FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ភរិយាឧត្តមសេនីយ៍ទោ ហ៊ុល សំអុន អញ្ជើញចុះសួរសុខទុក្ខ និងនាំយកស្បៀងអាហារជូនដល់បងប្អូនវីរៈកងទ័ពជួរមុខ

21-02-2026 17:25

(ភ្នំពេញ)៖ ក្នុងស្មារតីខ្មែរតែមួយ ស្មារតីសាមគ្គីភាព និងការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះវីរកងទ័ពជួរមុខ នាថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៦នេះ លោកស្រី ចាយ ច័ន្ទរ៉ានី ភរិយា ឧត្តមសេនីយ៍ទោ ហ៊ុល សំអុន មេបញ្ជាការកងពលតូចដឹកជញ្ជូនលេខ៩៩ បានដឹកនាំបងប្អូនកងទ័ពធ្វើដំណើរ ទៅកាន់សមរភូមិមុខជាលើកទី១៤ ដើម្បីចុះសួរសុខទុក្ខ សម្តែងការ គោរពដឹងគុណ និងនាំយកស្បៀងអាហារ បន្លែ ផ្លែឈើ គ្រឿងឧបភោគបរិភោគ រួមទាំងអំណោយសប្បុរសធម៌ និងថវិកាចំនួន២,០០០,០០០រៀល ឧបត្ថម្ភជូនដល់បងប្អូនវីរៈកងទ័ព កងពលតូចថ្មើរជើងលេខ២១ ដែលកំពុងឈរជើងការពារបូរណភាពទឹកដីនៅសមរភូមិមុខ។

ក្នងដំណើរនេះដែរ លោកស្រី ចាយ ច័ន្ទរ៉ានី និងក្រុមការងារកងពល បានរៀបចំធ្វើបាញ់ហ៊យ បាញ់ស៊្រុង គុយទាវ រួមទាំងកាហ្វេ និងភេសជ្ជៈជាច្រើនមុខ ជូនដល់បងប្អូនវីរៈកងទ័ព ប្រមាណ៥០០នាក់ បានពិសារដោយផ្ទាល់។

សកម្មភាពដ៏សប្បុរស និងការចុះផ្ទាល់ដល់សមរភូមិមុខរបស់លោកស្រី ភរិយាឧត្តមសេនីយ៍ទោ មេបញ្ជាការកងពលតូចដឹកជញ្ជូនលេខ៩៩ មិនមែនត្រឹមតែជាការនាំយកស្បៀងអាហារ ទៅចែកជូនប៉ុណ្ណោះទេ ប៉ុន្តែវាគឺជាការបង្ហាញឲ្យឃើញនូវ «ទឹកចិត្តស្រឡាញ់កងទ័ពដូចជាគ្រួសារតែមួយ ជាសាច់ញាតិបង្កើត» និង «ស្មារតីស្នេហាជាតិដ៏មោះមុត»។

សកម្មភាព​ទាំងនេះ ​ពិតជា​បាន​ឆ្លុះបញ្ចាំង​យ៉ាង​ច្បាស់​ពីស្មារតី​សាមគ្គីភាព​ជាតិ ជា​ធ្លុង​មួយ រវាង​សមរភូមិ​ក្រោយ ​និង​សមរភូមិ​មុខ ដែល​មានឆន្ទៈ​តែមួយ ស្មារតី​តែមួយ និង​បេះដូង​តែមួយ ក្នុង​ការ​រួមគ្នា​ទប់ទល់​ រាល់​ការ​ឈ្លានពាន​ពី​សំណាក់​បរទេស។ ការ​គាំទ្រ​ពី​ខាងក្រោយ​នេះ ​គឺជា​ខែល​ដ៏​រឹងមាំ​មួយ​សម្រាប់​លើក​កម្ពស់​ស្មារតី​ប្រយុទ្ធ​របស់​កងទ័ព​ជួរមុខ​យើង៕