FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រដ្ឋមន្រ្តីក្រសួងអប់រំ អញ្ជើញប្រគល់សញ្ញាបត្របរិញ្ញាបត្រជាន់ខ្ពស់ បរិញ្ញាបតនិងវិញ្ញាបនបត្របឋមសិក្សានៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ

21-02-2026 16:21

(ភ្នំពេញ)៖ បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញប្រគល់សញ្ញាបត្របរិញ្ញាបត្រជាន់ខ្ពស់ បរិញ្ញាបត្រ និងវិញ្ញាបនបត្របឋមសិក្សា ជូនអ្នកសិក្សាក្នុងកម្មវិធីលើកកម្ពស់គុណវុឌ្ឍ គណៈគ្រប់គ្រង និងគ្រូបង្រៀន នៅអគារដំបូលទូកនសាកលវិទ្យាល័យភូមិន្ទភ្នំពេញ នាថ្ងៃទី២១ ខែកុម្ភៈ ឆាំ្ន២០២៦។

លោកបណ្ឌិតសភាចារ្យ បានឲ្យដឹងថា តាមរយៈមហាវិទ្យាល័យអប់រំ ដែលបានបណ្តុះបណ្តាលគរុនិស្សិតជាគ្រូបង្រៀន និងគណៈគ្រប់គ្រងសាលា រៀនប្រកបដោយការទទួលខុសត្រូវខ្ពស់ និងគុណភាព សមត្ថភាព ដោយសម្រេចបាននូវលទ្ធផលល្អប្រសើរស្របតាមផែនការគម្រោង។

លោកបន្តថា អ្នកទាំងអស់គ្នានៅទីនេះក្រោយពីបាន ឆ្លងកាត់ការបណ្តុះបណ្តាល ដែលផ្អែកលើសមិទ្ធកម្មនេះ គឺជាសមិទ្ធផលបន្ថែមទៀតរបស់ក្រសួងអប់រំ យុវជន និងកីឡា ដែលជាផ្នែកមួយដើម្បីឈានទៅសម្រេច ចក្ខុវិស័យប្រកបដោយមហិច្ឆិតាខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍធានធានមនុស្សដែលនាំកម្ពុជាឱ្យក្លាយទៅជាប្រទេសអភិវឌ្ឍនៅឆ្នាំ២០៥០។

ជាមួយគ្នានោះ ក្នុងនាមក្រសួងអប់រំ យុវជន និងកីឡា សូមថ្លែងអំណរគុណដល់អស់លោក លោកស្រីអ្នកសិក្សាដែលបាន បន្តសិក្សារហូតទទួលបានជោគជ័យនៅពេលនេះ។

រដ្ឋមន្ត្រីក្រសួងអប់រំ សង្ឃឹមថា ជាមួយនិងការអនុវត្តកិច្ចការសម្រេចស្ដង់ដា សាលារៀនគំរូរបស់លោក លោកស្រី លោក លោកស្រីនឹងមិនភ្លេចផងដែរក្នុងការចូលរួមសម្គាល់ទេពកោសល្យ របស់សិស្សានុ សិស្សយើងក្នុងការចង្អុលបង្ហាញគេឱ្យដឹង និងបានត្រៀមខ្លួនចូលគន្លងសិក្សាដែល ត្រឹមត្រូវ តាមឧបនិស្ស័យនិងទេពកោសល្យរបស់គេ។ ក្នុងក្របខណ្ឌគម្រោងកែលម្អការអប់រំចំណេះទូទៅ មហាវិទ្យាល័យអប់រំ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញបាន និងកំពុងបណ្តុះបណ្តាលគណៈគ្រប់គ្រងសាលារៀន និងគ្រូបង្រៀន និងគាំទ្រសាលារៀនកម្រិតមត្តេយ្យសិក្សាចំនួន ២១៣ បឋមសិក្សាចំនួន១០០០ និង កម្រិតមធ្យមសិក្សាចំនួន ៤៣៥ សាលា។

លោកបានលើកឡើងថា លោកពិតជាមានមោទនភាពជាខ្លាំង ដោយបានដឹងថា សាលាគោលដៅនៃគម្រោងកែលម្អការអប់រំ ចំណេះ ទូទៅទាំងអស់ កំពុងទទួលបានការណែនាំឱ្យបន្តគាំទ្រដល់សាលារៀនដទៃទៀតក្នុងក្របខណ្ឌ គម្រោង GEIP និង GEIP-AF ព្រមទាំងសាលារៀនស្ម័គ្រចិត្តជាច្រើនទៀត ឱ្យអនុវត្តកិច្ចការដើម្បីសម្រេច ស្តង់ដា សាលារៀនគំរូ ហើយក្រសួងក៏នឹងរៀបចំឱ្យមានគម្រោង BEIP ដែលយកចេញពីឧត្តមានុវត្តនៃការអនុវត្តគម្រោង SEIP និង GEIP ព្រមទាំង GEIP-AF ផងដែរ។

បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូន ចំពោះសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលតែង តែយកចិត្តទុកដាក់ និងគាំទ្រដល់វិស័យអប់រំ ជាពិសេសសម្តេចបានគាំទ្រដល់ការកែទម្រង់វិស័យអប់រំកន្លង មកនេះ និងបន្តដាក់ចេញនូវទិសដៅអាទិភាពគន្លឹះសម្រាប់វិស័យអប់រំ៕