FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សម្តេចតេជោ ហ៊ុន សែន ផ្ញើសារលិខិតជូនពរឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត អ៊ឹម ឈុនលឹម ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសខួបចម្រើនជន្មាយុ

20-02-2026 21:34

(ភ្នំពេញ)៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានផ្ញើសារលិខិតជូនពរជូន ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត អ៊ឹម ឈុនលឹម ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសខួបចម្រើនជន្មាយុ នាថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៦។

សារលិខិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន មានខ្លឹមសារទាំងស្រុងដូច្នេះថា៖ «នាឱកាសដ៏សិរីមង្គលប្រកបដោយសេចក្តីសោមនស្ស នៃខួបចម្រើនជន្មាយុរបស់ ឯកឧត្តម នៅថ្ងៃអាទិត្យ ៦កើត ខែផល្គុន ត្រូវនឹងថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៦នេះ ក្នុងនាមថ្នាក់ដឹកនាំ សមាជិក សមាជិកាព្រឹទ្ធសភា និងថ្នាក់ដឹកនាំ ព្រមទាំងមន្ត្រីរាជការ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងក្នុងនាមខ្ញុំផ្ទាល់ ខ្ញុំសូមអបអរសាទរប្រកបដោយភាពកក់ក្តៅ និងសព្ទសាធុការពរ បវរមហាប្រសើរជូនចំពោះ ឯកឧត្តម។

ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ជាឥស្សរជនស្នេហាជាតិ ដែលបានរួមចំណែកយ៉ាងស្វាហាប់ ជាពិសេសក្នុងវិស័យច្បាប់ធម្មនុញ្ញ ដើម្បីពង្រឹងនីតិរដ្ឋ និងលទ្ធិប្រជាធិបតេយ្យ ព្រមទាំងលើកកម្ពស់ សិទ្ធិមនុស្ស ដែលជួយនាំឱ្យប្រជាជន និងព្រះរាជាណាចក្រកម្ពុជា ទទួលបានសន្តិភាពដ៏មានតម្លៃមិនអាច កាត់ថ្លៃបាន ស្ថិរភាពជាតិ និងការរីកចម្រើនជាលំដាប់។

នាឱកាសដ៏ប្រសើរថ្លៃថ្លានេះ ខ្ញុំសូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ គុណកែវទាំងបី និង ទេវតាថែរក្សាទឹកដី នៃព្រះរាជាណាចក្រកម្ពុជា សូមតាមជួយបីបាច់ថែរក្សាប្រទានពរជ័យ សិរីសួស្តី ជ័យមង្គលគ្រប់ប្រការជូន ឯកឧត្តម និង លោកជំទាវ ព្រមទាំងបុត្រាបុត្រី ចៅប្រុសចៅស្រី សូមបានសម ប្រកបដោយពុទ្ធពរ និងពរទាំងប្រាំប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណ កុំបីឃ្លៀងឃ្លាតឡើយ»៕