បណ្ឌិត អ៊ាង សុផល្លែត៖ ជប៉ុននឹងគាំទ្រផ្ដល់ឧបករណ៍វាស់គុណភាពខ្យល់មកកម្ពុជា ដើម្បីពង្រឹងការត្រួតពិនិត្យគុណភាពខ្យល់ឱ្យកាន់តែប្រសើរបន្ថែមទៀត ពីលើឧបករណ៍ដែលមានស្រាប់ (Video inside)
19-02-2026 19:37
(ភ្នំពេញ)៖ នៅក្នុងសន្និសីទសារព័ត៌មានស្តីពីលទ្ធផលនៃទស្សនកិច្ចទៅកាន់ប្រទេសជប៉ុន ដែលធ្វើឡើងនៅអាកាសយានដ្ឋានអន្តរជាតិតេជោ នាព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦, លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានឱ្យដឹងថា ប្រទេសជប៉ុននឹងគាំទ្រដោយផ្ដល់ឧបករណ៍វាស់គុណភាពខ្យល់មកកម្ពុជា ដើម្បីពង្រឹងការត្រួតពិនិត្យគុណភាពខ្យល់ឱ្យកាន់តែប្រសើរបន្ថែមទៀត បន្ថែមទៅលើឧបករណ៍ត្រួតពិនិត្យគុណភាពខ្យល់ដែលមានស្រាប់ចំនួន ៥៩ទីតាំង។
ការផ្ដល់ឱ្យឧបករណ៍ត្រួតពិនិត្យគុណភាពខ្យល់នេះ គឺតាមរយៈការចុះហត្ថលេខារវាងក្រសួងបរិស្ថានកម្ពុជា ជាមួយក្រសួងបរិស្ថានជប៉ុន លើអនុស្សរណៈនៃកិច្ចសហប្រតិបត្តិការផ្តោតលើសសរស្តម្ភយុទ្ធសាស្ត្រចំនួន៤ដូចជា៖ ការកាត់បន្ថយ និងការសម្របខ្លួនទៅនឹងការប្រែប្រួលអាកាសធាតុ សេដ្ឋកិច្ចចម្រុះ ការការពារការបំពុលទឹក ដី និងខ្យល់ និងការអភិរក្សជីវៈចម្រុះ។
លោក អ៊ាង សុផល្លែត បានឱ្យដឹងយ៉ាងដូច្នេះ៖ «ក្រុមហ៊ុនជប៉ុន នឹងនាំមកនូវប្រព័ន្ធត្រួតពិនិត្យគុណភាពខ្យល់ ដើម្បីពិនិត្យគុណភាពខ្យល់យើង ថាតើមានលម្អងប្លាស្ទិកកម្រិតណា»។
នាឱកាសនោះដែរ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានបន្តថា នាពេលឆាប់ៗនេះនឹងមាននូវឧបករណ៍ត្រួតពិនិត្យគុណភាពខ្យល់ទំនើបមួយ ដែលផ្ដល់ភាពងាយស្រួលក្នុងការតាមដានគុណភាពខ្យល់ ដោយគ្រាន់តែបើកដំណើរភ្លាម មន្ត្រីជំនាញនឹងអាចដឹងភ្លាមថានៅក្នុងខ្យល់មានសារធាតុពុល និងសារធាតុវិទ្យុសកម្ម សារធាតុគីមីអ្វីខ្លះនៅក្នុងខ្យល់។
លោកបណ្ឌិត អ៊ាង សុផល្លែត បានបន្ថែមថា ក្រសួងបរិស្ថាន ក៏មានគម្រោងបំពាក់បន្ថែមទៀតនូវឧបករណ៍តាមដាន ពិនិត្យគុណភាពខ្យល់នៅតាមបណ្ដាខេត្តបន្ថែមពីលើឧបករណ៍តាមដានគុណភាពខ្យល់ដែលបានបំពាក់រួចហើយ ឱ្យបានយ៉ាងហោចណាស់ចំនួន២ ឬ៣ ឧបករណ៍តាមដានគុណភាពខ្យល់នៅតាមបណ្ដាខេត្តនីមួយៗ ។
«ក្រសួងបរិស្ថាន នឹងរៀបចំបំពាក់បន្ថែមនូវឧបករណ៍តាមដានគុណភាពខ្យល់នៅតាមខេត្ត ក្រុងទាំងអស់ថែមទៀត។ អីឡូវហ្នឹងនៅតាមខេត្ត ក្រុងខ្លះ មានឧករណ៍តាមដានគុណភាពខ្យល់មានចំនួន១ ឬមានចំនួន២។ អ៊ីចឹងទេ យើងនឹងបំពាក់បន្ថែមឧបករណ៍តាមដានគុណភាពខ្យល់ឱ្យមានយ៉ាងហោចណាស់ចំនួន២ ឬ៣ ក្នុងមួយខេត្ត»។ នេះជាការគូសបញ្ជាក់បន្ថែមរបស់លោកបណ្ឌិត អ៊ាង សុផល្លែត។
គួរឱ្យដឹងថា បច្ចុប្បន្ន ក្រសួងបរិស្ថានដាក់ពង្រាយឧបករណ៍ប្រព័ន្ធត្រួតពិនិត្យគុណភាពខ្យល់កម្រិតខ្ពស់ចំនួន៥៩កន្លែង នៅទូទាំងប្រទេសកម្ពុជា រួមជាមួយស្ថានីយផ្កាយរណប ចំនួន១គ្រឿង និងរថយន្តចល័តចំនួន ៣គ្រឿង ដើម្បីតាមដានគុណភាពខ្យល់ (កំហាប់ភាគល្អិត PM2.5) ឱ្យបានត្រឹមត្រូវ និងផ្សព្វផ្សាយផ្ទាល់ជូនសាធារណជន បានជ្រាបអំពីទិន្នន័យគុណភាពខ្យល់ និងវិធានការការពារសុខភាព៕




