អភិបាលខេត្តកំពត ចុះចែកប័ណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋ នៅស្រុកកំពង់ត្រាច
19-02-2026 18:56
(កំពត)៖ លោកបណ្ឌិត ម៉ៅ ធនិន អភិបាលខេត្តកំពត បានអញ្ជើញជាអធិបតី ក្នុងពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ និងប្រកាសបិទផ្សាយជាសាធារណៈនូវឯកសារវិនិច្ឆ័យដីធ្លីលក្ខណៈជាប្រព័ន្ធជូនដល់ប្រជាពលរដ្ឋ ក្នុងស្រុកកំពង់ត្រាច។ ពិធីនេះធ្វើឡើងនាព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦ ក្នុងបរិវេណវត្តឧទុម្ពរ ស្ថិតក្នុងភូមិកំពង់ត្រាចទី១ ឃុំកំពង់ត្រាចខាងកើត ស្រុកកំពង់ត្រាច ខេត្តកំពត។
លោក ព្រាប សុផាត ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តកំពត បានឲ្យដឹងថា ដោយអនុវត្តតាមកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងដោយមានការដឹកនាំគាំទ្រ ចង្អុលបង្ហាញផ្ទាល់ពីលោក សាយ សំអាល់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងលោក ម៉ៅ ធនិន អភិបាលខេត្តកំពត បានជំរុញឲ្យការងារចុះបញ្ជីដីធ្លី និងចេញបណ្ណកម្មសិទ្ធិជូនពលរដ្ឋបានឆាប់រហ័ស ស្របតាមផែនការដែលបានគ្រោងទុក ដើម្បីឈានទៅសម្រេចបាននូវគោលនយោបាយដីធ្លី របស់រាជរដ្ឋាភិបាល ប្រកបដោយប្រសិទ្ធភាព ចីរភាព និងបរិយាបន្ន ក្រុមការងារមន្ទីរ បានចុះវាស់វែងដើម្បីចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធជូនពលរដ្ឋក្នុងខេត្តកំពត រួចរាល់ទាំងស្រុងទាំង៩៣ឃុំ-សង្កាត់ ស្មើនឹង៤៩១ភូមិ ដែលមានក្បាលដីប៉ាន់ស្មាន សរុបជាង៧៧ម៉ឺនក្បាលដី កាលពីឆ្នាំ២០២៥កន្លងទៅ។
ទន្ទឹមនឹងនោះ ក្រុមការងាររបស់មន្ទីរ និងពន្លឿនក្នុងការចេញបណ្ណកម្មសិទ្ធិ និងធ្វើការចែកបណ្ណកម្មសិទ្ធិដីធ្លី ជូនពលរដ្ឋឲ្យបានអស់នៅក្នុងឆ្នាំ២០២៦ តាមការគ្រោងទុកដើម្បីឆ្លើយតបការចង់បានរបស់បងប្អូនប្រជាពលរដ្ឋ និងថ្នាក់ដឹកនាំ។
ក្នុងឱកាសនោះ លោក ម៉ៅ ធនិន អភិបាលខេត្តកំពត បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់ក្រុមការងារមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តកំពត ដែលបានខិតខំពុះពារ ក្នុងការចុះវាស់វែងចុះបញ្ជីដីធ្លី រហូតប្រសូតបាននូវបណ្ណកម្មសិទ្ធិជូនពលរដ្ឋនាពេលកន្លងមក ក៏ដូចជាពេលនេះ។
លោកអភិបាលខេត្ត បានបន្តថា ប័ណ្ណកម្មសិទ្ធិ (វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ) ដែលបានចែកជូនបងប្អូនប្រជាពលរដ្ឋនៅទូទាំងប្រទេស ក៏ដូចជាខេត្តកំពត នាពេលនេះ គឺជាចំណងដៃដ៏កាត់ថ្លៃពុំបានរបស់ប្រមុខរាជរដ្ឋាភិបាល តាំងពីអាណត្តិសម្តេចតេជោ ហ៊ុន សែន រហូតបន្តមកដល់អាណត្តិសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នេះបានបង្ហាញឱ្យឃើញពីការយកចិត្តទុកដាក់ និងគិតគូរចំពោះការប្រើប្រាស់ដីធ្លីរបស់ប្រជាពលរដ្ឋ ដោយធ្វើយ៉ាងណាឱ្យស្របទៅតាមច្បាប់កំណត់ ពិសេសឈានទៅបញ្ចប់ជម្លោះដីធ្លី។
លោកអភិបាលខេត្ត ក៏បានជំរុញឱ្យពលរដ្ឋដែលទទួលបានប័ណ្ណកម្មសិទ្ធិដីធ្លីទាំងអស់ សូមយកទៅប្រើប្រាស់ឱ្យបានចំគោលដៅដើម្បីទាញយកប្រយោជន៍ ពីវិស័យដីធ្លី ពិសេសសូមកុំឱ្យមានវិវាទដីធ្លី ក្រោយពេលទទួលបានប័ណ្ណកម្មសិទ្ធិ ព្រោះការសម្របបសម្រួល និងដោះស្រាយ គឺលោកក្នុងនាមជាអភិបាលខេត្ត មិនមានសិទ្ធិនោះទេ ដោយការដោះស្រាយ គឺត្រូវស្ថិតក្នុងដែនសមត្ថកិច្ចរបស់តុលាការ។
សូមបញ្ជាក់ថា ការចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុនាពេលនេះ មានចំនួន ២ភូមិ មានភូមិភ្នំដំរី ស្ថិតក្នុងឃុំដំណាក់កន្ទួតខាងជើង និងភូមិព្រែកក្រឹស ស្ថិតក្នុងឃុំព្រែកក្រឹស នៃស្រុកកំពង់ត្រាច មានក្បាលដីសរុបចំនួន ១៤៩ក្បាលដី ស្មើនឹង ១៤២គ្រួសារ និងប្រកាសបិទផ្សាយជាធារណៈនូវឯកសារ នៃការវិនិច្ឆ័យ ចំនួន ៣ភូមិ មានភូមិអូរស្លែង ស្ថិតក្នុងឃុំដំណាក់កន្ទួតខាងជើង ភូមិអង្គរជ័យទី២ ស្ថិតក្នុងឃុំដំណាក់កន្ទួតខាងត្បូង និងភូមិកំពង់ត្រាចទី១ ស្ថិតក្នុងឃុំកំពង់ត្រាចខាងកើត មានក្បាលដីសរុបចំនួន ៣.៦៧៣ ក្បាលដី ស្មើនឹង ២.៣៤៧គ្រួសារ៕












