្រឹត្តិការណ៍ពិព័រណ៌ទេសចរណ៍ វប្បធម៌ និងពាណិជ្ជកម្ម ក្រោមប្រធានបទ «ទេសចរណ៍រីកលូតលាស់ក្នុងសន្តិភាព» ដែលព្រឹត្តិការណ៍នេះនឹងប្រព្រឹត្តទៅរយៈពេល៥ថ្ងៃ (ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៦)។

ព្រឹត្តិការណ៍នេះរៀបចំឡើង ដើម្បីទាក់ទាញទេសចរឱ្យមកសម្រាកកម្សាន្ត និងស្នាក់នៅបានយូរ ជំរុញការផ្សព្វផ្សាយសក្តានុពលទាក់ទាញទេសចរតំបន់ឆ្នេរ, ជំនួបរវាងផលិតករជាមួយអ្នកប្រើប្រាស់ ប្រតិបត្តិករទេសចរណ៍ និងការបង្កើតឱកាសដល់អ្នកវិនិយោគ ក៏ដូចជាប្រាស័យទាក់ទង (Networking) ផងដែរ។ ក្នុងនោះមានការអញ្ជើញចូលរួមពី អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី តំណាងក្រសួង ស្ថាប័ន អង្គភាពពាក់ព័ន្ធនានា ភ្ញៀវកិត្តិយសជាតិ-អន្តរជាតិយ៉ាងច្រើនកុះក សរុបប្រមាណជាង៨០០ នាក់។

លោករដ្ឋមន្ត្រី បានចូលរួមអបអរសាទរចំពោះសមិទ្ធផលជាច្រើនដែលខេត្តព្រះសីហនុ សម្រេចបាននាពេលកន្លងមក ក្នុងនោះរួមមាន៖ ជ័យលាភីជាទីក្រុងទេសចរណ៍គ្មានផ្សែងបារី, ជ័យលាភីផ្ការំដួល៣ទង នៅក្នុងចលនាប្រឡងប្រណាំងទីក្រុងស្អាត និងកាលពីថ្មីៗនេះ កាលពីថ្ងៃទី៣០ ខែមករា ក្នុងអំឡុងវេទិកាទេសចរណ៍អាស៊ានឆ្នាំ២០២៦ នៅទីក្រុងសេប៊ូ ប្រទេសហ្វីលីពីន។

លោករដ្ឋមន្ត្រី ក៏មានមោទនភាពដែលបានផ្តល់ជ័យលាភី ដែលកម្ពុជាឈ្នះពានរង្វាន់ស្តង់ដាទេសចរណ៍អាស៊ានចំនួន២៧ ក្នុងនោះខេត្តព្រះសីហនុ ឈ្នះពានរង្វាន់៖ ជ័យលាភីជាទីក្រុងស្អាតអាស៊ាន, ពានរង្វាន់បន្ទប់ប្រជុំស្អាតអាស៊ាន, ពានរង្វាន់ទីតាំងពិព័រណ៍ស្អាតអាស៊ាន, ពានរង្វាន់ទីតាំងសន្និសិទស្អាតអាស៊ាន, ពានរង្វាន់ការអនុវត្តទីក្រុងប្រកបដោយចីរភាពអាស៊ាន។

ជាមួយគ្នានេះ លោករដ្ឋមន្ត្រី បានថ្លែងគូសរំលេចពីភាពសម្បូរបែបនៃធនធាន វប្បធម៌ ប្រវត្តិសាស្រ្ត និងធម្មជាតិនៅតាមបណ្តាឆ្នេរសមុទ្រ និងកោះនានា គឺជាឧត្តមភាពប្រកួតប្រជែងក្នុងការអភិវឌ្ឍវិស័យទេសចរណ៍ និងបានធ្វើឱ្យតំបន់ឆ្នេរសមុទ្រកម្ពុជា ទទួលបានប្រជាប្រិយភាព ព្រមទាំងមានកំណើនភ្ញៀវទេសចរជាតិ និងអន្តរជាតិ ជាបន្តបន្ទាប់ឥតដាច់ និងចូលរួមចំណែកធ្វើឱ្យតំបន់ឆ្នេរសមុទ្រកម្ពុជា ក្លាយជាប៉ូលសេដ្ឋកិច្ចទី២ បន្ទាប់ពីរាជធានីភ្នំពេញ ស័ក្តិសមនឹងកិត្តិនាម «តារារះនាទិសនរតី» និងសមាជិកក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើសកលលោក។

លោកបន្តថា ជាពិសេសការសម្រេចឱ្យបាននូវចក្ខុវិស័យរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្នុងការអភិវឌ្ឍខេត្តព្រះសីហនុ ទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ដោយប្រែក្លាយក្រុងព្រះសីហនុ ទៅជាមជ្ឈមណ្ឌលសេដ្ឋកិច្ចដ៏សំខាន់ ជំរុញកំណើនសេដ្ឋកិច្ច ការអភិវឌ្ឍសង្គម និងការការពារបរិស្ថានប្រកបដោយនិរន្តរភាព។

លោករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា ក្រៅពីតំបន់ឆ្នេរ កម្ពុជាមានសក្ដានុពលទេសចរណ៍ធំធេងណាស់សម្រាប់ការអភិវឌ្ឍវិស័យទេសចរណ៍ ដែលរួមមានអច្ឆរិយភាពវប្បធម៌ និងអច្ឆរិយភាពធម្មជាតិ និងផលិតផលទេសចរណ៍សម្បូរបែប ក្នុងនោះមានដូចជា៖ ទេសចរណ៍បេតិកភណ្ឌវប្បធម៌, ប្រវត្តិសាស្រ្ត, ធម្មជាតិ, អេកូទេសចរណ៍និងទេសចរណ៍សហគមន៍, ទេសចរណ៍សមុទ្រ, ទេសចរណ៍តាមដងទន្លេ, ទេសចរណ៍ជនបទនិងកសិ-ទេសចរណ៍, ទេសចរណ៍ធុរកិច្ច, ទេសចរណ៍កីឡា, ទេសចរណ៍ម្ហូបអាហារ (ប្រចាំខេត្ត, តំបន់), ទេសចរណ៍បែបផ្សងព្រេង, ទេសចរណ៍ម៉ាយ(MICE Tourism) ។ល។

មុននឹងបញ្ចប់ រដ្ឋមន្ត្រី ហួត ហាក់ បានគូសរំលេចបន្ថែមថា វិស័យទេសចរណ៍ ជាវិស័យដែលមានភាពប្រទាក់ក្រឡា ដែលទាមទារឱ្យមានការចូលរួមពីគ្រប់ភាគី ទាំងរដ្ឋនិងឯកជន, ទាំងថ្នាក់ជាតិ, ក្រោមជាតិ, និងកិច្ចសហការអន្តរជាតិ ដោយឈរលើអភិក្រម «ជវភាពនៃប្រព័ន្ធតួអង្គតែមួយ» និងគោលការណ៍គ្រឹះ «ទេសចរណ៍ផ្សារភ្ជាប់នឹងទឹកដី», និងដើម្បីរក្សាឧត្តមភាពប្រកួតប្រជែងខ្ពស់ជាងមុន និងរក្សាកេរ្តិ៍ឈ្មោះកម្ពុជា ជាគោលដៅទេសចរណ៍សុវត្ថិភាព ផ្តល់ភាពកក់ក្តៅ ស្អាត និងបៃតង (Cambodia is a safe, warm, clean and green destination)៕