FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

គណៈប្រតិភូកម្ពុជា ចូលរួមពិធីបុណ្យសពរដ្ឋបុរសអាស៊ី លោក Jose de Venecia ប្រធានស្ថាបនិក ICAPP និងជាអតីតប្រធានសភាហ្វីលីពីន ៥អាណត្តិ

19-02-2026 20:57

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធ​សភាកម្ពុជា សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធាន​រដ្ឋសភា សម្តេចមហា​បវរ​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងជាប្រធានមហាសន្និបាតសន្និសីទអន្តរជាតិ​នៃបណ្ដាគណបក្សនយោបាយនៅអាស៊ី (ICAPP) លើកទី១២ បានផ្ញើសាររំលែក​ទុក្ខ​ជូនលោកស្រី Gina de Venecia ភរិយាឯកឧត្តម Jose de Venecia អតីតប្រធាន​រដ្ឋសភាហ្វីលីពីន៥អាណត្តិ និងជាប្រធានស្ថាបនិក ICAPP ដែលបានទទួល​មរណ​ភាព កាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦ នៅទីក្រុងម៉ានីឡា ប្រទេសហ្វីលីពីន។

បន្ថែមពីនោះជាមួយនឹងសមានទុក្ខដ៏ក្រៀមក្រំនេះ នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៦ លោក សួស យ៉ារ៉ា ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការ​អន្តរជាតិ និងព័ត៌មាននៃរដ្ឋសភា និងជាអនុប្រធាន ICAPP និង លោក សុខ សូកេន រដ្ឋមន្ត្រី​ក្រសួង​អធិការកិច្ច និងជាតំណាង​គណបក្សប្រជាជនកម្ពុជាក្នុងវេទិកាយុវជន ICAPP បានអញ្ជើញ​​​គោរពវិញ្ញានក្ខន្ធសពដោយផ្ទាល់ថែមទៀតផង។

នៅក្នុងពិធីចូលរួមគោរពវិញ្ញាណក្ខន្ធនោះ លោក សួស យ៉ារ៉ា បានអាន និងប្រគល់នូវ​សារ​លិខិតរំលែកមរណទុក្ខរបស់ថ្នាក់ដឹកនាំកម្ពុជា​​​ជូនក្រុមគ្រួសារនៃសព និងបានចូលរួម​កម្ម​វិធីបញ្ចុះសពនៅទីលានកិត្តិយស Libingan ng mga Bayani ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ​២០២៦ ជាមួយនឹងគណៈប្រតិភូ ICAPP រួមមាន លោក Chung Eui-yong ប្រធាន ICAPP និងលោក Mushahid Hussain Sayed សហប្រធាន ICAPP និងសមា​ជិកគណៈកម្មាធិការអចិន្ត្រៃយ៍ ICAPP មួយចំនួន។

លោក Jose de Venecia ត្រូវបានទទួលស្គាល់ជាឥស្សរជនហ្វីលីពីន និងជាព្រឹទ្ធ​បុរស​អាស៊ី ដែលបានលះបង់ពេញមួយជីវិត ដើម្បីជំរុញសន្តិភាព កិច្ចសហប្រតិបត្តិការ និងការយោគយល់គ្នាទៅវិញទៅមកក្នុងចំណោមគណបក្សនយោបាយ និងជនជាតិ​ចម្រុះ​នៅហ្វីលីពីន និងរវាងគណបក្សនយោបាយ នៃប្រជាជាតិនានា​ដែលមាន​ប្រវត្តិ​សាស្ត្រ និងមនោគមន៍វិជ្ជាខុសគ្នានៅអាស៊ី ដែលនេះបានបង្កើតនូវ​មូលដ្ឋាន​គ្រឹះសម្រាប់​ការរីកចម្រើនរបស់ ICAPP ឱ្យក្លាយជាវេទិកាដ៏មានឥទ្ធិពលមួយសម្រាប់​កិច្ចពិភាក្សា​នយោបាយនៅទ្វីបអាស៊ី និងជាមួយនឹងក្រុមគណបក្សនយោបាយនានា​នៅលើសកល​លោក។ មរតកដ៏រឹងមាំ និងទស្សនវិស័យដ៏វែងឆ្ងាយរបស់លោក បានបន្តជាប្រទីបបំភ្លឺផ្លូវ​ដល់អ្នកនយោបាយសំខាន់ៗនៅហ្វីលីពីន និងនៅអាស៊ី ដែលធ្វើការក្នុងបុព្វហេតុ​នៃបេស​ក​កម្មដ៏សំខាន់នេះ។

សម្រាប់ថ្នាក់ដឹកនាំកម្ពុជា និងប្រជាជនកម្ពុជា លោក Jose de Venecia គឺជាមិត្តដ៏​ជិត​​ស្និទ្ធ និងជាឥស្សរជននយោបាយ ដែលបានរួមចំណែកយ៉ាងសំខាន់ក្នុងការកសាង​ទំនាក់ទំនងទ្វេភាគីកម្ពុជា-ហ្វីលីពីន និងដែលបានធ្វើការ​ជាមួយគ្នា គាំទ្រគ្នាទៅវិញទៅ​មក ប្រកបដោយមិត្តភាព និងភាតរភាពជាច្រើនទសវត្សរ៍ ក្នុងដំណើរកសាង​សតវត្សរ៍​អាស៊ី​ដ៏រុងរឿង ប្រកបដោយវិបុលភាព សន្តិភាព ការអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការ។ មរណភាព​របស់លោក គឺជាការបាត់បង់ដ៏ធំធេងមិនត្រឹមតែចំពោះក្រុមគ្រួសារ និងប្រជា​ជនហ្វីលីពីនប៉ុណ្ណោះទេ តែជាការបាត់បង់ប្រកបដោយក្តីនឹករលឹក អាឡោះអាល័យ និង​ដឹងគុណពីសហគមន៍អន្តរជាតិ៕