យុវជនមានជំងឺប្រចាំកាយ និងជីវភាពខ្វះខាតចំនួន១គ្រួសារ រស់នៅឃុំជ្រោយស្តៅ ស្រុកថ្មគោល ទទួលបានអំណោយមនុស្សធម៌ពីកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង
19-02-2026 18:53
(បាត់ដំបង)៖ អនុវត្តន៍តាមអនុសាសន៍ណែនាំរបស់លោក សុខ លូ អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង ព្រឹកថ្ងៃទី១៩ ខែកុម្ភ: ឆ្នាំ២០២៦នេះ ក្រុមការងារសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង ដឹកនាំដោយលោក ផេង សិទ្ធី អនុប្រធានអចិន្រ្តៃយ៍គណ:កម្មាធិការសាខា អមដំណើយដោយលោកនាយកសាខា អនុសាខា និងសហការីបានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់សប្បុរសជន ផ្តល់ជូនយុវជន រ៉ើន ណាគ្រីន អាយុ២១ឆ្នាំ ជំងឺប្រចាំកាយក្រោកមិនរួច (ពិការ) មានបងប្អូនចំនួន៦នាក់ ស្រី៣នាក់ រស់នៅភូមិ ជ្រោយស្តៅ ឃុំជ្រោយស្តៅ ស្រុកថ្មគោល ខេត្តបាត់ដំបង ។
មានមតិសំណេះសំណាលនាឱកាសនោះ លោក ផេង សិទ្ធី បាននាំនូវការផ្ដាំផ្ញើរបស់លោក សុខ លូ អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាខេត្ត ជាពិសេស សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្ដាំផ្ញើសួរសុខទុក្ខ ក្តីនឹករលឹក អាណិតស្រឡាញ់យ៉ាងជ្រាលជ្រៅ និងគិតគូរជានិច្ច ចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋ ដែលជួបការលំបាកដោយមិនប្រកាន់ពីនិន្នាការណាមួយឡើយ និងជូនពរឆាប់ជាសះស្បើយពីជំងឺ។
លោក សុខ លូ បន្ទាប់ពីបានឃើញព័ត៌មានអំពីករណីដ៏លំបាករបស់យុវជន រ៉ើន ណាគ្រីន លោកបានសម្តែងនូវក្តីអាណិតអាសូរ ហើយបានចាត់ឲ្យក្រុមការងារចុះភ្លាមៗ ដើម្បីពិនិត្យ ពីស្ថានភាពរស់នៅជាក់ស្តែង និងនាំយកអំណោយជួយសម្រាលការលំបាកក្នុងការរស់នៅ។ ក្រុមការងារក៏បានពន្យល់ណែនាំ អប់រំសុខភាព និងលេីកទឹកចិត្តឲ្យយុវជន រ៉ើន ណាគ្រីន ត្រូវធ្វេីតាមការណែនាំរបស់គ្រូពេទ្យ និងរង់ចាំលទ្ធផលជំងឺ។ បេីករណីមានបញ្ហាសុខភាព ត្រូវទៅរកសេវានៅមណ្ឌលសុខភាព ឬមន្ទីរ ពេទ្យដេីម្បីសំរ៉ន់ការឈឺចាប់។
សូមបញ្ជាក់ថា អំណោយដែលសាខាអនុសាខាស្រុក និងសប្បុរសជនបានផ្តល់ជូនរួមមាន អង្ករ៧៥គីឡូក្រាម, មីជាតិ២កេស, ត្រីខ៣យួរ, ទឹកត្រី៤យួរ, ទឹកស៊ីអុីវ៤យួរ, ទឹកបរិសុទ្ធ៣កេស២០យួរ, មុង, ភួយ, ក្រមា, កន្ទេល, សម្លៀកបំពាក់ និងថវិកាមួយចំនួនផងដែរ៕








