រដ្ឋមន្រ្តី ឈាង រ៉ា ណែនាំមន្ទីរពេទ្យទាំងអស់ ត្រូវពង្រឹងនៃការគ្រប់គ្រង និងអភិវឌ្ឍនូវបច្ចេកវិទ្យា ដើម្បីធានាបានថាការបម្រើសេវាសុខាភិបាលជូនប្រជាជន កាន់តែរលូន ប្រកបដោយគុណភាព និងសុវត្ថិភាព
18-02-2026 20:45
(ភ្នំពេញ)៖ លោកសាស្ដ្រាចារ្យ ឈាង រ៉ា រដ្ឋមន្ដ្រីក្រសួងសុខាភិបាល បានបន្ដណែនាំដល់ថ្នាក់ដឹកនាំនៅតាមមន្ទីរពេទ្យទាំងអស់ ត្រូវពង្រឹងបន្ថែមនៃការគ្រប់គ្រងឱ្យបានកាន់តែហ្មត់ចត់ និងបន្ដអភិវឌ្ឍនូវបច្ចេកវិទ្យាតាមរយៈរូបភាពផ្សេងៗរួមទាំងការរឹតចំណងជាមួយដៃគូសហការនានា ដើម្បីធានាបានថាការបម្រើសេវាសុខាភិបាលជូនប្រជាជនកាន់តែរលូន ប្រកបដោយគុណភាព និងសុវត្ថិភាព។
ការថ្លែងយ៉ាងដូច្នេះរបស់លោកសាស្ដ្រាចារ្យរដ្ឋមន្ដ្រី ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបើកសន្និបាតបូកសរុបការងារសុខាភិបាលឆ្នាំ២០២៥ និងលើកទិសដៅឆ្នាំ២០២៦ របស់មន្ទីរពេទ្យកុមារជាតិ នៅព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៦ នាមន្ទីរពេទ្យកុមារជាតិ។
លោកសាស្រ្តាចារ្យរដ្ឋមន្រ្តីបានថ្លែងបន្ដថា «យើងត្រូវដឹងភារកិច្ចចម្បងរបស់មន្ទីរពេទ្យ គឺការពារអ្នកជំងឺ ដោយប្រើប្រាស់គ្រប់មធ្យោបាយ និងធនធាន។ ពិសេសធ្វើយ៉ាងម៉េចអ្នកជំងឺមកសម្រាកពេទ្យមិនយូរ និងឥតចំណាយលុយច្រើន គាត់បានឆាប់ជាសះស្បើយត្រលប់ទៅគេហដ្ឋានវិញ ពិសេសកុមារ ដែលជាការវិនិយោគមួយដ៏ធំ ដែលទាមទារឱ្យពេទ្យរបស់ត្រូវតែមានគុណភាព និងសុវត្ថិភាព»។
ជាមួយគ្នានោះលោកសាស្ដ្រាចារ្យរដ្ឋមន្ដ្រីក៏បានផ្ដល់នូវទស្សនទានមួយចំនួន ដល់សមាជិក សមាជិកានៃអង្គសន្និបាតទាំងមូលនូវធាតុចូលយកទៅពិចារណា ក្នុងការរៀបចំនូវផែនការ និងទិសដៅសម្រាប់ការងារនៅក្នុងឆ្នាំ២០២៦ ជាអាទិ៍មាន៖
ការពង្រឹង និងពង្រីក ហេដ្ឋារចនាសម្ព័ន្ធ របស់មន្ទីរពេទ្យដោយកែលម្អអគារ និងបរិស្ថាន, លើកកម្ពស់ និងបណ្តុះបណ្តាលសមត្ថភាពបន្ថែមទៀតដល់ក្រុមគ្រូពេទ្យ សមស្របទៅតាមកម្រិតស្តង់ដារជាតិ និងអន្តរជាតិ, ត្រូវបន្តពង្រឹងសមត្ថភាពវិជ្ជាជីវៈវេជ្ជសាស្រ្តបន្ថែមគ្រប់កម្រិត និងគ្រប់ជំនាញឯកទេស ជំនាញថ្មីៗ និងបន្តខិតខំពង្រឹងក្រមសីលធម៌វិជ្ជាជីវៈ ដើម្បីធានាបានការបម្រើសេវាជូនប្រជាជន និងកុមារប្រកបដោយគុណភាព និងសុវត្ថិភាព។
លើសពីនោះត្រូវគ្រប់អ័ក្សត្រូវតែច្បាស់លាស់ ស្របតាមបទបែបជាតិ និងអន្តរជាតិ ដែលជាការចងចាំគ្រប់ជំហានបច្ចេកទេសព្យាបាល, ត្រូវមានសាមគ្គីភាព វិន័យក្នុងពេលបំពេញការងារ និងប្រចាំការ, ពង្រឹងការលើកកម្ពស់គុណភាព សុវត្ថិភាព និងការទំនាក់ទំនងឱ្យបានល្អ, ពង្រឹងលើការបដិសណ្ឋារកិច្ច ក្នុងការផ្តល់សេវាថែទាំដល់អ្នកជំងឺ, ពង្រឹងប្រព័ន្ធព័ត៌មាន និងវាយតម្លៃឱ្យបានជាប្រចាំក្នុងមន្ទីរពេទ្យ និងមន្ទីរពេទ្យត្រូវបន្តប្រើប្រាស់ប្រព័ន្ធប្រមូលទិន្នន័យ ជាពិសេសទាក់ទងនឹងព័ត៌មានត្រឡប់របស់អ្នកជំងឺ និងទិន្នន័យសម្រាប់ធ្វើការតាមដាន និងវាយតម្លៃគុណភាពសេវារបស់មន្ទីរពេទ្យ។
ជាងនេះទៅទៀតលោកសាស្រ្តាចារ្យរដ្ឋមន្រ្តី បានផ្តល់ជាគោលការណ៍ និងយុទ្ធសាស្រ្តគន្លឹះ ដល់ថ្នាក់ដឹកនាំមន្ទីរពេទ្យទាំងអស់ យកទៅអនុវត្ត ប្រកបដោយប្រសិទ្ធភាព ដោយត្រូវផ្តោតលើចំណុចសំខាន់ៗ៖
* ការគ្រប់គ្រងមន្ទីរពេទ្យ ដោយត្រូវពង្រឹងស្វ័យភាពរបស់មន្ទីរពេទ្យនៅក្នុងការគ្រប់គ្រង, គ្រប់ថ្នាក់ដឹកនាំត្រូវមានជំនាញដឹកនាំ ក្នុងការគ្រប់គ្រងរបស់ខ្លួន និងត្រូវពិនិត្យគ្រប់លំហូរបស់អ្នកជំងឺធ្វើឱ្យរលូន និងតាមដាន។
* ប្រសិទ្ធភាពចរន្តនៃការបញ្ជូនជំងឺ ឱ្យបានរលូន៖ ត្រូវរៀបចំប្រព័ន្ធបែងចែកឱ្យបានច្បាស់លាស់ជាពិសេសផ្នែកសង្រ្គោះបន្ទាន់ និងត្រូវបង្កើតផ្លូវអាទិភាព នៅកន្លែងផ្នែកចាំបាច់មួយចំនួន។
* ត្រូវពង្រឹងប្រព័ន្ធឌីជីថល ដើម្បីឱ្យមានប្រព័ន្ធគ្រប់គ្រងព័ត៌មានច្បាស់លាស់ ទំរង់នៃការណាត់ជួប ក្នុងការពិនិត្យថែទាំព្យាបាល និងTelemedicine ដល់មន្ទីរពេទ្យបង្អែកខេត្ត ស្រុក រហូតដល់មណ្ឌលសុខភាព។
* អ្នកដឹកនាំ ត្រូវដឹង និងកំណត់សកម្មភាពឱ្យបានច្បាស់លាស់ ហើយវាយតម្លៃការអនុវត្តរបស់ខ្លួនឱ្យបានច្បាស់លាស់ ដែលចាត់ទុក «គុណភាពជាការវិនិយោគ ហើយគុណភាព ត្រូវតែមានសុវត្ថិភាព»។
* ធនធានមនុស្ស និងសម្ភារ៖ ត្រូវពិនិត្យនិងរៀបចំផែនការឆ្នាំឱ្យបានច្បាស់លាស់ និងការវិនិយោគ។ ចំពោះធនធានមនុស្ស ត្រូវបន្ថែមការបណ្តុះបណ្តាលបន្ត ទាំងទ្រីស្តី និងការអនុវត្ត ហើយត្រូវបង្កើនការស្រាវជ្រាវ ដើម្បីងាយស្រួលក្នុងការ ដឹងស្ថានភាព វាយតម្លៃ និងទ្រទ្រង់សភាពការណ៍បានទាន់ពេលវេលា។
* នវានុវត្តន៍ ត្រូវតែមានជាមួយនឹងសមធម៌។
ជាមួយគ្នានេះលោកសាស្រ្តាចារ្យរដ្ឋមន្រ្តី បានសង្កត់ធ្ងន់ថា មន្ទីរពេទ្យទាំងអស់ត្រូវយកចិត្តទុកដាក់ ផ្នែកបច្ចេកទេស ការបណ្តុះបណ្តាលទាំងការថែទាំ និងព្យាបាល ជាពិសេសផ្នែកសង្រ្គោះបន្ទាន់ ឱ្យបានលឿន បណ្តុះបណ្តាល និងការចល័តធនធានមនុស្សឱ្យបានលឿន និងសម្ភាររិក្ខារពេទ្យ ព្រមទាំងការធ្វើលំហាត់សមយុទ្ធ ដើម្បីត្រៀមលក្ខណៈគ្រប់ពេលវេលា ក្នុងការឆ្លើយតបគ្រោះអាសន្ននានា ជាពិសេសការងារព្រំដែន។ លោកបានផ្តាំផ្ញើថា មន្ទីរពេទ្យទាំងអស់ ផ្តោតសំខាន់ ១) ការដឹកនាំ ២) ការបណ្តុះបណ្តាល ៣) គុណភាពព្យាបាល និងការជួយសង្រ្គោះ ៤) ត្រូវតែមានសមធម៌ ដូចជាពាក្យ «មន្ទីរពេទ្យដែលខ្លាំង មានគុណភាព នឹងធ្វើឱ្យសុខភាពប្រជាពលរដ្ឋមានភាពប្រសើរឡើងទាំងថ្ងៃនេះ និងថ្ងៃស្អែក»។
សូមជម្រាបថា មន្ទីរពេទ្យកុមារជាតិ បានរៀបចំសន្និបាតប្រចាំឆ្នាំរបស់ខ្លួន មានរយៈពេល១១លើករួចមកហើយ ចាប់តាំងពីឆ្នាំ២០១៤មក ហើយនេះជាលើកទី១២ ដែលមន្ទីរពេទ្យបានរៀបចំសន្និបាតនេះឡើង។ គោលបំណងដែលយើងរៀបចំ
សន្និបាតនេះឡើងដើម្បីពិនិត្យឡើងវិញនូវសមិទ្ធផលការងារសុខាភិបាលទទួលបាននៅឆ្នាំកន្លងមក, ពិនិត្យប្រៀបធៀបនូវវឌ្ឍនភាពនៃសមិទ្ធផលការងារឆ្នាំមុនៗ, ពិនិត្យមើល និងកំណត់រកនូវរាល់ចំណុចខ្លាំងនាំឱ្យសម្រេចបាន
ជោគជ័យ, ពិនិត្យមើល និងកំណត់រកនូវរាល់ចំណុចខ្វះខាតធ្វើឱ្យមិនសម្រេចផែនការ, ពិចារណា ពិភាក្សាស្វែងរកវិធីសាស្ត្រ សម្រាប់អភិវឌ្ឍមន្ទីរពេទ្យកុមារជាតិ និងរៀបចំផែនការឆ្នាំខាងមុខ ផ្តោតលើតម្រូវការធនធាន និងបច្ចេកទេស។ នេះបើតាមការបញ្ជាក់របស់លោកវេជ្ជបណ្ឌិត ញឹប អង្គាបុស្ស នាយកមន្ទីរពេទ្យកុមារជាតិ៕



























