កសិករនៅឃុំជាខ្លាំង ស្រុកស្វាយអន្ទរ នៅតែបន្តដាំអំពៅ ទោះបីតំម្លៃអំពៅមានការធ្លាក់ថ្លៃបន្តិច
19-02-2026 19:17
(ព្រៃវែង)៖ ទោះបីជាតម្លៃអំពៅនៅលើទីផ្សារនាពេលបច្ចុប្បន្ន មានការធ្លាក់ចុះបន្តិចក៏ដោយ ក៏ប្រជាពលរដ្ឋនៅក្នុងឃុំជាខ្លាំង ស្រុកស្វាយអន្ទរ នៅតែបន្តប្រកបរបរដាំអំពៅយ៉ាងសកម្ម ដើម្បីផ្គត់ផ្គង់ជីវភាពគ្រួសារ និងឆ្លើយតបទៅនឹងតម្រូវការទីផ្សារក្នុងពេលតំបន់។
លោក ហែម ណាត រស់នៅភូមិធ្នង់ ឃុំជាខ្លាង ស្រុកស្វាយអន្ទរ បានលើកឡើងថា គាត់ដាំអំពៅនេះ រយៈពេលជាង១០ឆ្នាំមកហើយ។ គាត់ដាំនៅលើផ្ទៃដីប្រមាណកន្លះហិចតា អំពៅដែលដាំនេះ គឺជាប្រភេទអំពៅស្ករ ដែលងាយស្រួលថែទាំ និងឲ្យផលលឿនជាងអំពៅត្រែង ចំណែកតម្លៃអំពៅឆ្នាំនេះ រៀងធ្លាក់ថ្លៃបន្តិច ក្នុងមួយហិចតាលក់បានតែជាង២០លានរៀល ឬអាចទាបជាងនេះក៏មានដែរ។
ជាមួយគ្នានេះ លោក ហ៊ុន ហេង ដែលជាមេភូមិធ្នង់ បានឲ្យដឹងថា នៅក្នុងមូលដ្ឋានភូមិរបស់លោកមានប្រជាពលរដ្ឋប្រកបមុខរបរដាំអំពៅនេះ ប្រមាណ១៧៧ហិចតា។ លោកមេភូមិបានបន្ថែមទៀតថា ពីមុនអំពៅមានតម្លៃថ្លៃ ប្រជាពលរដ្ឋគាត់ដាំច្រើនហើយ ទទួលបានផលចំណេញច្រើន ដោយឡែកឆ្នាំនេះអំពៅធ្លាក់ថ្លៃបន្តិចនៅសល់តែចន្លោះពី១៧លាន ទៅ២០លានរៀលតែប៉ុណ្ណោះ។
លោក ម៉ៃ គីរី មេឃុំជាខ្លាង ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង បានគូសបញ្ជាក់ដែរថា នៅក្នុងឃុំរបស់លោកប្រជាពលរដ្ឋប្រកបមុខរបរដាំអំពៅនេះនៅលើផ្ទៃដី ប្រមាណ៥២១ហិកតា ការដាំអំពៅនេះមានពីរប្រភេទមានអំពៅស្ករ និងអំពៅត្រែង ដែលអំពៅត្រែងនេះ គឺទើបតែចាប់ផ្តើមដាំបានពីរ បី ឆ្នាំនេះតែប៉ុណ្ណោះ តែពីមុនដាំតែអំពៅស្ករទេ។
លោកមេឃុំបានបន្ថែមទៀតថា តម្លៃអំពៅឆ្នាំនេះហាក់បីដូចជាធ្លាក់ថ្លៃបន្តិច តែទោះបីជាអំពៅធ្លាក់ថ្លៃបន្តិចក៏ពិតមែន ក៏ប៉ុន្តែប្រជាពលរដ្ឋនៅក្នុងឃុំជាខ្លាំងមិនបានបោះបង់មុខរបរនេះចោលឡើយ គឺនៅតែបន្តដាំអំពៅនេះជាហូរហែរ។
លោកបានបញ្ជាក់ថា ការដាំអំពៅនេះ បានប្រាក់ចំណូលគួរសមដែរ ដោយមិនបាច់ចំណាកស្រុកទៅក្រៅប្រទេសនោះទេ គឺពួកគាត់អាចធ្វើការងារនៅក្នុងស្រុកនៅជិតផ្ទះបានស្រួលផងដែរ។ ការដាំអំពៅបានក្លាយជាមុខរបរចម្បង ដែលផ្តល់ចំណូលជាប្រចាំ ត្បិតអីអំពៅងាយស្រួលដាំ ធន់នឹងអាកាសធាតុ និងមានទីផ្សារច្បាស់លាស់ជាងដំណាំដទៃមួយចំនួនទៀត។
លោកថា បច្ចុប្បន្នអំពៅដែលដាំក្នុងឃុំជាខ្លាំង មិនត្រឹមតែលក់សម្រាប់យកទៅកិនទឹកអំពៅលក់នៅតាមដងផ្លូវប៉ុណ្ណោះទេ ប៉ុន្តែក៏មានឈ្មួញកណ្តាលមកដឹកជញ្ជូនទៅលក់បន្តនៅតាមបណ្តាខេត្តនានា និងរាជធានីភ្នំពេញផងដែរ។ កសិករនៅតែមានសេចក្តីសង្ឃឹមថា តម្លៃអំពៅនឹងអាចងើបឡើងវិញនៅរដូវប្រាំងនេះ ដែលរដូវក្តៅមានតម្រូវការទឹកអំពៅខ្ពស់៕








