ទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ បន្តចែកកញ្ចប់អាហារស្រាយបួសខែរ៉ាម៉ាឌន ចំនួន១០០០ កញ្ចប់ ជូនសាសនិកឥស្លាម នៅខេត្តសៀមរាប និងកំពង់ធំ
19-02-2026 18:50
(សៀមរាប)៖ នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៦ លោកបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស បានបន្តជាអធិបតីក្នុងពិធីសំណេះសំណាល និងចែកកញ្ចប់អាហារស្រាយបួសខែរ៉ាម៉ាឌន ចំនួន១,០០០កញ្ចប់ ជូនសាសនិកឥស្លាម នៅខេត្តសៀមរាប ដែលពិធីនេះ ធ្វើឡើងនៅវិហារឥស្លាមអាន់នៀកម៉ះ ភូមិស្ទឹងថ្មី សង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប និងនៅភូមត្រពាំងឈូក ឃុំបឹង ស្រុកបារាយណ៍ ខេត្តកំពង់ធំ សម្រាប់ខែរ៉ាម៉ាឌន ដែលចាប់ផ្តើមនៅកម្ពុជាថ្ងៃទី១៩ កុម្ភៈ ឆ្នាំ២០២៦។
អំណោយនេះទទួលបានពីមជ្ឈមណ្ឌលព្រះចៅសាល់ម៉ាន ដើម្បីជំនួយសង្គ្រោះ និងការងារមនុស្សធម៌ (KSRelief) ដែលសម្រាប់ឆ្នាំ២០២៦នេះ ផ្តល់ជូនចំនួន៨៨៥០កញ្ចប់ដល់កម្ពុជា។
ក្នុងឱកាសមានមតិសំណេះសំណាល លោកទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ បានសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅ ចំពោះព្រះចៅសាល់ម៉ានព្រះមហាក្សត្រ នៃព្រះរាជាណាចក្រអារ៉ាប៊ីសាអ៊ូឌីត ក៏ដូចជាមជ្ឈមណ្ឌលសង្គ្រោះ និងមនុស្សធម៌ ស្តេចសាល់ម៉ាន ដែលបានផ្តល់ជំនួយសប្បុរសធម៌មកកាន់សហគមន៍មូស្លីមកម្ពុជាជារៀងរាល់ឆ្នាំផងដែរ។ អំណោយទាំងនេះគឺជាសក្ខីភាពនៃ ចំណងមិត្តភាពដ៏រឹងមាំ រវាងរាជរដ្ឋាភិបាលកម្ពុជា និងព្រះរាជាណាចក្រអារ៉ាប៊ីសាអ៊ូឌីត។ វាមិនត្រឹមតែជាជំនួយស្បៀងអាហារប៉ុណ្ណោះទេ ប៉ុន្តែគឺជាការបង្ហាញពីការយកចិត្តទុកដាក់ និងសាមគ្គីភាពរវាងប្រទេសទាំងពីរ។
ក្នុងនាមជាតំណាងឲ្យរាជរដ្ឋាភិបាល លោកបណ្ឌិត អូស្មាន ហាស្សាន់ ក៏បានថ្លែងរំលឹកពីនយោបាយសុខដុមនីយកម្មសាសនា ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជា ប្រធានព្រឹទ្ធសភា និងបន្តដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដែលបង្កលក្ខណៈងាយស្រួលដល់ខ្មែរឥស្លាម ក្នុងការប្រតិបត្តិសាសនា និងទទួលបានជំនួយពីក្រៅប្រទេសដោយសេរី។
លោក អាប់ឌុលរ៉សម៉ាន អាល់មូតៃរី ប្រធានគម្រោង នៃមជ្ឈមណ្ឌលមនុស្សធម៌ និងសង្គ្រោះបន្ទាន់ព្រះចៅសាលម៉ាន បានបង្ហាញពីសេចក្តីសប្បាយរីករាយជាខ្លាំង ដែលបានចូលរួមចែកអំណោយស្រាយបួស ខែរ៉ាម៉ាឌនលើកទី៥ នៅកម្ពុជា ឆ្នាំ២០២៦នាពេលនេះ ហើយជំនួយនេះជាលទ្ធផល នៃកិច្ចខិតខំប្រឹងប្រែង នៃរាជរដ្ឋាភិបាលអារ៉ាប៊ីសាអូឌីត ក្នុងការជួយដល់បណ្តាប្រទេស និងពលរដ្ឋដែលទទួលរងគ្រោះផ្សេងៗ នៅលើពិភពលោកផងដែរ។
នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៦ លោកទេសរដ្ឋមន្ត្រី ក៏បានអញ្ជើញចែកកញ្ចប់អាហារស្រាយបួសខែរ៉ាម៉ាឌន ១២៥០ នៅខណ្ឌឬស្សីកែវ និងនៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៦ បានចែកនៅ ស្រុកពារាំង ខេត្តព្រៃវែង ចំនួន៥០០កញ្ចប់ផងដែរ។ សូមជម្រាបជូនថា ក្នុងកញ្ចប់អាហារនីមួយៗខាងលើ មានគ្រឿងឧបភោគ បរិភោគមួយចំនួនដូចជា អង្ករ ២៥គីឡូ ឥណ្ឌូមី ១កេស ប្រេងឆា ២លីត្រ ស្ករស ២គក អំបិល ១គក ត្រីខ១០ កំប៉ុង ទឹកត្រី ៣ដប និងទឹកស៉ីអ៊ីវ ៣ដប៕



















