FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

នាយឧត្តមសេនីយ៍ សៅ សុខា ដាក់ផែនការ និងការប្ដេជ្ញាចិត្តលេងពានរង្វាន់បាល់ទាត់ពិភពលោក FIFA World Cup នៅឆ្នាំ២០៤២ ឬឆ្នាំ២០៤៦

22-02-2026 09:36

(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ សៅ សុខា ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជាសម្រាប់អាណត្តិថ្មី បានដាក់ផែនការ និងការប្ដេជ្ញាចិត្តលេងពានរង្វាន់បាល់ទាត់ពិភពលោក FIFA World Cup នៅឆ្នាំ២០៤២ ឬឆ្នាំ២០៤៦។

នេះជាការបញ្ជាក់របស់នាយឧត្តមសេនីយ៍ ក្នុងមហាសន្និបាតលើកទី២០ របស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៦។

ក្រៅពីការដាក់ផែនការ និងការប្តេជ្ញាដ៏ធំមួយនេះ នាយឧត្តមសេនីយ៍ សៅ សុខា ដែលទទួលបានសេចក្ដីទុកចិត្តពីមហាសន្និបាតប្រចាំឆ្នាំ បន្ដតំណែងជាប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា អាណត្តិឆ្នាំ២០២៦-២០៣០ ក៏បានរំពឹងយ៉ាងមុតមាំថា នៅឆ្នាំ២០២៨ ឬឆ្នាំ២០៣០ ធ្វើយ៉ាងណាឲ្យក្រុមជម្រើសជាតិកម្ពុជា មានវត្តមានក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ នៃពានរង្វាន់ថ្នាក់តំបន់អាស៊ាន ហើយនៅចន្លោះឆ្នាំ២០៣១ ដល់ឆ្នាំ២០៣៥ ត្រូវឆ្លងផុតវគ្គជម្រុះពានទ្វីបអាស៊ី។

សម្រាប់អាណត្តិថ្មីនេះ នាយឧត្តមសេនីយ៍ សៅ សុខា ក៏បានដាក់ចេញនូវផែនការសំខាន់ៗជាច្រើន រាប់ពីការប្រកួតថ្នាក់ខេត្តឲ្យបានទៀងទាត់ រួមជាមួយគម្រោងបង្កើតសាលាមេត្ដេយ្យបាល់ទាត់ បន្ថែមលើគម្រោងសាលាបាល់ទាត់ ២៥រាជធានី-ខេត្ត និងសាលាបាល់ទាត់ជាតិបាទី ដើម្បីជំរុញការអភិវឌ្ឍវិស័យកីឡានេះឲ្យកាន់តែរីកចម្រើន និងក្លាយជាមូលដ្ឋានគ្រឹះដ៏រឹងមាំ សម្រាប់កសាងក្រុមជម្រើសជាតិមួយដ៏ខ្លាំង ធ្វើការប្រកួតប្រជែងលើឆាកអន្ដរជាតិ។

សូមបញ្ជាក់ថា ក្រៅពីនាយឧត្តមសេនីយ៍ សៅ សុខា ត្រូវបានបោះឆ្នោតគាំទ្រ បន្ដធ្វើជាប្រធានសហព័ន្ធ អាណត្តិថ្មី ក៏មានសមាជិកគណៈកម្មាធិការប្រតិបត្តិ ៣រូបទៀត ត្រូវបានបោះឆ្នោតបន្ដតួនាទីរៀងៗខ្លួនផងដែរ រួមមាន៖

ទី១៖ លោក ខៀវ សាម៉េត បន្ដជាប់ជាអនុប្រធាន
ទី២៖ លោក ឌី វិជ្ជា និងលោក តែម ម៉ឺន បន្ដជាប់សមាជិកគណៈកម្មាធិការប្រតិបត្តិ។