អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yoel ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារអស់មួយជីវិត ពីបទបះបោរ (Video inside)
19-02-2026 19:40
(សេអ៊ូល)៖ នាថ្ងៃព្រហស្បតិ៍ ទី១៩ ខែកុម្ភៈ តុលាការកូរ៉េខាងត្បូង បានកាត់ទោសអតីតប្រធានាធិបតី លោក Yoon Suk Yeol ឱ្យជាប់ពន្ធនាគារអស់មួយជីវិត បន្ទាប់ពីរកឃើញមានពិរុទ្ធពីបទបះបោរពាក់ព័ន្ធការប៉ុនប៉ងក្នុងខែធ្នូ ឆ្នាំ ២០២៤ ដើម្បីដាក់ចេញច្បាប់អាជ្ញាសឹក។ នេះបេីយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
ចៅក្រម លោក Jee Kui-youn បានប្រាប់ដល់អង្គសវនាការថា លោក Yoon បានគប់គិតជាមួយអតីតរដ្ឋមន្ត្រីការពារជាតិ លោក Kim Yong-hyun ដើម្បីបំប្លែងបទបញ្ជាធម្មនុញ្ញដោយការដាក់ពង្រាយកងទ័ពទៅកាន់រដ្ឋសភា។ តាមសាលក្រមរបស់តុលាការ រាល់ការបញ្ជូនទាហានប្រដាប់អាវុធទៅសភា និងការប្រើឧបករណ៍ដើម្បីព្យាយាមចាប់ខ្លួន គឺសុទ្ធតែជាអំពើបះបោរ។
នៅពេលប្រកាសទោសជាប់ពន្ធនាគារអស់មួយជីវិត លោក jee បញ្ជាក់ថា លោក Yoon បានដឹកនាំមន្ត្រី និងកងទ័ពមួយចំនួនធ្វេីសកម្មភាពឧក្រិដ្ឋ នាថ្ងៃទី៣ ខែធ្នូ ឆ្នាំ ២០២៤ ហើយដោយសារតែការប្រកាសច្បាប់អាជ្ញាសឹក នោះថ្លៃចំណាយដ៏សម្បេីមក្នុងសង្គមប្រាកដជានឹងកើតឡើង។
លោក Yoon អាយុ ៦៥ឆ្នាំ បានឈរទាំងទឹកមុខស្លេកស្លាំងនៅក្នុងសវនាការ ខណៈ ដែលសាលក្រមកាត់ទោស ត្រូវបានអាន សម្រាប់រូបលោក និងចុងចោទ ៧នាក់ទៀតរួមទាំង លោក Kim អតីតរដ្ឋមន្ត្រីការពារជាតិ ដែលទទួលទោស ៣០ឆ្នាំ ក៏ដូចជាអតីតមន្ត្រី ប៉ូលិសកំពូលៗ។
ក្រុមមេធាវីការពារក្តីរបស់លោក Yoon នឹងពិភាក្សាថាតើត្រូវប្តឹងឧទ្ធរណ៍លើសេចក្តីសម្រេចនេះឬអត់ ដោយមេធាវីម្នាក់បាននិយាយថា ខ្លួនមិនអើពើលើគោលការណ៍ច្បាប់ដែលមិនផ្អែកលើការរកឃើញភស្តុតាងទាំងស្រុងនោះទេ។
គួរបញ្ជាក់ថា រដ្ឋអាជ្ញាក៏បានស្វែងរកការកាត់ទោសប្រហារជីវិតក្នុងសំណុំរឿងនេះដែរ ជាមួយការឃ្លាំមើលដិតដល់នៅក្នុងប្រទេសដែលកំពុងបែកបាក់យ៉ាងស៉ីជម្រៅ។ វាគឺជាផលវិបាកបំផុតសម្រាប់កូរ៉េខាងត្បូង ដែលមេដឹកនាំម្នាក់ត្រូវបានបណ្តេញចេញពីអំណាច បង្កជាវិបត្តិនយោបាយជាតិ និងធ្វេីតេស្តទៅលេីភាពធន់នៃលទ្ធិប្រជាធិបតេយ្យ។
ក្រោមច្បាប់បស់កូរ៉េខាងត្បូង មេគំនិតរៀបចំការបះបោរ ត្រូវទទួលទោសអតិបរមា ដោយការប្រហារជីវិត ឬដាក់ពន្ធនាគារអស់មួយជីវិត។ ប្រទេសនេះបានកាត់ទោសប្រហារជីវិតលេីកចុងក្រោយក្នុងឆ្នាំ ២០១៦ ប៉ុន្តែមិនបានកាត់ទោសនរណាម្នាក់ទេចាប់តាំងពីឆ្នាំ ១៩៩៧៕


