FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ទទួលជួបពិភាក្សាការងារជាមួយឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េប្រចាំកម្ពុជា

19-02-2026 19:02

(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦នេះ លោក វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី បានទទួលជួបលោក Kim Chang Yong ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋកូរ៉េ ប្រចាំព្រះរាជាណាចក្រកម្ពុជា ដើម្បីសម្តែងការគួរសម និងពិភាក្សាការងារ។

ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានសម្តែងនូវការអបអរសាទរ និងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះលោក Kim Chang Yong ដែលទទួលបានការតែងតាំងជាឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋកូរ៉េប្រចាំកម្ពុជា។

ឧបនាយករដ្ឋមន្ត្រីប្រចាំការ បានថ្លែងអំណរគុណចំពោះការគាំទ្រជាបន្តបន្ទាប់ពីសំណាក់រដ្ឋាភិបាល និងប្រជាជនកូរ៉េ ចំពោះកិច្ចអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា តាមរយៈការផ្តល់ឥណទានសម្បទានប្រមាណ២ពាន់លានដុល្លារអាម៉េរិក និងការទទួលយកពលករកម្ពុជាប្រមាណ៧ម៉ឺននាក់ទៅធ្វើការនៅប្រទេសកូរ៉េ ហើយទំនាក់ទំនងពាណិជ្ជកម្ម ក៏មានការរីកលូតលាស់គួរឱ្យកត់សម្គាល់ ក្នុងក្របខណ្ឌកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) នៃប្រទេសទាំងពីរផងដែរ។

ក្នុងស្មារតីនេះ ឧបនាយករដ្ឋមន្ត្រីប្រចាំការ បានបង្ហាញនូវក្តីរីករាយដែលប្រទេសទាំងពីរបានដំឡើងទំនាក់ទំនងទេ្វភាគីទៅជា «ភាពជាដៃគូយុទ្ធសាស្ត្រ» កាលពីឆ្នាំ២០២៤ កន្លងទៅ ហើយបានបន្តថា ថ្វីត្បិតតែបច្ចុប្បន្នកម្ពុជា-កូរ៉េ មានកិច្ចសហការច្រើនវិស័យហើយក្តី តែប្រទេសយើងទាំងពីរនៅតែមានសក្តានុពលខ្ពស់ក្នុងការបង្កើនទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការបន្ថែមទៀត ទាំងក្នុងក្របខណ្ឌទេ្វភាគី និងតំបន់ ព្រោះកូរ៉េជាប្រទេសជឿនលឿន និងមានបទពិសោធច្រើនខាងផ្នែកអភិវឌ្ឍន៍ ព្រមទាំងមានកម្លាំងអូសទាញសេដ្ឋកិច្ចខ្លាំង ទាំងក្នុងវិស័យបច្ចេកវិទ្យា និងពាណិជ្ជកម្ម។

ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ក៏បានគូសបញ្ជាក់ជាថ្មីម្តងទៀត នូវការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំបញ្ជាផ្ទាល់ប្រកបដោយភាពម៉ឺងម៉ាត់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងការបោសសម្អាត Online Scam ឱ្យអស់ពីកម្ពុជា ដោយរួមទាំងវិធានការទប់ស្កាត់ បង្ក្រាប អប់រំ និងកិច្ចសហការជាមួយមិត្តបរទេស ដូចជាកូរ៉េជាដើម។ ក្នុងឱកាសនោះដែរ ឧបនាយករដ្ឋមន្ត្រីប្រចាំការ ក៏បានសម្តែងនូវការអបអរសារទរចំពោះលទ្ធផលល្អប្រសើរនៃប្រតិបត្តិការបង្រ្កាប Online Scam ដែលអនុវត្តដោយក្រុមការងាររួមនៃប្រទេសទាំងពីរ។

ជាកិច្ចឆ្លើយតប លោកឯកអគ្គរដ្ឋទូត បានលើកឡើងថា បច្ចុប្បន្នប្រទេសយើងទាំងពីរមានភាពជិតស្និទ្ធគ្នាខ្លាំងមែនទែន ហើយរដ្ឋាភិបាល នៃសាធារណរដ្ឋកូរ៉េ តែងចាត់ទុកកម្ពុជាជាដៃគូដ៏សំខាន់មួយ ក្នុងការពង្រឹង និងពង្រីកទំនាក់ទំនងបន្ថែមទៀត ស្របតាមយុទ្ធសាស្ត្រការទូតជាក់ស្តែងឆ្ពោះទៅរកពិភពលោក ដែលបានកំណត់ដោយប្រធានាធិបតីកូរ៉េ។ លោក Kim Chang Yong ក៏បានសម្តែងនូវក្តីរីករាយចំពោះកំណើនពាណិជ្ជកម្មរវាងប្រទេសទាំងពីរ និងបានបញ្ជាក់ថា កម្ពុជានៅតែជាប្រទេសដែលទទួលបាននូវ ODA ច្រើនជាងគេពីសាធារណរដ្ឋកូរ៉េ ហើយស្ថានទូតសាធារណរដ្ឋកូរ៉េ នឹងបន្តដើរតួជាថ្នាលតភ្ជាប់វិស័យឯកជនកូរ៉េ-កម្ពុជា។

លោកឯកអគ្គរដ្ឋទូត ក៏បាននាំមកនូវការថ្លែងអំណរគុណពីសំណាក់ ប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ ចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានផ្តល់កិច្ចសហការយ៉ាងជិតស្និទ្ធ ក្នុងការប្រយុទ្ធប្រឆាំង Online Scam និងបានសម្រេចសមិទ្ធផលវិជ្ជមានជាច្រើនគួរជាទីមោទនៈ ដែលនឹងរួមចំណែកលើកកម្ពស់សន្តិសុខ និងសុវត្ថិភាពដល់ប្រជាជនសាធារណរដ្ឋកូរ៉េ។ លោកឯកអគ្គរដ្ឋទូត ក៏បានវាយតម្លៃខ្ពស់ចំពោះទីស្តីការគណៈរដ្ឋមន្ត្រី ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្តការងារតាមដាន ត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១។

ទន្ទឹមនេះ លោកឯកអគ្គរដ្ឋទូតក៏បានស្នើសុំឧបនាយករដ្ឋមន្ត្រីប្រចាំការ ចូលរួមសម្របសម្រួល ដើម្បីឱ្យការរៀបចំខួប៣០ឆ្នាំ នៃការភ្ជាប់ទំនាក់ទំនងការទូតឡើងវិញរវាងកម្ពុជា និងសាធារណរដ្ឋកូរ៉េ អាចក្លាយជាព្រឹត្តិការណ៍ដ៏អធិកអធមបំផុត ហើយលោកបានសន្យាថា នឹងជំរុញគម្រោងធំៗនៅកម្ពុជា ឱ្យដំណើរការទៅមុខកាន់តែរលូនសំដៅសម្រេចឱ្យបាននូវសមិទ្ធផលកាន់តែច្រើន។

ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរបន្ថែមទៀត ឧបនាយករដ្ឋមន្ត្រីប្រចាំការ និងលោកឯកអគ្គរដ្ឋទូត បានពិភាក្សា និងផ្លាស់ប្តូរមតិយោបល់អំពីលទ្ធភាព ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើនទៀត ជាពិសេសវិស័យហេដ្ឋារចនាសម្ព័ន្ធ ខណៈដែលកូរ៉េមានទុន និងបច្ចេកវិទ្យាខ្ពស់ វិស័យអប់រំនិងបណ្តុះបណ្តាលធនធានមនុស្ស តាមរយៈការផ្តល់អាហារូបករណ៍កាន់តែច្រើនដល់និស្សិតកម្ពុជា ព្រមទាំងវិស័យឌីជីថល ដែលកូរ៉េជាប្រទេសឈានមុខមួយក្នុងតំបន់។

ដោយឡែក ក្នុងក្របខណ្ឌទីស្តីការគណៈរដ្ឋមន្ត្រី ភាគីទាំងពីរបានពិភាក្សាអំពីកិច្ចសហប្រតិបត្តិការផ្នែកនីតិកម្ម ក្នុងការកសាងប្រព័ន្ធមូលទិន្នន័យច្បាប់ (Legal Database) និងការធ្វើទំនើបកម្មបណ្ណសារដ្ឋានជាតិ (Modernization of National Archives) ដោយក្នុងនោះ លោកឯកអគ្គរដ្ឋទូត បានសន្យាថា នឹងសម្របសម្រួលជាមួយក្រសួងស្ថាប័នពាក់ព័ន្ធនៃសាធារណរដ្ឋកូរ៉េ ដើម្បីជំរុញការងារទាំងនេះ។

ជាកិច្ចបញ្ចប់ លោកឯកអគ្គរដ្ឋទូត Kim Chang Yong បានលើកឡើងថា រូបលោកនឹងខិតខំឱ្យអស់ពីលទ្ធភាព ក្នុងការពង្រឹង និងពង្រីកចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ហើយឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ក៏បានបង្ហាញនូវសុឆន្ទៈធ្វើជាផ្នែកមួយនៃការលើកស្ទួយមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-កូរ៉េ ដើម្បីជាប្រយោជន៍ដល់ប្រជាជន និងប្រទេសទាំងពីរ៕