FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សម្តីរបស់អ្នកនាំពាក្យកងទ័ពភូមិន្ទថៃបញ្ជាក់ថា ថៃមានគំរោងជាមុនក្នុងការវ៉ៃដណ្តើមទឹកដីពីកម្ពុជា

19-02-2026 20:49

(ភ្នំពេញ)៖ ក្នុងសេចក្តីថ្លែងការណ៍កាលពីយប់ថ្ងៃទី ១៨ ខែកុម្ភៈ ឆ្នាំ ២០២៦ ដែលផ្សាយតាមគេហទំព័រផ្លូវការរបស់កងទ័ពជើងគោកថៃ លោកឧត្តមសេនីយ៍ទោ Winthai Suvaree អ្នកនាំពាក្យកងទ័ពភូមិន្ទថៃ បានឆ្លើយតបទៅនឹងកិច្ចសម្ភាសន៍របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាជាមួយទីភ្នាក់ងារសារព័ត៌មាន Reuters ដែលមានប្រសាសន៍ថា «កងទ័ពថៃកំពុងកាន់កាប់ទឹកដីកម្ពុជា និងដំឡើងទូរកុងតឺន័រ និងដាក់បន្លាលួស រារាំងជនភៀសសឹកប្រមាណ ៨០,០០០ នាក់ មិនឲ្យត្រឡប់ទៅផ្ទះវិញ»

លោក ឧត្តមសេនីយ៍ទោ Winthai Suvaree បានឆ្លើយតបថា «កម្ពុជាដឹងច្បាស់ថាតំបន់ដែលកំពុងមានជម្លោះជាដីរបស់ថៃ។ កាលពីអតីតកាល ថៃបានផ្តល់ជម្រកដល់ប្រជាជនកម្ពុជាដែលរត់គេចពីសង្គ្រាម។ ប៉ុន្តែ បន្ទាប់ពីសង្គ្រាមបានបញ្ចប់ ប្រជាជននិងទាហានកម្ពុជាជាច្រើនមិនបានត្រឡប់ទៅប្រទេសខ្លួនវិញទេ ប៉ុន្តែ បែរជាបានពង្រីកការរស់នៅលើដែនអធិបតេយ្យរបស់ថៃ។ ថៃបានដាក់ការតវ៉ាជាច្រើនតាមយន្តការផ្លូវការ ប៉ុន្តែ កម្ពុជាមិនបានឆ្លើយតប និងមិនបានដោះស្រាយបញ្ហាដោយបញ្ជូនពលរដ្ឋខ្លួនត្រឡប់ទៅដីកម្ពុជា»

លោកបន្តទៀតថា «ដូច្នេះ ប្រជាជនទាំងនេះមិនអាចចាត់ទុកថាជាជនភៀសសឹក ដូចដែលនាយករដ្ឋមន្ត្រីកម្ពុជាអះអាងនោះទេ ប៉ុន្តែ ជាក្រុមដែលបានប្រព្រឹត្តអំពើខុសច្បាប់ និងបំពានលើអធិបតេយ្យភាពថៃជាបន្តបន្ទាប់ ដែលធ្វើឲ្យពលរដ្ឋថៃបាត់បង់សិទ្ធិចូលប្រើប្រាស់ដីធ្លីតាមសិទ្ធិរបស់ខ្លួន»

តាមរយៈពាក្យសម្តីបែបនេះ សាធារណជនទូទៅអាចយល់បានថា ការផ្ទុះសង្គ្រាមពីរលើកកន្លងទៅពោលគឺ លើកទី១ នៅថ្ងៃទី ២៤ ដល់ ២៨ ខែកក្កដា ឆ្នាំ ២០២៥ និងលើកទី២ នៅថ្ងៃទី ៧ ដល់ ២៧ ខែធ្នូ ឆ្នាំ ២០២៥ គឺជាគំរោងវាយដណ្តើមកាន់កាប់ទឹកដីពីសំណាក់កងទ័ពថៃយ៉ាងពិតប្រាកដពីព្រោះថៃចាត់ទុកដីទាំងនោះថាជារបស់ខ្លួនដែលត្រូវដណ្តើមយកវិញ។ ការអះអាងរបស់អ្នកនាំពាក្យកងទ័ពជើងគោកថៃបានបិទបញ្ចប់ការមន្ទិលសង្ស័យដ៏សំខាន់មួយកាលពីកន្លងទៅដែលថា តើអ្នកណាជាអ្នកវាយមុន? ភាគីថៃតែងចោទកម្ពុជាថា ជាអ្នកបើកការវាយប្រហារមុនទៅលើកងទ័ពថៃ ហើយកម្ពុជាអះអាងថា ខ្លួនជាអ្នករងគ្រោះពីការវាយប្រហារមុនរបស់កងទ័ពថៃ។

ប៉ុន្តែ ពេលនេះ ការពិតបានបញ្ជាក់ច្បាស់ហើយថា តើអ្នកណាមានគំរោងវាយដណ្តើមទឹកដីកាន់កាប់ពិតប្រាកដ គឺភាគីថៃពីព្រោះតែខ្លួនចាត់ទុកថា ដីនោះជារបស់ថៃដែលត្រូវដណ្តើមយកវិញ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យកងទ័ពជើងគោកថៃ។ ការអះអាងនេះពិតជាសមហេតុផលណាស់ពីព្រោះការវាយលើកទី១ ថៃមិនអាចដណ្តើមកាន់កាប់ទីតាំងទាំងនោះតាមបំណងបានទេនៅពេលបទឈប់បាញ់លើកទី១ចូលជាធរមាននៅពាក់កណ្តាអធ្រាត្រថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ ២០២៥។

ដោយសារគោលដៅរបស់ខ្លួនមិនបានសម្រេចទើបភាគីថៃបំពានបទឈប់បាញ់និងបើកការវាយប្រហារជាលើកទី២ នៅថ្ងៃទី ៧ ធ្នូ រហូតដល់បទឈប់បាញ់ទី២ ចូលជាធរមានកាលពីវេលាម៉ោង ១២ ថ្ងៃត្រង់ ថ្ងៃទី២៧ ធ្នូ ២០២៥។ បន្ទាប់ពីបានកាន់កាប់ដូចបំណងរួចហើយ ថៃបានវាយបំផ្លាញចោលទាំងអស់នូវផ្ទះសម្បែងរបស់ពលរដ្ឋខ្មែរ និងលួចទ្រព្យសម្បត្តិគ្មានសល់ ថែមទាំងបំផ្លាញទីសក្ការៈផ្សេងៗក្នុងទីតាំងទាំងនោះគ្មានសល់។ កងទ័ពថៃបានធ្វើឱ្យមានស្ថានភាពផ្លាស់ប្តូរថ្មីនៅនឹងកន្លែង (Fait Accompli ) ដើម្បីកាន់កាប់ជាអចិន្ត្រៃយ៍។ ដូច្នេះ ពីពេលនេះតទៅ ការសង្ស័យអំពីថាតើអ្នកណាវាយមុនលែងជាបញ្ហាទៀតហើយ។

ចុះសួរថា តើទីតាំងទាំងនោះជាដីរបស់ភាគីណា? ជារបស់កម្ពុជាឬថៃ? រឿងនេះក៏មិនពិបាកដែរពីព្រោះបើថៃអះអាងថា ទីតាំងទាំងនោះជារបស់ខ្លួន ហេតុអ្វីថៃមិនប្រើយន្តការបច្ចេកទេស JBC ដើម្បីវាស់វែងតាមសំណើររបស់ភាគីកម្ពុជា? បែរជាប្រើកម្លាំងយោធាដើម្បីដណ្តើមកាន់កាប់ទៅវិញ? ការវាស់វែងតាមរយៈក្រុមអ្នកជំនាញក្នុងយន្តការ JBC ដើម្បីដឹងថា តើទីតាំងទាំងនោះគឺជាកម្មសិទ្ធិរបស់កម្ពុជាឬថៃ គឺជាមធ្យោបាយតែមួយគត់ដែលអាចផ្ទៀងផ្ទាត់បាន ដូចដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានបញ្ជាក់។ សង្ឃឹមថា ភាគីថៃមានសេចក្តីក្លាហានក្នុងការធ្វើរឿងនេះដើម្បីស្តារមុខមាត់របស់ខ្លួនថា ថៃមិនមែនជាអ្នកឈ្លានបានទឹកដីកម្ពុជាទេ ដូចដែលខ្លួនតែងតែអះអាង៕

ដោយ វង្ស មករា សាស្ត្រាចារ្យនិងជាអ្នកវិភាគសង្គមនយោបាយ