រដ្ឋមន្រ្តីសុខាភិបាល ផ្តល់អនុសាសន៍ដល់មន្ត្រី បុគ្គលិកសុខាភិបាល ពិសេសនៅគ្រប់មន្ទីរពេទ្យទាំងអស់ ក្នុងការបម្រើសេវាសុខាភិបាល កាន់តែមានគុណភាព ប្រសិទ្ធិភាពខ្ពស់ ឆ្លើយតបតាមតម្រូវការជាក់ស្តែង
19-02-2026 21:46
(ភ្នំពេញ)៖ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានផ្តល់អនុសាសន៍ណែនាំបន្ថែមទៀតដល់ថ្នាក់ដឹកនាំសុខាភិបាល និងគ្រប់មន្ទីរពេទ្យទាំងអស់ បន្តប្តេជ្ញាចិត្តរួមគ្នាខិតខំជាប់ជាប្រចាំ លើការបម្រើសេវាថែទាំព្យាបាល ឱ្យកាន់តែមានគុណភាព ប្រសិទ្ធិភាពខ្ពស់ ឆ្លើយតបបានតាមតម្រូវការជាក់ស្តែង។
ការផ្តល់អនុសាសន៍ណែនាំនេះបានធ្វើឡើងនៅរសៀលថ្ងៃព្រហស្បតិ៍ ទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦ នៅទីស្តីការក្រសួងសុខាភិបាល ក្នុងឳកាសដឹកនាំកិច្ចប្រជុំប្រចាំខែកុម្ភៈ ឆ្នាំ២០២៦ ដើម្បីពិនិត្យវឌ្ឍនភាពការងារ និងលើកទិសដៅ ផែនការបន្ត ដើម្បីជំរុញការអនុវត្តកាន់តែមានប្រសិទ្ធភាព និងប្រកបដោយគុណភាពខ្ពស់។
លោកសាស្រ្តាចារ្យរដ្ឋមន្ត្រីក៏បានណែនាំដល់ថ្នាក់ដឹកនាំ និងមន្រ្តី ត្រូវយកចិត្តទុកដាក់ និងបន្តពង្រឹងការងារប្រចាំថ្ងៃ ឱ្យកាន់តែល្អប្រសើរបន្ថែមទៀត និងបន្តបេសកកម្មថ្មីៗសុខាភិបាល ទៅគ្រប់វិស័យ ដើម្បីឈានទៅសម្រេចបាននូវការគ្របដណ្តប់សុខភាពជាសកល។ បន្ថែមពីនេះ ត្រូវបន្តយកចិត្តទុកដាក់ខ្ពស់ ក្នុងការទប់ស្តាត់ជំងឺឆ្លងនានា ដែលកំពុងមានការឆ្លងថ្មីៗ ជាពិសេសផ្តាសាយបក្សី ជំងឺនីប៉ាហ៍ និងជំងឺឆ្លងនានា ដើម្បីធានាបានការត្រៀមលក្ខណៈឆ្លើយតបឱ្យបានទាន់ពេលវេលា។
នាឱកាសនោះលោកសាស្រ្តាចារ្យរដ្ឋមន្ត្រី ក៏បានលើកឡើងអំពីការខិតខំប្រឹងប្រែងបំពេញការងាររបស់ថ្នាក់ដឹកនាំ និងមន្ត្រីសុខាភិបាលទាំងអស់ ដែលបានខិតខំប្រឹងប្រែង និងទទួលបានលទ្ធផលជាបន្តបន្ទាប់គួរជាទីមោទនភាព ប្រកបដោយភាពរឹងមាំ និងច្បាស់លាស់ ក្នុងការបម្រើសេវាជូនប្រជាពលរដ្ឋ ដោយមិនឱ្យនរណាម្នាក់មិនទទួលបានការព្យាបាលនោះឡើយ។
សូមជម្រាបថាកិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ទីប្រឹក្សាក្រសួងសុខាភិបាល អគ្គនាយក អគ្គនាយករង ប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋាន ប្រធានការិយាល័យ នៃទីស្តីការក្រសួងសុខាភិបាល និងប្រធានអង្គភាពថ្នាក់កណ្តាល មន្ទីរពេទ្យជាតិ ព្រមទាំងប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលរាជធានី ខេត្ត ដែលចូលរួមតាមប្រព័ន្ធ Zoom៕
































