FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រដ្ឋមន្ត្រី ឆាយ ឫទ្ធិសែន អនុញ្ញាតឱ្យ ឯកអគ្គរដ្ឋទូតប្រេស៊ីលចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

19-02-2026 13:45

(ភ្នំពេញ)៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអនុញ្ញាតឱ្យលោកស្រី Vivian Loss Sanmartin ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋសហព័ន្ធប្រេស៊ីលប្រចាំព្រះរាជាណាចក្រកម្ពុជា រួមជាមួយសហការីចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នាថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦ នៅទីស្តីការក្រសួង។

បន្ទាប់ពីបានសម្តែងការអបអរសាទរចំពោះលោកស្រី ដែលទើបទទួលបានការតែងតាំងជាឯកអគ្គរដ្ឋទូតប្រចាំប្រទេសកម្ពុជា និងស្វាគមន៍ការអញ្ជើមមកក្រសួងអភិវឌ្ឍន៍ជនបទ លោករដ្ឋមន្ត្រី ធ្វើការជម្រាបជូនប្រតិភូ អំពីការអភិវឌ្ឍប្រទេសកម្ពុជា ក្រោមម្លប់សន្តិភាព ក្រោមការដឹកនាំដ៏ឆ្លៀសវៃ និងត្រឹមត្រូវរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បិតាសន្តិភាពនៃកម្ពុជា អតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធិសភា និងក្រោមការដឹកនាំបន្តវេនប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា តាមរយៈយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ សំដៅសម្រេចឱ្យបានចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ជាប្រទេសដែលមានប្រាក់ចំណូលកម្រិតខ្ពស់។

លោករដ្ឋមន្ត្រី ក៏បានបន្តលើកឡើងអំពីសមិទ្ធផលនានាដែលសម្រេចបាននាពេលកន្លងមករបស់ក្រសួងអភិវឌ្ឍន៍ជនបទ តាមរយៈចក្ខុវិស័យ «កសាងសង្គមជនបទកម្ពុជាឱ្យមានវិបុលភាពប្រកបដោយបរិយាបន្ន សមធម៌ និងចីរភាពទាំងផ្នែកសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌» ស្របតាមគោលនយោបាយជាតិអភិវឌ្ឍន៍ជនបទ​២០២៥-២០៣៥ ដែលបានដាក់ចេញនូវកម្មវិធីអាទិភាព ចំនួន៥ ដែលធ្វើឱ្យតំបន់ជនបទមានសមាហរណកម្ម មានការអភិវឌ្ឍន៍ឆាប់រហ័ស និងធានាបានកំណើនប្រាក់ចំណូលក្នុងគ្រួសារប្រកបដោយចីរភាព និងមានសុខុមាលភាព។

បន្ទាប់ពីប្រសាសន៍ស្វាគមន៍របស់ លោករដ្ឋមន្ត្រីរួមមក លោកស្រីឯកអគ្គរដ្ឋទូត បានធ្វើការអបអរសាទរ ការកោតសសើរ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលទាំងឡាយដែលកើតចេញពីការខិតខំរបស់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងអភិវឌ្ឍន៍ជនបទ ដែលធ្វើឱ្យសន្ទុះនៃការអភិវឌ្ឍនៅកម្ពុជាមានការប្រែប្រួលយ៉ាងឆាប់រហ័ស។

ជាមួយគ្នានោះដែរ លោកស្រីក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះប្រសាសន៍ពន្យល់ដ៏ក្បោះក្បាយ និងមានអត្ថន័យរបស់លោករដ្ឋមន្ត្រី ដែលបានធ្វើឱ្យលោកស្រីទទួលបានបទពិសោធន៍ថ្មីៗជាច្រេីនបន្ថែមទៀត លើវិស័យអភិវឌ្ឍន៍ជនបទនៅកម្ពុជា។ លោកស្រីក៏បានធ្វើការចែករំលែកអំពីបទពិសោធន៍ក្នុងការអភិវឌ្ឍន៍នៅជនបទក្នុងប្រទេសប្រេស៊ីល និងការប្រកាសពង្រឹងកិច្ចសហប្រតិបត្តិការជាមួយរាជរដ្ឋាភិបាលតាមរយៈក្រសូួងអភិវឌ្ឍន៍ជនបទឱ្យកាន់ជិតស្និតបន្ថែមទៀត។

មុននិងបញ្ចប់ លោករដ្ឋមន្ត្រីបានថ្លែងអំណរគុណចំពោះលោកស្រី និងសហការីដែលបានអញ្ជើញមកនាពេលនេះ និងបានសម្តែងការសប្បាយរីករាយ និងថ្លែងអំណរគុណចំពោះលោកស្រី ដែលបានទទួលយកនូវរាល់សំណូមពរ និងការបង្ហាញអំពីកិច្ចសហប្រតិបត្តិការជាមួយក្រសួងអភិវឌ្ឍន៍ជនបទឱ្យកាន់តែរឹងមាំថែមទៀត៕