FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

គំនូរផ្ទាំងធំក្រោមប្រធានបទ «សិល្បៈដើម្បីសន្តិភាព» ត្រូវចំណាយពេល១០ថ្ងៃ ដើម្បីគូសតាំងបង្ហាញនៅរាជធានីភ្នំពេញ

21-02-2026 10:47

(ភ្នំពេញ)៖ ពិធីប្រុងពលីបើកកម្មវិធីគូរគំនូរផ្ទាំងធំក្រោមប្រធានបទ «រូបគំនូរសិល្បៈដើម្បីសន្តិភាព» បានប្រព្រឹត្តទៅនៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៦ ក្រោមអធិបតីភាព លោក សុខ សប្បាយណា សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្ដាល តំណាងលោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងលោក សុខ ពេញវុធ អភិបាលរងរាជធានីភ្នំពេញ តំណាងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ។

ការគូរគំនូរផ្ទាំងធំនេះ គ្រោងចំណាយរយៈពេល ១០ថ្ងៃ ដោយចាប់ផ្តើមពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៦ ក្រោមប្រធានបទ «សិល្បៈដើម្បីសន្តិភាព» ដើម្បីបង្ហាញពីសកម្មភាព និងបរិបទនានា ដែលបង្ហាញពីស្នាមរបួស ការខ្ទេចខ្ទាំ ភាពសោកសៅ និងការឈឺចាប់ដែលបណ្តាលមកពីសង្គ្រាម និងជម្លោះព្រំដែន ដែលបានកើតឡើងនាពេលកន្លងមក។ កម្មវិធីនេះប្រារព្ធឡើងនៅបរិវេណមុខវត្តបុទុមវតី រាជធានីភ្នំពេញ។

គោលបំណងសំខាន់នៃការរៀបចំពិធីនេះ គឺដើម្បីបង្ហាញអំពីរូបគំនូរសិល្បៈដែលបង្ហាញស្លាកស្នាមនៃអតីតកាល ការខ្ទេចខ្ទាំ ភាពសោកសៅ និងការឈឺចាប់ដែលប្រជាពលរដ្ឋកម្ពុជាបានឆ្លងកាត់ ជាពិសេសក្នុងបរិបទជម្លោះព្រំដែន។

ជាមួយគ្នានេះផងដែរ តាមរយៈផ្ទាំងគំនូរសិល្បៈដែលត្រូវបានបង្កើតដោយវិចិត្រករខ្មែរ ក៏ជាការបង្ហាញថា ប្រជាជនកម្ពុជាយល់ដឹងយ៉ាងច្បាស់ពីគុណតម្លៃនៃសុខសន្តិភាព ហើយកម្ពុជាគាំទ្រការដោះស្រាយបញ្ហាដោយវិធីសន្តិវិធី និងគោរពតាមគោលការណ៍ច្បាប់អន្តរជាតិ៕