បណ្ឌិត អ៊ាង សុផល្លែត អញ្ជើញប្រកាសបញ្ចូលសមាជិកថ្មី គណបក្សប្រជាជនកម្ពុជាជិត៦០០នាក់ នៅស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ
21-02-2026 16:20
(ត្បូងឃ្មុំ)៖ លោកបណ្ឌិត អ៊ាង សុផល្លែត អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តត្បូងឃ្មុំ និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានស្រុកអូររាំងឪ ស្រុកពញាក្រែក និងស្រុកត្បូងឃ្មុំ នៅព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៦នេះ បានអញ្ជើញជាអធិបតីប្រកាសបញ្ចូលសមាជិកថ្មីគណបក្សប្រជាជនកម្ពុជាចំនួន ៥៦១នាក់ ប្រចាំឆមាសទី២ ឆ្នាំ២០២៥។ ពិធីនេះបានធ្វើឡើងនៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកអូររាំងឪ ក្នុងស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ។
ក្នុងឱកាសនោះលោកបណ្ឌិតបានកោតសរសើរចំពោះទឹកចិត្ត ស្រលាញ់គណបក្សប្រជាជនកម្ពុជា របស់បងប្អូនសមាជិក សមាជិកថ្មី ដែលបានសម្រេចចូលរួម ជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ដោយបានយល់ច្បាស់ពីគោលនយោបាយដ៏ល្អ របស់គណបក្សប្រជាជនកម្ពុជា ព្រមទាំងបានលះបង់ និងចាកចេញពីគណបក្សចាស់ ហើយសម្រចចិត្ដរួមរស់ ជាមួយគណបក្សប្រជាជនកម្ពុជា ដែលមានសម្ដេចតេជោ ហ៊ុន សែន ជាប្រធានគណបក្សប្រជាជនកម្ពុជា ដែលមានការដឹកនាំដើម្បីប្រជាជន និងមាតុភូមិកម្ពុជាឱ្យមានការរីកចម្រើនគ្រប់វិស័យជាបន្តបន្ទាប់។
លោកបណ្ឌិត អ៊ាង សុផល្លែត បានរំឭកថា គណបក្សប្រជាជនកម្ពុជា តែងតែរួមសុខរួមទុក្ខ ជាមួយប្រជាជនគ្រប់ពេលវេលា គ្រប់មូលដ្ឋានទូទាំងប្រទេស ជាពិសេសការបញ្ចប់សង្រ្គាម បង្រួបបង្រួមជាតិ នាំយកសន្តិភាព និងការអភិវវឌ្ឍប្រទេស ជាពិសេសគាណបក្សប្រជាជនកម្ពុជា បានដាក់ចេញនូវគោលនយោបាយល្អ ជាអំពេីល្អ ៥ចំណុចសំខាន់ៗគឺ មនុស្ស ទឹក ផ្លូវ ភ្លើង និងបច្ចេកវិទ្យា។
លោកបណ្ឌិត អ៊ាង សុផល្លែត បានបន្ថែមថា ការសម្រេចចិត្តចូលរួមរបស់សមាជិកថ្មីនាពេលនេះ បង្ហាញឱ្យឃេីញកាន់តែច្បាស់អំពី ការដឹកនាំប្រកបដោយភាពប៉ិនប្រសព្វរបស់ សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាការចូលរួមរក្សាសុខសន្ដិភាព និងស្ថេរភាពនយោបាយនៅកម្ពុជា។
សូមបញ្ជាក់ថា នៅក្នុងឱកាសអញ្ជើញប្រកាសបញ្ជូលសមាជិកថ្មីគណបក្សប្រជាជនកម្ពុជា នៅស្រុកអូររាំងឪ, លោកបណ្ឌិត អ៊ាង សុផល្លែត បានពាំនាំការផ្ដាំផ្ញើសួរសុខទុក្ខពីសម្ដេចតេជោ ហ៊ុន សែន, សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធាន និងលោក ជា សុផារ៉ា ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តត្បូងឃ្មុំ ជូនសមាជិក សមាជិកាចូលរួមផងដែរ៕





















