FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រដ្ឋមន្ត្រីក្រសួងបរិស្ថាន៖ កម្ពុជានឹងមានឡដុតសំណល់វេជ្ជសាស្ត្រ និងសំណល់ប្លាស្ទិកគ្មានផ្សែង ក្រោយបញ្ជាទិញពីប្រទេសជប៉ុន (Video inside)

19-02-2026 17:20

(កណ្តាល)៖ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានឱ្យដឹងថា បន្ទាប់ពីចុះទស្សនកិច្ចពិនិត្យផ្ទាល់លើសមត្ថភាព និងប្រសិទ្ធភាពនៃឡដុតសំរាម ដែលផលិតដោយ ក្រុមហ៊ុនឧស្សាហកម្ម CHUWA របស់ជប៉ុន ដែលមានសមត្ថភាពដុតសំណល់វេជ្ជសាស្ត្រ សំណល់ឧស្សាហ-កម្ម សំណល់រឹង ប្លាស្ទិក។ល។ ប្រកបដោយគុណភាព និងមិនប៉ះពាល់បរិស្ថាន លោកសម្រេចចិត្តបញ្ជាទិញឡបច្ចេកទេសសម្រាប់ដុតសំណល់វេជ្ជសាស្ត្រ និងសំណល់ប្លាស្ទិក ដែលជាឡមួយដុតទៅអត់មានផ្សែង។ ពោលគឺដុតទៅមានតែចំហាយទឹកមកវិញ‌​ ព្រមទាំងមានបច្ចេកទេសល្អ។

ក្នុងសន្និសីទសារព័ត៌មាននៅឯអាកាសយានដ្ឋានអន្តរជាតិតេជោ ក្រោយបញ្ចប់បេសកកម្មនៅក្នុងប្រទេសជប៉ុន នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦នេះ លោក អ៊ាង សុផល្លែត បានឱ្យដឹងយ៉ាងដូច្នេះថា៖ «យើងបានទៅធ្វើទស្សនកិច្ចរោងចក្រផលិតឡសំណល់វេជ្ជសាស្ត្រនិងសំណល់ប្លាស្ទិក ដែលជាឡមួយដុតទៅអត់មានផ្សែង។ ដុតទៅអត់មានផ្សែងទេ មានតែចំហាយទឹកមកវិញ‌! បច្ចេកទេសគាត់ល្អ! យើងបានទៅមើល ហើយយើងបានបញ្ជាទិញ ដើម្បីយកមកប្រើប្រាស់នៅកម្ពុជាយើងផងដែរ។

រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានគូសបញ្ជាក់ថា ការបញ្ជាទិញនេះ សង្ឃឹមថា កិច្ចសហប្រតិបត្តិការជាមួយភាគីជប៉ុន ក្រសួងបរិស្ថានជប៉ុន និងក្រុមហ៊ុនជប៉ុន នឹងជួយយើងឱ្យបានច្រើនគ្រឿង។ គោលដៅរបស់យើង គឺធ្វើយ៉ាងណាឱ្យមួយស្រុកមានមួយគ្រឿង។

ជាមួយគ្នានេះដែរ លោកបណ្ឌិត អ៊ាង សុផល្លែត បានបន្តថា ឡដុតសំណល់វេជ្ជសាស្ត្រ និងសំណល់ប្លាស្ទិក នឹងមិនប្រើប្រាស់ថាមពលអគ្គិសនីនោះទេ ប៉ុន្តែនឹងជំនួសមកវិញដោយការប្រើប្រាស់ថាមពលទាញពីប្រភពពន្លឺព្រះអាទិត្យ (Sola)។

លោកបណ្ឌិត អ៊ាង សុផល្លែត ក៏បានស្នើឱ្យក្រុមហ៊ុន CHUWA ជប៉ុន បំពាក់នូវប្រព័ន្ធសូឡា សម្រាប់ប្រតិបត្តិការដុតសំណល់ ដើម្បីអាចយកឡដុតសំរាមទៅប្រើប្រាស់បាននៅតំបន់ជនបទ តំបន់កោះ និងតំបន់ដទៃទៀតដែលមិនមានអគ្គីសនីគ្រប់គ្រាន់។ ការបំពាក់នូវប្រព័ន្ធសូឡាសម្រាប់ឡដុតសំរាមនេះ សំដៅធានានូវមេត្រីភាពបរិស្ថាន ការលើកកម្ពស់ការប្រើប្រាស់ថាមពលស្អាត លើកកម្ពស់សុខុមាលភាពសហគមន៍ និងសម្រេចបាននូវអព្យាក្រឹត្យកាបូនឆ្នាំ២០៥០។ ករណីនេះ ក្រសួងបរិស្ថានបានបញ្ជាទិញឡដុតសំរាមនេះចំនួន ៤គ្រឿង ជាការសាកល្បង ដើម្បីរួមចំណែកលើការគ្រប់គ្រងសំណល់នៅក្នុងប្រទេសកម្ពុជាឱ្យមានប្រសិទ្ធភាពខ្ពស់។

លោករដ្ឋមន្ត្រី បានលើកទឹកចិត្តឱ្យក្រុមហ៊ុននេះមកតម្លើងឡដុតសំរាមនៅក្នុងប្រទេសកម្ពុជា ដែលក្រសួងបរិស្ថាននឹងគាំទ្រ សម្របសម្រួល ដើម្បីបង្កភាពងាយស្រួលដល់ក្រុមហ៊ុនក្នុងការវិនិយោគ និងលើកកម្ពស់ការគ្រប់គ្រងសំរាម និងសំណល់នានាក្នុងប្រទេសកម្ពុជា និងតំបន់។

សូមបញ្ជាក់ថា នៅក្នុងកិច្ចសហប្រតិបត្តិការរួមគ្នា ឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ និងការគ្រប់គ្រងសំណល់, លោក អ៊ាង សុផល្លែត និងរដ្ឋមន្ត្រីក្រសួងបរិស្ថានជប៉ុន ក៏បានឯកភាពគ្នាលើចំណុចចំនួន៦រួមមានទី១៖ យន្តការឥណទានរួម ដែលមានស្រាប់ និងគម្រោងផ្នែកជីវម៉ាស, ទី២៖ សកម្មភាពឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុក្នុងក្របខណ្ឌអាស៊ាន, ទី៣៖ ការគាំទ្រលើផែនការជាតិ ការបន្ស៊ាំនឹងការ ប្រែប្រួលអាកាសធាតុជាពិសេសប្រព័ន្ធព្រមានជាមុន, ទី៤៖ ការកែច្នៃសំរាម-សំណល់ឡើងវិញ និងការទាញយកថាមពលអគ្គីសនីពីសំណល់, ទី៥៖ ការផ្សព្វផ្សាយព័ត៌មានអំពីផលប៉ះពាល់នៃសំរាម-សំណល់ ការផលិតថង់ជីវម៉ាសងាយបំបែកធាតុ និងទី៦៖ ការផ្លាសប្តូរបទពិសោធលើការគ្រប់គ្រងឧទ្យានជាតិ។

ក្នុងឱកាសនោះដែរ ក៏មានការចុះហត្ថលេខាលើអនុស្សរណៈនៃកិច្ចសហប្រតិបត្តិការរវាងក្រសួងបរិស្ថានកម្ពុជា និងសហព័ន្ធសមាគមមេធាវីជប៉ុន លើការលើកកម្ពស់ការអនុវត្តច្បាប់បរិស្ថាន, ការពង្រឹងតម្លាភាពក្នុងការអនុញ្ញាត និងអភិបាលកិច្ចបរិស្ថាន, និងការកសាងក្របខ័ណ្ឌស្ថាប័នឱ្យកាន់តែរឹងមាំសម្រាប់ការគ្រប់គ្រងធនធានធម្មជាតិ៕