FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ព្រឹត្ដិការណ៍តុក្កតាយក្សឆ្នាំ២០២៦ នឹងដង្ហែក្បួននៅថ្ងៃទី២១ ខែកុម្ភៈខាងមុខនេះ

19-02-2026 19:20

(សៀមរាប)៖​ លោក អ៊ុន សាវ៉ាន់ អ្នកគ្រប់គ្រងគម្រោងតុក្កតាយក្ស បានលើកឡើងថា ព្រឹត្តិការណ៍ដង្ហែតុក្កតាយក្ស ឆ្នាំ២០២៦ ដែលមានកុមារជាង៤០០នាក់ មកចូលរួមដំឡើង តុបតែង ក្នុងគោលបំណងទាក់ទាញទេសចរ និងលើកស្ទួយនូវវិស័យសិល្បៈសូន្យរូប វប្បធម៌ បរិស្ថាន និងធម្មជាតិ ជាពិសេសជួយដល់កុមារឱ្យចេះធ្វើការជាក្រុម និងឱ្យពួកគេយល់កាន់តែច្បាស់ពីតម្លៃសិល្បៈវប្បធម៌ និងបរិស្ថានទូទៅជុំវិញ។

ថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News នារសៀលថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៦ លោក អ៊ុន សាវ៉ាន់ បានបន្តថា ព្រឹត្ដិការណ៍ដង្ហែរក្បួនតុក្កតាយក្សនេះ ធ្វើឡើងដើម្បីបង្ហាញដល់អ្នកទេសចរជាតិ និងអន្ដរជាតិ ឱ្យបានឃើញពីស្នាដៃរបស់កុមារកម្ពុជា និងទាក់ទាញអ្នកទេសចរផងដែរ។

លោកបន្តថា រូបភាពតុក្កតាយក្សដែលនឹងរៀបចំដង្ហែនាពេលខាងមុខនេះ គឺមានជារូបភាពសត្វព្រៃកម្ពុជា ចំនួន៨តុក្កតាយក្ស ដែលធ្វើឡើងដោយមានកុមារជាង៤០០នាក់ មកពីតាមបណ្ដាសាលារដ្ឋ ឯកជន និងអង្គការក្រៅរដ្ឋាភិបាលនានា ដោយមានសិល្បៈករមកពីខេត្ដបាត់ដំបងចំនួន១០នាក់ ជួយបង្ហាត់បង្រៀនធ្វើផងដែរ។

លោកបន្ថែមថា ព្រឹត្ដិការណ៍ដង្ហែក្បួនតុក្កតាយក្សឆ្នាំ២០២៦ ដែលជាគម្រោងសិល្បៈសហគមន៍កុមារដ៏ធំបំផុតរបស់កម្ពុជា នៅក្រុងសៀមរាប នឹងរៀបចំឡើងនៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៦ខាងមុខនេះ។ ព្រឹត្តិការណ៍សម្រាប់ឆ្នាំនេះ ប្រារព្ធឡើងក្រោមប្រធានបទ «ក្បួនដង្ហែព្រៃ» ដើម្បីអបអរសាទរសត្វព្រៃដ៏អស្ចារ្យរបស់ប្រទេសកម្ពុជា ចាប់ពីប្រភេទសត្វល្បីៗ រហូតដល់សត្វកម្រ និងជិតផុតពូជ។

សម្រាប់ឆ្នាំ២០២៦នេះ សត្វដែលត្រូវបានជ្រើសរើសធ្វើជាតុក្កតារួមមាន៖
១៖ រមាំង
២៖ ព្រាប ស
៣៖ ភេរោមច្រមុះ
៤៖ ដំរីអាស៊ី
៥៖ ទោចថ្ពាល់លឿង
៦៖ អំពិលអំពែក
៧៖ តុកកែខ្លួនបង្កង់ភ្នំក្រវាញ
៨៖ កេងកងធំ។

សូមបញ្ជាក់ថា ចាប់តាំងពីឆ្នាំ២០០៧ គម្រោងតុក្កតាយក្សបានបង្ហាញកុមារ និងយុវជនថា សិល្បៈគឺលើសពីភាពច្នៃប្រឌិត វាជំរុញទំនុកចិត្ត ការបញ្ចេញមតិដោយខ្លួនឯង ការធ្វើការជាក្រុម និងមោទនភាពចំពោះបេតិកភណ្ឌវប្បធម៌ និងធម្មជាតិដ៏សម្បូរបែបរបស់កម្ពុជា៕