ប្រធានក្រុមការងារចុះមូលដ្ឋានស្រុកកំពង់ស្វាយ ផ្សព្វផ្សាយ «របាយការណ៍ស្តីពីសភាពការណ៍ទូទៅ និងការងារគណបក្សឆ្នាំ២០២៥ និងទិសដៅភារកិច្ចឆ្នាំ២០២៦»
22-02-2026 14:17
(កំពង់ធំ)៖ លោកស្រី ឃួន ឃុនឌី សមាជិកគណៈកម្មាធិការកណ្ដាលគណបកក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុកកំពង់ស្វាយ បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ «របាយការណ៍ស្តីពីសភាពការណ៍ទូទៅ និងការងារគណបក្សឆ្នាំ២០២៥ និងទិសដៅភារកិច្ចឆ្នាំ២០២៦» របស់គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ដល់សមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជាស្រុកកំពង់ស្វាយ នៅសណ្ឋាគារកំពង់ធំរ៉ូយ៉ាល់ ដែលមានសមាសភាពសមាជិកគណបក្សចូលរួមប្រមាណ១៥០នាក់ នាថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៦ ។
ក្នុងកិច្ចប្រជុំនេះ លោកស្រី ឃួន ឃុនឌី បានផ្សព្វផ្សាយនូវមូលដ្ឋានក្តាប់ជាប់នូវសភាពការណ៍អន្តរជាតិ សភាពការណ៍ក្នុងប្រទេស និងទិសដៅរបស់គណបក្ស ដើម្បីយកទៅផ្សព្វផ្សាយបន្តដល់គណបក្សគ្រប់ថ្នាក់ ក្នុងការធានាដល់ការកសាងស្មារតីសតិអារម្មណ៍របស់សមាជិកគណបក្សក៏ដូចជាប្រជាពលរដ្ឋឱ្យបន្តជឿជាក់លើរាជរដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ដែលអាចដឹកនាំប្រទេសទោះបីត្រូវប្រឈមនឹងការលំបាក និងឧបសគ្គយ៉ាងច្រើនទាំងកត្តាខាងក្នុង និងកត្តាខាងក្រៅយ៉ាងណាក្តី រួមទាំងការបង្កសង្គ្រាមឈ្លានពានពីប្រទេសជិតខាង ដែលប្រការនេះបានបង្ហាញច្បាស់នូវការរួបរួមនៃកម្លាំងជាតិរឹងមាំក្នុងការការពារ និងកសាងមាតុភូមិ។
លោកស្រីបានថ្លែងការកោតសរសើរ និងវាយតម្លៃចំពោះកិច្ចខិតខំប្រឹងប្រែងបំពេញភារកិច្ចរបស់ក្រុមការងារគណបក្សរហូតសម្រេចសមិទ្ធផលគួរជាទីមោទន ជូនប្រជាពលរដ្ឋមូលដ្ឋាន និងសង្គមជាតិ ក៏ដូចជាគណបក្សផងដែរ។ ទន្ទឹមនឹងនេះ ត្រូវសិក្សាវាយតម្លៃរកដំណោះស្រាយប្រកបដោយប្រសិទ្ធភាព សម្រាប់ជាមូលដ្ឋានរៀបចំផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៦ ជាពិសេសការយកចិត្តទុកដាក់ដល់មុខសញ្ញាប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត ដើម្បីផ្តល់ការគាំទ្រជួយដោះស្រាយការលំបាករបស់ពួកគាត់។
លោកស្រី ឃួន ឃុនឌី អំពាវនាវដល់សមាជិក សមាជិកាគណបក្សឱ្យបន្តគាំទ្រជឿជាក់លើគណបក្សប្រជាជនកម្ពុជា និងជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលតែងរួមសុខរួមទុក្ខជាមួយប្រជាជនគ្រប់កាលៈទេសៈ និង ត្រូវបន្តយកចិត្តទុកដាក់ក្នុងការដោះស្រាយបញ្ហាជូនប្រជាជន និងពង្រឹងសមាជិកគណបក្សប្រកបដោយប្រសិទ្ធភាពថែមទៀត៕












