បណ្តាអង្គទូត និងអង្គការអន្តរជាតិប្រចាំកម្ពុជា ចុះពិនិត្យស្ថានភាពជនភៀសសឹកខ្មែរស្លូតត្រង់ ដែលត្រូវយោធាឈ្លានពានថៃព័ទ្ធយកក្រោយបទឈប់បាញ់ កំពុងស្នាក់នៅក្នុងវត្តកណ្តោល និងវត្តចាន់ស៉ី ខេត្តបន្ទាយមានជ័យ
23-02-2026 17:16
(បន្ទាយមានជ័យ)៖ លោកស្រី អ៊ាត សោភា រដ្ឋមន្ត្រីស្តីទី ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដឹកនាំបណ្តាឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូត និងអង្គការអន្តរជាតិនានាប្រចាំកម្ពុជា នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៦នេះ បានចុះទស្សនកិច្ច និងពិនិត្យមើលស្ថានភាពជនភៀសសឹក កំពុងស្នាក់នៅក្នុងមណ្ឌលសុវត្ថិភាពវត្តចាន់ស៊ីសាមគ្គីរតនារាម ស្ថិតក្នុងឃុំកូប ស្រុកអូរជ្រៅ និងវត្តកណ្តោល ស្ថិតនៅស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។
ប្រជាពលរដ្ឋភៀសសឹក ដែលកំពុងស្នាក់នៅមណ្ឌលសុវត្ថិភាពវត្តចាន់ស៊ី និងវត្តកណ្តោល គឺមកពីភូមិជោគជ័យ និងភូមិព្រៃចាន់ ឃុំអូរបីជាន់ និងមកពីតំបន់បឹងត្រកួន នៃស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ បន្ទាប់ពីសង្គ្រាមឈ្លានពានរបស់យោធាថៃ ការរាយបន្លាលួស និងដាក់ទូកុងតឺន័រ ព័ទ្ធយកផ្នែកខ្លះនៃភូមិ និងការបំផ្លិចបំផ្លាញផ្ទះសម្បែងរបស់ពួកគាត់កាលពីពេលកន្លងមក។
តាមរយៈការចុះពិនិត្យដោយផ្ទាល់បានធ្វើឱ្យបណ្តាឯកអគ្គរាជទូត រដ្ឋទូត តំណាងទូត និងអង្គការអន្តរជាតិ បានយល់ច្បាស់ពីស្ថានភាពរស់នៅប្រចាំថ្ងៃរបស់បងប្អូនភៀសសឹកខ្មែរស្លូតត្រង់ ដែលត្រូវបន្តក្រោមដំបូលតង់តូចចង្អៀត ដែលមិនអាចការពារពីភ្លៀង ខ្យល់ ឬកម្តៅថ្ងៃបានពេញលេញនោះទេ។ ការរស់នៅប្រចាំថ្ងៃ ជួបការលំបាកជាច្រើន ដូចជាខ្វះទឹកស្អាត អនាម័យ រហូតដល់ការថែទាំសុខភាព ដោយឡែកកុមារមិនមានកន្លែងលេងសមរម្យ ខណៈមនុស្សចាស់ត្រូវរស់នៅជាមួយជំងឺ និងការព្រួយបារម្ភ។
យោងតាមសេចក្តីប្រកាសរបស់ក្រសួងមហាផ្ទៃ នៅមានប្រជាពលរដ្ឋប្រមាណជាង ៦ម៉ឺននាក់ទៀត កំពុងបន្តស្នាក់នៅជំរំភៀសសឹក គិតត្រឹមថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៦។
សូមរម្លឹកផងដែរថា បើទោះជាមានបទឈប់បាញ់កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ កន្លងទៅ ហើយដែលភាគីទាំងពីរបានឯកភាពគ្នា ជាពិសេសក្នុងចំណុចទី៤ ដែលបានចែងថា «ភាគីទាំងពីរឯកភាពអនុញ្ញាតឱ្យជនស៊ីវិល រស់នៅក្នុងតំបន់ព្រំដែនដែលរងផលប៉ះពាល់វិលត្រឡប់ទៅផ្ទះសម្បែង និងប្រកបជីវភាពរស់នៅធម្មតារបស់ពួកគេវិញក្នុងពេលឆាប់ៗបំផុត ដោយគ្មានការរារាំង និងដោយមានសុវត្ថិភាព និងសេចក្តីថ្លៃថ្នូរ នៅក្នុងតំបន់រៀងៗខ្លួន»។
ផ្ទុយទៅវិញកងកម្លាំងឈ្លានពានថៃ បាននឹងកំពុងបង្កើតស្ថានភាពថ្មីនៅលើទីតាំងជាក់ស្តែង (fait accompli) ដែលកម្ពុជាមិនអាចទទួលយកបានជាដាច់ខាត តាមរយៈការរាយបន្លលួស ដាក់ទូកុងតឺន័រ និងបំផ្លាញផ្ទះប្រជាពលរដ្ឋ ហើយរាជរដ្ឋាភិបាលកម្ពុជា បានតវ៉ាជាផ្លូវការតាមរយៈក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ជាបន្តបន្ទាប់ដោយប្រឆាំងដាច់ខាតនឹងសកម្មភាពទាំងនេះ ហើយកម្ពុជាមិនទទួលស្គាល់ដាច់ខាតការកែប្រែខ្សែបន្ទាត់ព្រំដែន ឬការកាន់កាប់ទឹកដីដោយខុសច្បាប់អន្តរជាតិ តាមរយៈការប្រើប្រាស់កម្លាំងឡើយ៕





























