អាជ្ញាធរខេត្តស្វាយរៀង បន្តចុះសម្របសម្រួលបើកប្រាក់ឈ្នួលជូនកម្មករសំណង់សាងសង់អគារ ហ័រ ឆឹង នៅក្នុងក្រុងបាវិត ដើម្បីសង្គ្រោះជីវភាពចំពោះមុខ
20-02-2026 15:49
(ស្វាយរៀង)៖ ក្នុងកាយវិការប្រកបដោយមេត្តាធម៌ និងស្មារតីប្រកបដោយការទទួលខុសត្រូវខ្ពស់បំផុតចំពោះសុខទុក្ខ របស់បងប្អូនកម្មករនិយោជិត ដោយទទួលបានការណែនាំពីលោក ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង ក្រុមការងារចម្រុះដឹកនាំដោយលោក ម៉ែន អេង អភិបាលរងខេត្ត នាថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦ បានចុះអន្តរាគមន៍ដោះស្រាយវិវាទការងារនៅការដ្ឋានសំណង់អគារ ហ័រ ឆឹង ដែលសាងសង់ដោយក្រុមហ៊ុនវិស្វកម្មសំណង់ SHUANG ZHOU ស្ថិតនៅភូមិតាបឹប សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។
ក្នុងគោលបំណង ដើម្បីសម្របសម្រួលបើកប្រាក់ឈ្នួលជូនបងប្អូនកម្មករដែលកំពុងជួបការលំបាក បន្ទាប់ពីមានការជាប់គាំងដោយសារអ្នកម៉ៅការសំណង់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន និងបានបញ្ជូនទៅប្រទេសកំណើតវិញ។
កិច្ចប្រជុំដោះស្រាយនេះមានការចូលរួមពីលោក លឹម សៀងហេង អភិបាលក្រុងបាវិត, លោក ដាំ ឃុនពិសី ប្រធានស្តីទីមន្ទីរព័ត៌មានខេត្ត, លោក នួន សំបូរ ប្រធានការិយាល័យអធិការកិច្ច និងវិវាទការងារ និងមន្ត្រីពាក់ព័ន្ធនៃមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្ត និងអាជ្ញាធរមូលដ្ឋានផងដែរ។
ក្នុងឱកាសចុះដឹកនាំបញ្ជាផ្ទាល់ដល់ទីតាំងការដ្ឋាន លោកអភិបាលរងខេត្តស្វាយរៀង បានថ្លែងយ៉ាងម៉ឺងម៉ាត់ទៅកាន់ភាគីពាក់ព័ន្ធថា៖ «យើងមិនអាចទុកឱ្យបងប្អូនកម្មករដាច់បាយ ឬជួបការលំបាក ដោយសារកំហុសរបស់អ្នកម៉ៅ ការនោះឡើយ។ ទោះបីបុគ្គលនោះត្រូវទទួលទោសចំពោះមុខច្បាប់ ប៉ុន្តែសិទ្ធិទទួលបានប្រាក់ឈ្នួលរបស់កម្មករត្រូវតែមកមុនគេ ហើយបញ្ហាក្រពះរបស់បងប្អូនគឺជាអាទិភាពទីមួយ។ ការសម្របសម្រួលបើកប្រាក់ឈ្នួលនៅថ្ងៃនេះ គឺជាការបង្ហាញថារដ្ឋបាលខេត្តតែងតែឈរនៅក្បែរបងប្អូនគ្រប់កាលៈទេសៈដើម្បីធានាថាគ្មានកម្មករណាម្នាក់ត្រូវបានបោះបង់ចោលឡើយ ក្នុងស្ថានភាពអាសន្នដែល កម្មករកំពុងជួបការលំបាកផ្នែកជីវភាព និងការហូបចុកប្រចាំថ្ងៃ»។
អភិបាលរងខេត្ត បានសម្រេចដាក់ចេញនូវវិធានការដោះស្រាយវះកាត់មួយ គឺការសម្របសម្រួលបើកប្រាក់ឈ្នួលតាមរយៈការធ្វើបញ្ជីឡៃឡុងលក់សម្ភារៈសំណង់ដែលនៅសេសសល់ក្នុងទីតាំងការដ្ឋាន។ ថវិកាដែលទទួលបានពីការ លក់សម្ភារៈទាំងនេះ ត្រូវបានចាត់ចែងជាអាទិភាពខ្ពស់បំផុត ដើម្បីបែងចែកជូនបងប្អូនកម្មករដែលកំពុងស្នាក់នៅរង់ចាំដំណោះស្រាយ ក្នុងបំណងសម្រាលទុក្ខលំបាកចំពោះមុខ និងដោះស្រាយបញ្ហាក្រពះជាបន្ទាន់។
ក្នុងកិច្ចប្រជុំជាមួយកម្មករនិយោជិត លោកអភិបាលរងខេត្តស្វាយរៀង បានសង្កត់ធ្ងន់ថា៖ «បងប្អូនទាំងអស់គ្នា គឺជាកម្លាំងយ៉ាងសំខាន់ក្នុងការអភិវឌ្ឍខេត្តរបស់យើង។ ទោះបីជាពេលនេះអ្នកម៉ៅការត្រូវបានចាប់ខ្លួន ក្នុងចំណាត់ការច្បាប់ ប៉ុន្តែសិទ្ធិទទួលបានប្រាក់ឈ្នួលដែលជា ញើសឈាមរបស់បងប្អូន ត្រូវតែទទួលបានការការពារ។ ការសម្របសម្រួលបើកប្រាក់ឈ្នួលថ្ងៃនេះ គឺជាការបង្ហាញពីជំហរច្បាស់លាស់របស់រដ្ឋបាលខេត្ត គឺមិនទុកឱ្យបងប្អូនដាច់បាយឡើយ។ យើងនឹងបន្តឈរនៅទីនេះ រហូតដល់បងប្អូនទទួលបានយុត្តិធម៌»។
ក្រោយពីទទួលបានការសម្របសម្រួលបើកប្រាក់ឈ្នួល និងការយកចិត្តទុកដាក់ពីសំណាក់ថ្នាក់ដឹកនាំ បងប្អូនកម្មករបានបង្ហាញនូវក្តីរំភើប និងការដឹងគុណយ៉ាងជ្រាលជ្រៅ។ បងប្អូនកម្មករម្នាក់ៗដែលធ្លាប់តែមានទឹកមុខស្រពោន និងបារម្ភពីអនាគត បានត្រឡប់មកមានសង្ឃឹមវិញ។
កិច្ចអន្តរាគមន៍សម្របសម្រួលបើកប្រាក់ឈ្នួល នៅការដ្ឋានសំណង់សាងសង់អគារ ហ័រ ឆឹង គឺជាគំរូនៃសកម្មភាពដឹកនាំដែលផ្សារភ្ជាប់សុខទុក្ខជាមួយពលរដ្ឋ។ នេះមិនត្រឹមតែជាការអនុវត្តច្បាប់ប៉ុណ្ណោះទេ ប៉ុន្តែគឺជាការស្តែងឱ្យឃើញនូវទឹកចិត្តស្រឡាញ់ និងការគាំពារកម្មករនិយោជិតរបស់រាជរដ្ឋាភិបាល តាមរយៈអាជ្ញាធរខេត្តស្វាយរៀង ដែលតែងតែផ្តល់អាទិភាពខ្ពស់បំផុតលើ «យុត្តិធម៌ និងជីវភាព» របស់ពលរដ្ឋគ្រប់រូប៕













