FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ទេសរដ្ឋមន្ត្រី ថោង ខុន ដឹកនាំប្រជុំផ្សព្វផ្សាយពីសភាពការណ៍ការងារគណបក្ស ឆ្នាំ២០២៥ និងទិសដៅបន្ត និងបូកសរុបការងារបក្សស្រុកតាំងគោក ប្រចាំខែកុម្ភៈ ឆ្នាំ២០២៦

21-02-2026 14:35

(កំពង់ធំ)៖ លោកបណ្ឌិត ថោង ខុន ទេសរដ្ឋមន្រ្តី សមាជិកគណៈកម្មាធិការកណ្តាល អនុប្រធានទី១ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ធំ និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកតាំងគោក បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍ស្តីពីសភាពការណ៍ទូទៅ និងការងារគណបក្សឆ្នាំ២០២៥ និងទិសដៅភារកិច្ចឆ្នាំ២០២៦ និងកិច្ចប្រជុំបូកសរុបការងារគណបក្សស្រុកតាំងគោកប្រចាំខែកុម្ភៈ ឆ្នាំ២០២៦ និងណែនាំបន្ថែមដល់មន្ត្រីទាំងអស់ (ទាំងក្រុមការងារគណបក្ស និងក្រុមការងាររាជរដ្ឋាភិបាល) ផ្សព្វផ្សាយដល់ពលរដ្ឋពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ដើម្បីសង្គមជាតិរឹងមាំ ឆ្លើយតបបានគ្រប់កាលៈទេសៈចំពោះការឈ្លានពានពីបរទេស។

ពិធីនេះបានធ្វើឡើងនាព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៦នេះ និងដោយមានការចូលរួមពីលោកអនុប្រធានទី២ អនុប្រធាន សមាជិកក្រុមការងារចុះមូលដ្ឋានស្រុកតាំងគោក លោក លោកស្រីជាប្រធាន និងអនុប្រធានក្រុមការងារចុះមូលដ្ឋានឃុំទាំង០៨, លោក ហាក់ ម៉ុងហួត អភិបាលស្រុកតាំងគោក និងជាប្រធានគណបក្សស្រុកតាំងគោក រួមទាំងមានអនុប្រធានគណបក្សស្រុក, ប្រធានគណបក្សឃុំទាំង០៨, ក្រុមការងារថ្នាក់ស្រុក-ថ្នាក់ឃុំប្រមាណ ១២០នាក់។

នាឱកាសនោះ បន្ទាប់ពីលោក ហាក់ ម៉ុងហួត បានឡើងអានរបាយការណ៍ការងារគណបក្សឆ្នាំ២០២៥ និងទិសដៅភារកិច្ចឆ្នាំ២០២៦ និងរាយការណ៍ពីវឌ្ឍនភាពការងារស្រុករួចហើយនោះ, លោកទេសរដ្ឋមន្ត្រី ថោង ខុន ក៏បានលើកឡើងពីកិច្ចខិតខំប្រឹងប្រែងរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជន និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាអនុប្រធានគណបក្ស ដែលសម្តេចទាំងទ្វេរបានខិតខំប្រឹងប្រែងជាបន្តបន្ទាប់ទប់ស្កាត់សង្គ្រាមនៅតាមព្រំដែន និងបានបន្តស្វះស្វែងរកច្បាប់អន្តរជាតិ និងសន្ធិសញ្ញាផ្សេងៗ ក៏ដូចជាយន្តការអន្តរជាតិថ្មីៗបន្ថែមទៀត បន្ថែមពីលើយន្តការអន្តរជាតិដែលមានស្រាប់ក្នុងការជួយបន្ធូរភាពតានតឹង និងស្តារឡើងវិញនូវស្ថិរភាព សន្តិភាពក្នុងតំបន់ជាច្រើនដែលមានជម្លោះ ឬសង្គ្រាម រួមទាំងជម្លោះព្រំដែនកម្ពុជាថៃផងដែរ។

លោកបណ្ឌិត ថោង ខុន ក៏បានណែនាំឱ្យមន្ត្រីទាំងអស់ ពង្រឹងកម្លាំងសាមគ្គីជាតិជាធ្លុងមួយ រួបរួមគ្នាការពារឯករាជ្យ សន្តិភាព អធិបតេយ្យ បូរណភាពទឹកដី និងអត្តសញ្ញាណជាតិខ្មែរឱ្យស្ថិតស្ថេរ និងរឹងមា និងបន្តជំរុញការអភិវឌ្ឍប្រទេសជាតិ ដើម្បីប្រជាជនបានរស់នៅយ៉ាងសុខដុមរមនាប្រកបដោយកិត្តិយស និងសេចក្តីថ្លៃថ្នូរ។ បំផុសការគាំទ្រ និងជំនឿជឿជាក់លើការដឹកនាំរបស់សម្តេចតេជោ និងសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងការដោះស្រាយបញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ, ការលើកកម្ពស់ស្មារតីជាតិនិយម និងលើកកម្ពស់ស្មារតីសាមគ្គីភាព ឯកភាពផ្ទៃក្នុងជាតិជុំវិញការដឹកនាំរបស់គណបក្ស និងរាជរដ្ឋាភិបាល, ការជំរុញការផលិត និងប្រើប្រាស់ផលិតផលក្នុងស្រុក, ការចេះរស់នៅក្នុងរបៀបថ្មី (New Normal) និងការបង្កើនសមត្ថភាព ចំណេះដឹងដល់យុវជនជំនាន់ក្រោយឱ្យយល់ដឹងច្បាស់អំពីប្រវត្តិសាស្ត្រ ភូមិសាស្ត្រនយោបាយ និងច្បាប់អន្តរជាតិនានា ដើម្បីការពារអធិបតេយ្យភាព និងបូរណភាពទឹកដីខ្មែរ។

ស្របជាមួយគ្នានោះ លោកបណ្ឌិត ក៏បានណែនាំឱ្យតាមដានជាប្រចាំ អំពីសភាពការណ៍សតិអារម្មណ៍ នយោបាយ និងការចាត់តាំងទាំងក្នុងគណបក្ស និងទាំងក្នុងប្រជាជន មហាជន និងឆ្លើយតបឱ្យបានទាន់ពេលវេលា ដើម្បីធានាការអនុវត្តជោគជ័យ រាល់ភារកិច្ចនយោបាយរបស់គណបក្ស។

បន្តយកចិត្តទុកដាក់ដល់ជីវភាពរស់នៅ និងការបង្កបង្កើនផលរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន។ បន្តពង្រឹងសមាជិកបក្សទាំងបរិមាណ និងគុណភាព ដោយគ្រប់ភូមិ ត្រូវខិតខំកសាងសមាជិកបក្សឱ្យបានលើស ៨៥% ធៀបនឹងប្រជាពលរដ្ឋមានឈ្មោះ ក្នុងបញ្ជីបោះឆ្នោត ដើម្បីឆ្ពោះទៅរកជ័យជម្នះក្នុងការបោះឆ្នោតឆ្នាំ២០២៧ និងឆ្នាំ២០២៨ខាងមុខ។ ពង្រឹង និងបង្កើនសមត្ថភាពយុវជនគណបក្សគ្រប់ថ្នាក់ គ្រប់ផ្នែក សម្រាប់គោលដៅអ្នកបន្តវេន និងត្រៀមរៀបចំផ្គូរផ្គងបញ្ជីឈ្មោះបេក្ខភាពក្រុមប្រឹក្សាឃុំ សម្រាប់ការបោះឆ្នោតក្រុមប្រឹក្សាឃុំឆ្នាំ២០២៧ និងបន្តជំរុញដំណើការសាងសង់ទីស្នាក់ការគណបក្សស្រុកតាំងគោក ព្រមទាំងបន្តចិញ្ចឹមចលនាបក្សនៅមូលដ្ឋានឱ្យបានកាន់តែល្អ និងសកម្មថែមទៀត៕