កម្ពុជា-ហ្វីលីពីន ពង្រឹងកិច្ចសហប្រតិបត្តិការ និងផ្លាស់ប្តូរបទពិសោធន៍លើការងារអភិវឌ្ឍសហគមន៍ឥស្លាម
21-02-2026 20:56
(ហ្វីលីពីន)៖ នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៦ លោកបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស បានជួបពិភាក្សាការងារជាមួយលោក Sabuddin N. Abdurahim រដ្ឋមន្ត្រីគណៈកម្មាធិការជាតិទទួលបន្ទុកកិច្ចការមុស្លិមហ្វីលីពីន (Secretary NCMF) នៅទីស្តីការគណៈកម្មាធិការជាតិទទួលបន្ទុកកិច្ចការមុស្លិមហ្វីលីពីន នៅរដ្ឋធានីម៉ានីល ប្រទេសហ្វីលីពីន។
ក្នុងជំនួបនោះ ទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ បានជម្រាបជូនសមភាគីហ្វីលីពីនអំពីវឌ្ឍនភាព និងភាពរីកចម្រើនរបស់សហគមន៍ឥស្លាមនៅកម្ពុជា ក្រោមការយកចិត្តទុកដាក់ខ្ពស់ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា។
ពាក់ព័ន្ធការងារហាជ្ជី លោកទេសរដ្ឋមន្ត្រី បានលើកឡើងថា ស្របតាមការអភិវឌ្ឍនៃសេដ្ឋជាតិ ចំនួនសាសនិកឥស្លាមកម្ពុជាទៅបំពេញកាតព្វហាជ្ជីមានការកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ។ នៅឆ្នាំ២០២៥ សាសនិកឥស្លាមចំនួន១២០០នាក់បានទៅបំពេញកាតព្វកិច្ចហាជី្ជ។
ដោយឡែកនៅឆ្នាំ២០២៦នេះ សាសនិកឥស្លាមដែលមានបំណងទៅបំពេញកាតព្វកិច្ចហាជ្ជីមានប្រមាណជាង១៥០០នាក់ ប៉ុន្តែចំនួនដែលក្រសួងកិច្ចការហាជ្ជីនិងអ៊ុំរ៉ោះ នៃប្រទេសអារ៉ាប៊ីសាអូឌីតបានកំនត់និងអនុញ្ញាតិ ត្រឹម១២០០នាក់ប៉ុណ្ណោះ។ ដើម្បីបំពេញតម្រូវការនេះ លោកទេសរដ្ឋមន្ត្រីបានស្នើសុំចំនួនបន្ថែម២៥០នាក់ទៀត ដែលក្រសួងហាជ្ជី និងអ៊ុំរ៉ោះកំពុងពិនិត្យ និងពិចារណា។
លោក Sabuddin N. Abdurahim រដ្ឋមន្ត្រីគណៈកម្មាធិការជាតិទទួលបន្ទុកកិច្ចការមុស្លិមហ្វីលីពីន បានចែករំលែកអំពីស្ថានភាពសហគមន៍ឥស្លាមនៅហ្វីលីពីន ដែលបច្ចុប្បន្នសាសនិកឥស្លាមមានប្រមាណ១៣លាននាក់ នៃប្រជាជនសរុបជាង១១២លាននាក់ រស់នៅតាមបណ្តាខេត្តនានាទូទាំងប្រទេសហ្វីលីពីន។
លោកបានបញ្ជាក់ថា គណៈកម្មាធិការជាតិទទួលបន្ទុកកិច្ចការមុស្លិមហ្វីលីពីន មានសមត្ថកិច្ចគ្រប់គ្រងការងារហាជ្ជី អប់រំឥស្លាម វ៉ាកាហ្វ ហ្សាកាត់ មាស្ជិត ហាឡាល់ និងការងារពាក់ព័ន្ធដទៃទៀត។ សម្រាប់ឆ្នាំ២០២៦នេះ ប្រជាជនមុស្លិមហ្វីលីពីនចំនួន៥៣០០នាក់ នឹងទៅបំពេញកាតព្វកិច្ចហាជ្ជីក្រោមការដឹកនាំ និងសម្របសម្រួល ដោយគណៈកម្មាធិការជាតិទទួលបន្ទុកកិច្ចការមុស្លិមហ្វីលីពីន។
ដើម្បីបញ្ជាក់ពីការប្តេជ្ញាចិត្ត ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការនិងការផ្លាស់ប្តូរបទពិសោធន៍រវាងគ្នាទៅវិញទៅមក លោកទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ និងលោករដ្ឋមន្ត្រី Sabuddin បានចុះហត្ថលេខាលើអនុស្សារណៈ នៃការយោគយល់គ្នាលើការផ្លាស់ប្តូរឧត្តមានុវត្ត និងការអភិវឌ្ឍវិស័យវ៉ាកាហ្វ ហ្សាកាត់ ហាឡាល និងហាជ្ជីរវាងប្រទេសទាំងពីរ៕







