FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោក ឆាយ ឫទ្ធិសែន អញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកសាមគ្គីមានជ័យ និងស្រុកទឹកផុស

21-02-2026 14:58

(កំពង់ឆ្នាំង)៖ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកសាមគ្គីមានជ័យ និងស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់ខ្លួន ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ជនបទ អនុប្រធានទី១ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកសាមគ្គីមានជ័យ និងស្រុកទឹកផុស នាព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៦ នៅសាលាស្រុកសាមគ្គីមានជ័យ។

ពិធីនេះដែរ ដោយអញ្ជើញចូលរួមពី អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយស្រុកសាមគ្គីមានជ័យ និងស្រុកទឹកផុស, ប្រធាន អនុប្រធាន និងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំទាំង ១៨ នៃស្រុកទាំងពីរ, ប្រធានក្រុមប្រឹក្សាស្រុក, អភិបាលនៃគណៈអភិបាលស្រុក, ក្រុមប្រឹក្សាឃុំ និងស្មៀនឃុំ សរុបចំនួន ៣១៩រូប។

កិច្ចប្រជុំត្រូវបានរៀបចំឡើងក្នុងគោលបំណងពិនិត្យលើលទ្ធផលនៃការអភិវឌ្ឍមូលដ្ឋាន, ការលើកកម្ពស់ការផ្ដល់សេវាសាធារណៈ, ការឆ្លើយតបទៅនឹងសំណូមពរ និងការដោះស្រាយនូវបញ្ហានិងតម្រូវការនានាជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន របស់ក្រុមការងាររាជរដ្ឋាភិបាលស្រុកទាំង២ សំដៅចូលរួមគាំទ្រការអនុវត្ត កម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលសម្រាប់ការកសាង និងការការពារមាតុភូមិឆ្នាំ២០២៣-២០២៨ និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ព្រមទាំងកម្មវិធីកំណែទម្រង់នានារបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា។

តាមរយៈរបាយការណ៍លទ្ធផលការងារដែលអានដោយលោកអភិបាលស្រុកទាំងពីរ លោករដ្ឋមន្ដ្រី បានសម្ដែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងមន្ដ្រីរាជការគ្រប់លំដាប់ថ្នាក់ ដែលបានរួមសហការគ្នាយ៉ាងជិតស្និទ្ធក្នុងការបំពេញតួនាទី ភារកិច្ចរបស់ខ្លួនប្រកបដោយការទទួលខុសត្រូវ រហូតសម្រេចបានលទ្ធផលគួរជាទីមោទនៈសម្រាប់ផ្ដល់ផលប្រយោជន៍ដល់ប្រជាពលរដ្ឋពិតប្រាកដ។

ជាមួយគ្នានោះ លោករដ្ឋមន្ដ្រី បានផ្តល់នូវអនុសាសន៍មួយចំនួន ជូនដល់ក្រុមការងាររាជរដ្ឋាភិបាល និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដើម្បីបន្តដំណើរការអនុវត្តការងារឱ្យសម្រេចបានជោគជ័យ និងមានប្រសិទ្ធភាពខ្ពស់ ស្របតាមទិសដៅការងារដែលបានដាក់ចេញ ជាពិសេសការលើកកម្ពស់ការផ្ដល់សេវាសាធារណៈ និងការអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព៕