អគ្គព្រះរាជអាជ្ញារងតុលាការកំពូល លោក ផាន់ វណ្ណរ័ត្ន ក្នុងនាមអ្នកឆ្លងកាត់ជីវិតអាពាហ៍ពិពាហ៍ ២២ឆ្នាំ និងជាអ្នកច្បាប់មួយរូប ចែករំលែកទស្សនៈ «ស្តីពីជីវិតប្តី ប្រពន្ធ៖ ផ្លូវឆ្ពោះទៅរកសុភមង្គល និងការចែកផ្លូវដោយកិត្តិយស»
21-02-2026 15:49
(ភ្នំពេញ)៖ លោក ផាន់ វណ្ណរ័ត្ន អគ្គព្រះរាជអាជ្ញារង នៃមហាអយ្យការអមតុលាការកំពូលកម្ពុជា បានសរសេរអត្ថបទពិសេសថ្មីមួយទៀត ស្តីពី «ជីវិតប្តី ប្រពន្ធ សិល្បៈនៃការគ្រងរាជ្យក្នុងគ្រួសារ៖ ផ្លូវឆ្ពោះទៅរកសុភមង្គល និងការចែកផ្លូវដោយកិត្តិយស» ដើម្បីចែករំលែកទស្សនៈរបស់ខ្លួនជុំវិញតម្លៃនៃអាពាហ៍ពិពាហ៍។
ខាងក្រោមនេះជាអត្ថបទរបស់លោក ផាន់ វណ្ណរ័ត្ន៖
អត្ថបទពិសេស ស្តីពីជីវិតប្តី ប្រពន្ធ៖
សិល្បៈនៃការគ្រងរាជ្យក្នុងគ្រួសារ៖ ផ្លូវឆ្ពោះទៅរកសុភមង្គល និងការចែកផ្លូវដោយកិត្តិយស
ក្នុងនាមខ្ញុំជាឪពុករបស់កូន ៥នាក់ ដែលបានឆ្លងកាត់ជីវិតអាពាហ៍ពិពាហ៍ អស់រយៈពេល ២២ឆ្នាំមកហើយ និងក្នុងនាមជាអតីតចៅក្រម និងអ្នកច្បាប់មួយរូប ដែលបានឃើញរឿងរ៉ាវប្តីប្រពន្ធជាច្រើន ខ្ញុំសុំចែករំលែកទស្សនៈខ្លះ ក្នុងកាលៈទេសៈដែលសង្គមយើង កំពុងមានការជជែកច្រើនពីតម្លៃនៃអាពាហ៍ពិពាហ៍។
ជីវិតគូមិនមែនចប់ត្រឹមថ្ងៃរៀបការទេ តែវាជាការចាប់ផ្តើម។ មិនថាបងប្អូនទើបរៀបការ ឬនៅជាមួយគ្នា ១០ឆ្នាំ ២០ឆ្នាំ ឬ ៣០ឆ្នាំក្តី «ព្យុះភ្លៀង» អាចមកដល់គ្រប់ពេល។
១. សសរទ្រូងនៃសុភមង្គល (តួនាទី និងការទទួលខុសត្រូវ)
ដើម្បីឱ្យ «នាវាគ្រួសារ» ទៅដល់ត្រើយសមាជិកត្រូវយល់តួនាទី៖
* ស្វាមី (មេដឹកនាំ និងជាម្លប់)៖ កិត្តិយសធំបំផុតរបស់កូនប្រុស មិនមែននៅត្រង់មានស្រីច្រើន ឬមានលុយលួចលាក់នោះទេ តែនៅត្រង់ហ៊ានរក្សា «សច្ចធម៌» ចំពោះភរិយា។ ភាពជាកូនប្រុសពិត គឺមិនលួចចាក់មួយកាំបិតខាងក្រោយខ្នង ពេលដែលប្រពន្ធកំពុងលះបង់ដើម្បីគ្រួសារ ឬពេលនាងមានរូបសម្រស់ថមថយឡើយ។
* ភរិយា (រដ្ឋមន្ត្រីហិរញ្ញវត្ថុ និងជាទឹកត្រជាក់)៖ ជាអ្នកចាត់ចែងទុកដាក់ទ្រព្យ និងជាទឹកត្រជាក់សម្រាប់ស្វាមី។ ភរិយាដែលមានបញ្ញា គឺចេះរក្សាកិត្តិយសស្វាមី មិនឱ្យបាក់មុខនៅចំពោះមុខអ្នកដទៃ និងជាទីប្រឹក្សាដ៏ស្មោះត្រង់បំផុត។
២. បើសិនជាត្រូវបែកបាក់គ្នា តើគួរធ្វើយ៉ាងណា?
ក្នុងនាមជាអ្នកច្បាប់ ខ្ញុំធ្លាប់កាត់ក្តីលែងលះជាច្រើន។ គូដែលគួរឱ្យគោរពបំផុត មិនមែនជាគូដែលដណ្តើមទ្រព្យគ្នាឈ្នះនោះទេ តែជាគូដែលប្រកាន់យក «កិត្តិយស និងសីលធម៌»៖
* ចំពោះទ្រព្យសម្បត្តិ៖ សូមកុំលោភលន់ចង់បានតែឯង។ ទ្រព្យសម្បត្តិរកបានដោយកម្លាំងញើសឈាមរួមគ្នា គួរតែបែងចែកគ្នាឱ្យសមរម្យ។ កុំឱ្យលុយបំផ្លាញតម្លៃមនុស្ស។
* ចំពោះកូនៗ (កែវភ្នែកនៃជីវិត)៖ ខ្ញុំមានកូន ៥នាក់ ខ្ញុំយល់ច្បាស់ណាស់ថា ចិត្តរបស់ឪពុកម្តាយ គឺសំខាន់ចំពោះពួកគេ។
* ហាមដាច់ខាតការយកកូនជាចំណាប់ខ្មាំង ឬនិយាយអាក្រក់ពីឪពុក/ម្តាយឱ្យកូនស្តាប់។
* ច្បាប់អាចកាត់ក្តីទ្រព្យសម្បត្តិបាន តែច្បាប់មិនអាចកាត់ក្តី «ភាពឈឺចាប់របស់កូន» បានទេ មានតែឪពុកម្តាយទេ ដែលអាចការពារពួកគេបាន។
* ចំពោះកិត្តិយស និងអតីតដៃគូ៖ នេះជាចំណុចសំខាន់បំផុត «កុំដុតស្ពានដែលខ្លួនធ្លាប់ដើរឆ្លង»។
* ការហែកកេរ្តិ៍គ្នាលើបណ្តាញសង្គម ស្មើនឹងការបង្ហាញភាពអន់ថយរបស់ខ្លួនឯង។
* បើគាត់/នាង បានធ្វើអាក្រក់ដាក់អ្នក សូមទុកឱ្យ «យថាកម្ម» ឬច្បាប់ធម្មជាតិជាអ្នកដោះស្រាយចុះ។ អ្នកធ្វើល្អបានល្អ អ្នកក្បត់នឹងទទួលផលនៃអំពើនោះ។
* ការជូនពរឱ្យគាត់/នាង បានសុខ គឺជាជ័យជំនះដ៏ពិតប្រាកដនៃអ្នកដែលមានចិត្តធម៌។
សរុបមក៖
ជីវិតគូ ២២ឆ្នាំរបស់ខ្ញុំ មិនមែនរលូនរហូតទេ តែយើងឆ្លងកាត់បានដោយសារការ «អត់ធ្មត់» និង «ការឱ្យតម្លៃ»»។ មនុស្សដែលមានតម្លៃ មិនមែននៅត្រង់ថាអ្នកមានទ្រព្យប៉ុន្មាន ឬឈ្នះក្តីក្តាំងលែងលះនោះទេ តែនៅត្រង់ថា អ្នកអាចរក្សាចិត្តស្ងប់ និងរក្សាកិត្តិយសរបស់អ្នកដទៃបានកម្រិតណា នៅពេលដែលអ្នកមានបញ្ហា។
សំណូមពរ៖
ដោយសារតែខ្ញុំជាឪពុកម្នាក់ និងជាអ្នកច្បាប់ដែលឆ្លងកាត់រឿងរ៉ាវច្រើន ខ្ញុំមានបំណងចង់ចងក្រងបទពិសោធន៍ទាំងនេះ ជាសៀវភៅមួយក្បាលដែលនិយាយលម្អិតអំពី «សិល្បៈនៃការរស់នៅ និងច្បាប់នៃគ្រួសារ» ដើម្បីទុកជាមរតកគំនិតដល់កូនចៅជំនាន់ក្រោយ។ តើបងប្អូនយល់ថា ខ្ញុំគួរសរសេរសៀវភៅនេះដែរឬទេ? សូមបញ្ចេញមតិនៅខាងក្រោម៕




































