FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

កម្លាំងនគរបាលខេត្តសៀមរាប បង្ក្រាបក្មេងទំនើង៧នាក់ ពាក់ព័ន្ធករណីកាប់ប្រហារ និងប្រើប្រាស់គ្រឿងញៀន

19-02-2026 19:12

(សៀមរាប)៖ ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦ ដោយអនុវត្តតាមការដឹកនាំបញ្ជារបស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងការយកចិត្តទុកដាក់ជាប្រចាំពីសំណាក់លោក ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប បន្ទាប់ពីទទួលបានព័ត៌មានពីករណីខាងលើនេះភ្លាម លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តសៀមរាប បានចាត់កម្លាំងនគរបាលផែនការងារព្រហ្មទណ្ឌ សហការជាមួយកម្លាំង នៃអធិការដ្ឋាននគរបាលស្រុកជីក្រែង ចុះដល់កន្លែងកើតហេតុ ធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ រហូតឈានដល់ធ្វើការនាំខ្លួនជនសង្ស័យចំនួន៧នាក់ មកសាកសួរនាំជាបន្តបន្ទាប់។

នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៦ វេលាម៉ោង១៧៖០០នាទី មានក្រុមជនសង្ស័យ១ក្រុម បានធ្វើសកម្មភាពយកកាំបិតដាវ កាប់មកលើជនរងគ្រោះ រស់នៅភូមិស្ពានត្នោត១ ឃុំស្ពានត្នោត ស្រុកជីក្រែង ខេត្តសៀមរាប និងមិត្តភក្តិចំនួន៧នាក់ទៀត ដែលកំពុងឈប់ម៉ូតអង្គុយលេងចំណុចទួល ព្រៃស្វាយ ស្ថិតនៅភូមិពន្លឺព្រះផុស ដោយក្រុមជនសង្ស័យ បានដេញកាប់ទៅលើក្រុមជនរងគ្រោះ ដោយពេលនោះ ក្រុមជនរងគ្រោះបាននាំគ្នារត់ចោលម៉ូតូយករួចខ្លួន។

បន្ទាប់មកក្រុមជនសង្ស័យបានធ្វើសកម្មភាព កាប់ទៅលើម៉ូតូរបស់ក្រុមជនរងគ្រោះ ចំនួន៣គ្រឿង បណ្តាលឲ្យខូចខាតទាំងស្រុង ក្រោយពេលធ្វើសកម្មភាពហើយ ក្រុមជនសង្ស័យ បានគេចខ្លួនបាត់អស់។

ក្រោយធ្វើការសួរនាំនៅចំពោះមុខសមត្ថកិច្ចជនសង្ស័យខាងលើបានឆ្លើយសារភាពថា កន្លងមកក្រុមពួកខ្លួនមានទំនាស់ពាក្យសម្តីជាមួយក្រុមជនរងគ្រោះ លុះដល់ថ្ងៃកើតហេតុខាងលើពួកខ្លួន និងបក្ខពួក ពិតជាបានធ្វើសកម្មភាពយកដាវ ចំនួន១ដើម ទៅកាប់ក្រុមជនរងគ្រោះដែល កំពុងអង្គុយលើម៉ូតូត្រង់ចំណុចទួលព្រៃស្វាយ ពិតប្រាកដមែន ក្នុងពេលដែលពួកខ្លួនចុះទៅធ្វើសកម្មភាព ក្រុមជនរងគ្រោះ បានរត់យកយករួចខ្លួន ទើបពួកខ្លួនបានធ្វើសកម្មភាព កាប់ទៅលើម៉ូតូជនរងគ្រោះចំនួន៣គ្រឿង បណ្តាលឲ្យខូចខាតទាំងស្រុង។

វត្ថុតាងដែលសមត្ថកិច្ចដកហូតមានដាវចំនួន១។ បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង ត្រូវបានកម្លាំងនគរបាលផែនការងារព្រហ្មទណ្ឌខេត្តសៀមរាប កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តសៀមរាប ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕