ក្រុមការងារឥស្សរជនឆ្នើម ថ្នាក់សាខាកាកបាទក្រហមកម្ពុជា ខេត្តពោធិ៍សាត់ រៀបចំអបអរទិវាជាតិសុខភាពមាតា ទារក និងកុមារ ២១ កុម្ភៈ នៅមន្ទីរពេទ្យបង្អែកក្រគរ
19-02-2026 19:14
(ពោធិ៍សាត់)៖ កាកបាទក្រហមកម្ពុជា ដែលមានសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាព្រះប្រធានកិត្តិយស និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន និងជាឥស្សរជនឆ្នើមថ្នាក់ជាតិ នៃផែនការសកម្មភាពរួម អគ្គលេខាធិការ អង្គការសហប្រជាជាតិ ដើម្បីសុខភាពស្ត្រី និងកុមារ និងលោក ខូយ រីដា ប្រធានគណៈកម្មាធិការសាខា, នាព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦ បានរៀបចំអបអរទិវាជាតិសុខភាពមាតា ទារក និងកុមារ ២១ កុម្ភៈ នៅមន្ទីរពេទ្យបង្អែកក្រគរ ក្រោមប្រធានបទ «រួមគ្នាលើកកម្ពស់គុណភាព សុវត្ថិភាព ប្រសិទ្ធភាព នៃការថែទាំផ្ទៃពោះមុនសម្រាល រួមទាំងក្នុងបរិបទមានគ្រោះអាសន្ន ឬគ្រោះមហន្តរាយ ដើម្បីធានាថាទាំងម្តាយ និងទារក មានសុខភាពល្អ»។
ពិធីនេះបានរៀបចំធ្វើឡើង ក្រោមអធិបតីភាព លោកស្រី អាំង សុជាតា ខូយរីដា អនុប្រធានកិត្តិយស និងជាប្រធានក្រុមការងារឥស្សរជនឆ្នើម ថ្នាក់សាខាកាកបាទក្រហមកម្ពុជា ខេត្តពោធិ៍សាត់ និងមានការអញ្ជើញចូលរួម ពីលោកស្រីអនុប្រធានកិត្តិយស លោកស្រីសមាជិកា លោកលេខាធិការ នាយកប្រតិបត្តិ និងមន្ត្រីប្រតិបត្តិសាខា អនុសាខា បុគ្គលិកមន្ទីរពេទ្យបង្អែកក្រគរ និងក្រុមយុវជនកាកបាទក្រហមកម្ពុជា ជាច្រើនទៀត។
លោកស្រី អាំង សុជាតា ខូយរីដា អនុប្រធានកិត្តិយស និងជាប្រធានក្រុមការងារឥស្សរជនឆ្នើម ថ្នាក់សាខាកាកបាទក្រហមកម្ពុជា ខេត្តពោធិ៍សាត់ បានឱ្យដឹងថា វេទិកានៃកិច្ចពិភាក្សានាពេលនេះ ធ្វើឡើងដើម្បីបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់យើងថា «គ្មានម្តាយណាម្នាក់គួរស្លាប់ពេលកំពុងសម្រាលកូនទេ ហើយគ្មានទារកណាម្នាក់គួររងទុក្ខដោយសារមូលហេតុដែលអាចការពារបានឡើយ»។ យើងត្រូវតែរួមគ្នាបង្កើនគុណភាព សុវត្ថិភាព និងប្រសិទ្ធភាពនៃការថែទាំមុនពេលសម្រាលកូន សូម្បីតែក្នុងស្ថានភាពដ៏លំបាកបំផុតក៏ដោយ ដើម្បីឱ្យម្តាយ និងទារកគ្រប់រូប មានការចាប់ផ្តើម ដែលមានសុខភាពល្អក្នុងជីវិត។ លោកស្រីបានថ្លែងបន្ដថា ការថែទាំមុនសម្រាលដែលមានគុណភាព ជួយរកឱ្យឃើញនូវផលវិបាកទាន់ពេលវេលា ការពារការស្លាប់របស់ម្តាយ និងទារកទើបនឹងកើត ផ្តល់ការណែនាំអំពីអាហារូបត្ថម្ភត្រឹមត្រូវ និងធានាការសម្រាលកូនប្រកបដោយសុវត្ថិភាព។ នៅពេលដែលយើងវិនិយោគលើការថែទាំមុនសម្រាល គឺយើងនឹងវិនិយោគលើអនាគតនៃប្រទេសជាតិរបស់យើង។
ក្នុងឱកាសនោះដែរ លោកស្រីក៏បានអានសារលិខិតរបស់សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្ញើជូនបងប្អូនជនរួមជាតិ ក្នុងឱកាសទិវាជាតិ សុខភាពមាតា ទារក និងកុមារ ថ្ងៃទី ២១ ខែកុម្ភៈ ឆ្នាំ២០២៦ ពិសេសសារអំពាវនាវរបស់សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិតផងដែរ។
តាមរយៈសារលិខិតខាងលើនេះ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន មានសង្ឃឹមយ៉ាងមុតមាំថា ប្រទេសកម្ពុជានឹងឆ្លងផុតការលំបាកក្នុងពេលឆាប់ៗខាងមុខនេះ និងអាចបោះជំហានទៅមុខយ៉ាងរឹងមាំ ដោយស្មារតីសាមគ្គីភាព និងជួយដល់ការលើកកម្ពស់សុខភាពមាតា និងទារក ឱ្យកាន់តែប្រសើរឡើង ដើម្បីសម្រេចបាននូវគោលដៅនៃយុទ្ធសាស្ត្រជាតិស្តីពី សុខភាពផ្លូវភេទ សុខភាពបន្តពូជ និងសិទ្ធិនៅកម្ពុជា ឆ្នាំ២០២៥-២០៣០ និងនិយាមបែបបទប្រតិបត្តិសម្រាប់បង្ការការចម្លងមេរោគអេដស៍ ស្វាយ និងរលាកថ្លើមប្រភេទបេ ពីម្តាយទៅកូន និងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ឆ្នាំ២០៣០។
លោកស្រីក៏បានចែកជូនវត្ថុកំដរដៃ ជូនស្ត្រីសម្រាលកូនរួច ស្ត្រីត្រៀមសម្រាល និងស្រ្តីមានផ្ទៃពោះ ចំនួន៥០នាក់ ក្នុងម្នាក់ៗទទួលបានអង្ករ១០គីឡូក្រាម, ថវិកា៥ម៉ឺនរៀល និងឃីត១កញ្ចប់ រួមមានសារុង២, កន្សែងពោះគោ២, ខោអាវទារក២ឈុត, សាប៊ូក្រអូប២ដុំ, ម្សៅទារក១កំប៉ុង, សាប៊ូម្សៅ១កញ្ចប់ និងស្កសរ១គីឡូក្រាម ព្រមទាំងជូនថវិកាដល់បុគ្គលិកពេទ្យ និងយុវជនកាកបាទនាពេលនោះផងដែរ៕




























