រដ្ឋមន្រ្តី អ៊ឹង កន្ថាផាវី ផ្ដល់អនុសាសន៍គន្លឹះមួយចំនួន ក្នុងកិច្ចប្រជុំពិគ្រោះយោបល់ អំពីរចនាសម្ព័ន្ធថវិកាកម្មវិធីថ្មី របស់ក្រសួងកិច្ចការនារី
19-02-2026 13:11
(ភ្នំពេញ)៖ ក្រុមការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ នៃក្រសួងកិច្ចការនារី នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦នេះ បានរៀបចំកិច្ចប្រជុំពិគ្រោះយោបល់ អំពីរចនាសម្ព័ន្ធថវិកាកម្មវិធីថ្មី របស់ក្រសួងកិច្ចការនារី នៅសណ្ឋាគាររ៉េស៊ីដង់សុខាភ្នំពេញ ក្រោមអធិបតីភាព លោកស្រីកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី និងមានការចូលរួមពី ថ្នាក់ដឹកនាំ មន្រ្តីជំនាញពាក់ព័ន្ធ សរុបចំនួន ៦០នាក់។
កិច្ចប្រជុំនេះ ធ្វើឡើងក្នុងគោលបំណងប្រមូលធាតុចូល សម្រាប់រៀបចំរចនាសម្ព័ន្ធថវិកាកម្មវិធី ដែលស្របតាមមុខងារ និងរចនាសម្ព័ន្ធថ្មីក្រសួងកិច្ចការនារី អនុលោមតាមអនុក្រឹត្យ ចុះថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៥ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងកិច្ចការនារី ថ្មីៗកន្លងទៅនេះ។
រចនាសម្ព័ន្ធថវិកាកម្មវិធីថ្មីនេះ នឹងក្លាយជាមូលដ្ឋានដ៏សំខាន់សម្រាប់ការរៀបចំផែនការយុទ្ធសាស្ត្រថវិកា (BSP) ផែនការថវិកាប្រចាំឆ្នាំ (ថវិកាសមិទ្ធកម្ម) របស់ក្រសួងកិច្ចការនារី ហើយក៏ជាក្របខណ្ឌសម្រាប់គ្រប់អង្គភាពថវិកាថ្នាក់កណ្តាល និងថ្នាក់រាជធានី ខេត្ត ដែលកំណត់វិធានការ តួនាទី ភារកិច្ច និងមុខងារឱ្យបានច្បាស់លាស់ ដើម្បីធានានូវគុណភាព ប្រសិទ្ធភាព និងគណនេយ្យភាព ក្នុងការរួមចំណែកពង្រឹងស្ថាប័ន និងការអនុវត្តផែនការយុទ្ធសាស្ត្រនារីរតនៈទី៦ ក៏ដូចជាយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល។
ក្នុងកិច្ចប្រជុំនេះ លោកស្រីកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី បានផ្តល់អនុសាសន៍ និងលើកយកចំណុចគន្លឹះមួយចំនួន សម្រាប់យកទៅពិចារណា និងសម្រាប់កិច្ចពិភាក្សា រួមមាន៖
ទី១៖ ការកំណត់អាទិភាពយុទ្ធសាស្ត្រ និង KPIs ឱ្យបានច្បាស់លាស់ (Strategic Prioritization and Clear KPIs): សូមថ្នាក់ដឹកនាំតាមវិស័យ ប្រធានកម្មវិធី និងអគ្គនាយកនីមួយៗ ក្ដាប់ឱ្យជាប់ មានភាព ច្បាស់លាស់ និងប្រាកដប្រជាលើកិច្ចការអាទិភាពតាមវិស័យរបស់ខ្លួន ឈានទៅកំណត់នូវសមិទ្ធកម្ម គន្លឹះៗ របស់ខ្លួននៅក្នុងកម្មវិធី និងអនុកម្មវិធីនីមួយៗ ដើម្បីឈានទៅរៀបចំផែនការប្រតិបត្តិ (កម្រិតសកម្មភាពគន្លឹះ) ព្រមទាំងត្រៀមរបៀបចំប្រព័ន្ធជំរុញ និងតាមដានការអនុវត្តជាប្រចាំនូវ ផែនការយុទ្ធសាស្ត្រ និងផែនការប្រតិបត្តិប្រចាំឆ្នាំរបស់ខ្លួន។
ទី២៖ ការផ្តោតលើផលជះ និងការពង្រឹងស្ថាប័ន (Focus on Impact and Institutional Strengthening): នៅក្នុងការចាត់អាទិភាព តាមរយៈមុខងារស្នូល និងមុខងារគាំទ្រ (ដែលមានចែងក្នុង អនុក្រឹត្យថ្មីរបស់ក្រសួង) សូមថ្នាក់ដឹកនាំ និងក្រុមការងារទាំងអស់ សំឡឹងមើលកម្រិតយុទ្ធសាស្ត្រ ដែលជាលទ្ធផលរំពឹងទុកដែលជាផលជះ (impact) ដល់មហាជន និងសហគមន៍ (លើមុខងារស្នូល) និងផលជះដល់ការពង្រឹងអភិបាលកិច្ចល្អរបស់ស្ថាប័ន (លើមុខងារគាំទ្រ) កើតចេញពីការអនុវត្ត កម្មវិធីថវិការបស់យើង។
ទី៣៖ ការគិតជាប្រព័ន្ធ និងការពង្រឹងការផ្សារភ្ជាប់គ្នាទៅវិញមក (Think Systemically and Strengthen Vertical Linkages): សូមអង្គប្រជុំ និងកិច្ចពិភាក្សានៅតាមកម្មវិធីនីមួយៗ ត្រូវគិតគូរជាប្រព័ន្ធ និងផ្តោតអាទិភាព លើកិច្ចការ ដែលមានលក្ខណៈប្រព័ន្ធការងារ ពីថ្នាក់ជាតិ ដល់ថ្នាក់ក្រោមជាតិ និងការគាំទ្រគ្នា ទៅវិញទៅមក ដើម្បីរួមកម្លាំង និងដើម្បីពង្រីកវិសាលភាពឱ្យបានទូលំទូលាយ មានន័យថានៅ ថ្នាក់ជាតិ (ឬក្រសួង) ផ្តោតលើការដាក់ចេញនូវកម្រិតគោលនយោបាយ ការចេញនូវសេចក្តីណែនាំ ការពិនិត្យមើលការវិវត្តថ្មីៗ ការរៀបចំ និងពង្រឹងគ្រូបង្គោលថ្នាក់ជាតិ និងថ្នាក់ខេត្ត ក៏ដូចជាការរៀបចំកម្មវិធី និងគាំទ្រដល់មន្ទីរកិច្ចការនារី ដើម្បីពង្រឹង និងពង្រីកវិសាលភាពលទ្ធផលសមិទ្ធកម្ម នៅក្រោមជាតិ និងនៅតាមសហគមន៍ជាដើម។
ទី៤៖ KPIs ត្រូវពឹងផ្អែកលើលពីថវិកាជាតិ ដោយភ្ជាប់ជាមួយប្រភពផ្សេងទៀត (Strengthen our KPIs through Additional Resource Linkages) ថ្ងៃនេះ យើងនឹងពិភាក្សាលើរចនាសម្ព័ន្ធថវិកា ដែលភ្ជាប់ជាមួយនឹងថវិកាជាតិ ប៉ុន្តែកម្មវិធី និងសូចនាករគន្លឹះៗ (KPIs) របស់យើង ក្លាយជាកម្មវិធីដែលមានគុណភាពខ្ពស់ និងវិសាលភាព ទូលំទូលាយ យើងត្រូវការគិតគូរ កៀរគរ និងភ្ជាប់ជាមួយប្រភពធនធានផ្សេងៗទាំងដៃគូអភិវឌ្ឍន៍ និងវិស័យឯកជន ដើម្បីបង្កើនសមត្ថភាព និងលទ្ធភាពក្នុងការអនុវត្ត និងបង្កើនតម្លៃបន្ថែម (Value Added) លើថវិកាជាតិ។
ទី៥៖ ការពង្រឹងការផ្សព្វផ្សាយ និងការបង្ហាញសមិទ្ធផលដល់សាធារណៈជន (Communication and Public Visibility)៖ ការងារ និងសមិទ្ធផលការងាររបស់យើង ត្រូវភ្ជាប់ជាមួយប្រព័ន្ធផ្សព្វផ្សាយ ពង្រីកទំនាក់ ទំនងជាមួយសាធារណៈជន និងលើកកម្ពស់ការទទួលស្គាល់ពីមហាជនគ្រប់មជ្ឈដ្ឋាន។ Visibility គឺជាយុទ្ធសាស្ត្រដ៏សំខាន់មួយ ដែលជួយពង្រីកផលប៉ះពាល់នៃកម្មវិធី និងបង្កើន ការមើលឃើញតួនាទី និងគុណតម្លៃរបស់ក្រសួង ក្នុងការលើកកម្ពស់សមភាពយេនឌ័រ និងបង្កើន ភាពអង់អាចដល់ស្ត្រី និងក្មេងស្រី។
ទី៦៖ ការបង្កើតប្រព័ន្ធតាមដានសមិទ្ធកម្ម និងផលប៉ះពាល់ (Performance and Impact Monitoring System): លទ្ធផលកម្រិតសមិទ្ធកម្មរបស់យើងមានការលំបាក និងមិនទាន់បានរៀបចំជាលក្ខណៈ ប្រព័ន្ធនៅឡើយ ក្នុងការគ្រប់គ្រងលទ្ធផលការងារតាមសមិទ្ធកម្ម (Performance) និងកម្រិត ផលជះ (Impact)។
កិច្ចការបន្តរបស់យើង គឺត្រូវរៀបចំប្រព័ន្ធគ្រប់គ្រង និងតាមដានវឌ្ឍនភាព សូចនារសមិទ្ធកម្មគន្លឹះ តាមកម្មវិធីនិងវិស័យនីមួយៗ ឱ្យបានច្បាស់លាស់ និងឱ្យមានភាពប្រាកដ ប្រជា ដើម្បីធ្វើការប្រមូល និងរាយការណ៍ជាប្រចាំ។ យើងនឹងចាប់ផ្តើមការងារនេះ និងជំរុញតាមដាន វឌ្ឍនភាព តាមសូចនាករគន្លឹះៗ (KPIs) ជាប្រចាំ តាមការកំណត់ ក្នុងកិច្ចព្រមព្រៀង ទាំងបីកម្រិត ក្នុងកម្មវិធីថវិកា៖
កម្រិតទី១៖ រវាងក្រសួងកិច្ចការនារី និងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
កម្រិតទី ២៖ រវាងរដ្ឋមន្ត្រី ជាមួយអ្នកគ្រប់គ្រងកម្មវិធី
កម្រិតទី ៣៖ រវាងអ្នកគ្រប់គ្រងកម្មវិធី ជាមួយប្រធានអង្គភាពថវិកា៕



















