លោកសន្ដិបណ្ឌិត នេត សាវឿន ណែនាំសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ចាម បន្ដពង្រឹងអង្គការចាត់តាំងបក្ស និងឈរលើគោលការណ៍គ្រឹះ «សាមគ្គីភាព ឯកភាពផ្ទៃក្នុង»
21-02-2026 14:58
(កំពង់ចាម)៖ លោកសន្ដិបណ្ឌិត នេត សាវឿន សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សប្រជានជនកម្ពុជាចុះមូលដ្ឋានខេត្តកំពង់ចាម បានណែនាំដល់សមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា បន្ដពង្រឹងអង្គការចាត់តាំងគណបក្ស ដោយត្រូវរៀបចំរចនាសម្ព័ន្ធឲ្យរឹងមាំពីលើក ដល់ក្រោម ក្នុងនោះរួមទាំងការគិតគូរដល់ទីស្នាក់ការគណបក្សគ្រប់ថ្នាក់ផងដែរ។
ការណែនាំរបស់លោកសន្ដិបណ្ឌិត នេត សាវឿន ធ្វើឡើងក្នុងឱកាសអញ្ជើញជាអធិបតីភាពរួមគ្នាជាមួយ លោក អ៊ុច បូររិទ្ធ សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ក្នុងសន្និបាតបូកសរុបការងារគណបក្ស និងក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ចាមប្រចាំឆ្នាំ២០២៥ និងទិសដៅភារកិច្ចបន្តឆ្នាំ២០២៦ នៅព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៦នេះ នាទីស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកចំការលើ។
លោកសន្ដិបណ្ឌិត ក៏បានក្រើនរំលឹកដល់ថ្នាក់ដឹកនាំគណបក្សគ្រប់ជាន់ថ្នាក់ ត្រូវពង្រឹង គិតគូរលើសមត្ថភាពមន្ដ្រីរបស់បក្ស ពោលត្រូវមានចំណេះដឹង មានទេព្យកោសល្យ និងជាសក្ដានុពលបន្ដវេន ក្នុងនោះត្រូវខិតខំ កសាង ពង្រីក សមាជិក សមាជិកគណបក្ស ឈរលើស្មារតីរក្សាចាស់ បង្កើនថ្មី និងឈរលើគោលការណ៍គ្រឹះ «សាមគ្គីភាព ឯកភាពផ្ទៃក្នុង»។ បន្ថែមពីនេះ ត្រូវបន្ដកសាងហេដ្ឋារចនាសម្ព័ន្ធ និងលើកស្ទួយជីវភាពប្រជាពលរដ្ឋមូលដ្ឋាន។
លោកសន្ដិបណ្ឌិត នេត សាវឿន បានណែនាំដល់សមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា បន្តថែរក្សាដាច់ខាតនូវសន្តិភាព ស្ថិរភាព សន្តិសុខជាតិ សណ្តាប់ធ្នាប់សង្គម និងពង្រឹងខឿនការពារជាតិរឹងមាំ តាមរយៈការកសាងធនធានមនុស្ស។ លើសពីនេះ ត្រូវកម្ចាត់ឲ្យបានចលនាឧទ្ទាម ប៉ុនប៉ង ផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ហើយត្រូវបកស្រាយពន្យល់ពលរដ្ឋទាន់ពេលអំពីសភាពការណ៍ពិត យន្តការដោះស្រាយជាក់ស្តែងរឿងព្រំដែន។
ជាមួយគ្នានេះ លោកសន្ដិបណ្ឌិត ក៏បានជំរុញឲ្យបន្តធ្វើកំណែទម្រង់ស្ថាប័ន ពង្រឹងអភិបាលកិច្ចលើគ្រប់វិស័យ ហើយត្រូវត្រូវចងចាំទិសស្លោកថា «សេវាល្អ រាស្ត្រស្រលាញ់គាំទ្រ» ដោយត្រូវលុបបំបាត់ភាពអសកម្ម អំពើពុករលួយ ការបំពានក្រមសីលធម៌ វិជ្ជាជីវៈ ក្ដាប់ជាប់អភិក្រម «ឆ្លុះ កញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់» ព្រមទាំងប្រកាន់ខ្ជាប់នូវ «អំពើល្អ» ដែលជាគ្រឹះនៃជ័យជំនះរបស់គណបក្សប្រជាជនកម្ពុជា។
ក្នុងឱកាសនោះ លោក អ៊ុច បូររិទ្ធ ក៏បានលើកឡើងពន្យល់ដល់សមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា អំពីសភាពការណ៍ថ្មីដែលពាក់ព័ន្ធកម្ពុជា ពិសេសបញ្ហាព្រំដែនដែលភាគីថៃ ឈ្លានពានដែនអធិបតេយ្យកម្ពុជា។ លោកបានគូសបញ្ជាក់អំពីយន្ដការរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា ដែលបាននិងកំពុងប្រើប្រាស់នាពេលបច្ចុប្បន្នទាំងយន្ដការច្បាប់អន្ដរជាតិ កាទូតជាដើម៕
























